លោកឃឹមហ្វីណង់ផ្តួចផ្តើមបង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី

24-01-2020 11:43 am 176

អភិបាលស្រុកវ័យក្មេងប្រចាំខេត្តសៀមរាប គឺលោកឃឹម ហ្វីណង់ បានផ្ដួចផ្ដើមបង្កើតគម្រោងស្តង់ដារសាលាគំរូមួយថ្មីសម្រាប់ស្រុកបន្ទាយស្រី ខណៈយុទ្ធនាការ”ផ្ទះ១ អំពូល១”នៅភូមិព្រះដាក់ នៃស្រុកបន្ទាយស្រីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ជាពិសេសពលរដ្ឋនៅភូមិព្រះដាក់។

លោកឃឹម ហ្វីណង់ បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុវាយោ នៅថ្ងៃទី២៤ ខែមករានេះ ថា នៅស្រុកបន្ទាយស្រីបច្ចុប្បន្ននេះមានសាលាចំនួន៣៦ ហើយរូបលោកនឹងជ្រើសរើសយកសាលាមួយ ដើម្បីរៀបចំជាស្តង់​ដារ​សាលាគំរូ។ លោកហ្វីណង់ បានឲ្យដឹង ថា ការរៀបចំស្តង់ដារសាលាគំរូនេះ គឺត្រូវមានគម្រោងផែនការច្រើន។ ប៉ុន្តែអ្វីដែលចាំបាច់ជាដំបូងនោះ គឺត្រូវមានថ្នាក់រៀនសមរម្យ, កន្លែងសិក្សាត្រូវមានបរិយាកាសល្អ, គ្រូបង្រៀនត្រូវបំពេញតួនាទីភារកិច្ចឲ្យបានល្អ, សាលារៀនត្រូវមានវិន័យ, និងត្រូវមានបច្ចេកវិទ្យាប្រើប្រាស់ជាដើម។

ជាមួយគ្នានេះ លោកអភិបាលស្រុកវ័យក្មេងរូបនេះ មានក្តីរំពឹងថា នៅពេលគម្រោងស្តង់ដារសាលាគំរូនេះ ដំណើរការបានល្អហើយនោះគឺអាចធ្វើសិស្សានុសិស្ស នៅស្រុកបន្ទាយស្រីទទួលបានសាលារៀនមួយដ៏ល្អ ហើយក៏អាចជាទីកន្លែងដែលសិស្សានុសិស្ស រៀបចំគម្រោងជីវិតរបស់ពួកគេទៅថ្ងៃអនាគតផងដែរ។

សូមជម្រាប ថា ដើម្បីអាចចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើម នៃការបង្កើតសាលាគំរូមួយប្រចាំស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោកឃឹម ហ្វីណង់ បានរៀបចំអោយមានការប្រជុំលើកដំបូង ដោយមានការចូលរួមពី៤ភាគី។ ក្នុងនោះរួមមាន៖ រដ្ឋបាលស្រុក គណៈគ្រប់គ្រងសាលា អ្នកជំនាញបច្ចេកទេសអប់រំ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណងប្រមូលពត៌មានបឋមពីស្ថានភាពបច្ចុប្បន្នរបស់សាលា សិស្ស និងលោកគ្រូអ្នកគ្រូ ក៏ដូចជាធ្វើការកំណត់និយមន័យ វិសាលភាព គោលបំណង ទិសដៅ និងសូចនាករសំខាន់ៗនៃចក្ខុវិស័យសាលាគំរូផងដែរ។

លោកឃឹម ហ្វីណង់ បានលើកឡើង ថា ពត៌មានទាំងនេះនឹងក្លាយទៅជាធាតុចូលដ៏សំខាន់ ក្នុងការត្រួសត្រាយផ្លូវនិងរៀបចំផែនការយុទ្ធសាស្ត្រផ្លូវការដ៏រឹងមាំមួយ ដើម្បីសម្រេចបានចក្ខុវិស័យនេះ៕ 

ព័ត៌មានផ្សេងទៀត