នគរបាលជាតិ​​​ដាក់​​ផែនការ​៦​ចំណុច​​រក្សា​សន្ដិសុខ​​សណ្ដាប់ធ្នាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិន​​

24-01-2020 10:37 am 126

​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់ចេញ​ផែនការ​ចំនួន ៦​ចំណុច​សំខាន់ៗ ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​សង្គម បាន​ល្អប្រសើរ​ជូន​ពលរដ្ឋ  ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់ ប្រជាជន​ចិន វៀតណាម និង​កូរ៉េ​។ ​ផែន​ទាំង ៦​ចំណុច​សំខាន់ៗ ដែល​​ដាក់ចេញ​ដោយ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នោះ​រួមមាន​៖

​ទី​១. យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ក្ដាប់​ឲ្យបាន​នូវ​សកម្មភាព​បង្កអ​សន្តិសុខ ឬ​ការ​ញុះញង់​នានា​ធ្វើឲ្យ​សង្គមមាន​ចលាចល​។​

​ទី​២. ចាត់វិធានការ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ទី​អា​រ៉ា​ម ព្រះវិហារ​ចិន វៀតណាម កូរ៉េ ក៏ដូចជា​ទីសក្ការៈ និង​រមណីយដ្ឋាន​មួយចំនួន ដែល​មានការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ដោយ​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​មិន​ឲ្យមាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជាពិសេស​សកម្មភាព​បង្ក​ការអុកឡុក ដោយ​ក្មេង​ទំនើ​ង និង​ត្រូវ​រៀបចំ​ឲ្យមាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​។​

​ទី​៣. យកចិត្តទុកដាក់​រៀប​ចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ បង្ការ​ភាព​កកស្ទះ និង​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្តន៍ ច្បាប់​ចរាចរណ៍​ផ្លូវគោក សម្ដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​បងប្អូន ឬ​ទៅ​កម្សាន្ដ​តាម​តំបន់​រមណីយដ្ឋាន​នានា ប្រព្រឹត្ត​ទៅដោយ​ក្តីសប្បាយរីករា​យ និង​សុវត្ថិភាព​។​

​ទី​៤. ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រំលឹក​ដាស់តឿន​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​ទៀនធូប នៅពេល​សែនព្រេន​ភ្លើងចង្ក្រាន ចរន្ត​អគ្គិសនី គ្រឿង​ឆេះ ព្រមទាំង​ហាមឃាត់​មិនឲ្យ​ដុត​ផាវ កាំ​ជ្រួច ឬ​បង្ក​សម្លេង​ផ្ទុះ​ផ្សេងៗ​។​ជាមួយគ្នា​នោះ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

​ទី​៥.​ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ហា​គ្រប់​ថ្នាក់ និង​ការងារ​ផ្តល់ព័ត៌មាន ឲ្យបាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​សភាពការណ៍ ដែល​កើតមានឡើង​ជាយថាហេតុ ឲ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​ទី​៦. ត្រូវ​បូកសរុប​សភាពការណ៍ និង​លទ្ធផល នៃ​ការអនុវត្តន៍​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​របស់​ប្រជាជន​ចិន វៀតណាម និង​កូរ៉េ ផ្ញើមក​សេនាធិការដ្ឋាន នៅ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២០​ជា​កំណត់​៕

ព័ត៌មានផ្សេងទៀត