បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​កំពុង​ផ្ទុះ​ការរីក​រាលដាល​

24-01-2020 9:18 am 491
  ស្តាប់
ស្តាប់ជាសំឡេង

​ដោយ​ឃើញ​ពី​ការរីក​រាល​ដាន យ៉ាង​លឿន នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បង្ក​ដោយ​វីរុស ណូវែល កូរ៉ូណា អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តី​ពី​បច្ចុប្បន្នភាព​ជំងឺ​នេះ ដើម្បី​បង្ហាញ​ពី​តួលេខ​នៃ​ការកើនឡើង និង​វិធានការ​ទប់ស្កាត់​។ ចង់ដឹង​ពី​ស្ថានភាព​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ មាន​ការវិវត្តន៍​យ៉ាងណាខ្លះ​នោះ​? សូម​ស្តាប់​បទ​អន្តរាគមន៍​ពី​សៅ វិសាល​

​សូរិយា​៖ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ បាន​រៀបចំ​សន្និសីទ​ស្តី​ពី​វឌ្ឍនភា​ព​របស់​ក្រសួង​សុខាភិបាល និង​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ តើ​ក្នុង​សន្និសីទ​នេះ អ្វី​ទៅ​ជា​ការចាប់អារម្មណ៍រ​បស់​វិសាល ដែល​គិតថា វា​មាន​សារៈសំខាន់​ក្នុង​ផ្សព្វផ្សាយ​បន្ត​ទៅកាន់​ប្រជាពលរដ្ឋ​នោះ​ចា​ស​?

​វិសាល​៖ បាទ​អរគុណ​សូរិយា ឃើញថា​ក្នុង​សន្និសីទ​នេះ អ្វី​ដែល​ជា​ការចាប់​របស់​ខ្ញុំ​នោះគឺ ការបញ្ជាក់​ពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក​ឱ វណ្ណឌី​ន ដែល​បាន​លើកឡើង​ពី​ស្ថានភាព​នៃ​ការផ្ទុះ​រីក​រាលដាល នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បង្ក​ដោយ​វីរុស ណូវែល កូរ៉ូណា ជា​ជំងឺ​ថ្មី​ម្យ៉ាង ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​រក​វិធានការ​ទប់ស្កាត់ និង​ព្យាបាល​នោះ​បាទ​។​

​សូរិយា​៖ តើ​វិសាល​អាច​បញ្ជាក់​បានទេ​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ស្ថានភាព​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ មានការ​វិវត្តន៍​យ៉ាងដូចម្តេច​ដែរ​?

​វិសាល​៖ តាមរយៈ​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា បច្ចុប្បន្ន​សន្ទុះ​នៃ​ការរីក​រាលដាល​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ មាន​សន្ទុះ​រៀង​លឿន​បន្តិច​។ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​អង្គ​សុខភា​ពពិភពលោក បានបញ្ជាក់​ស្ថានភាព​ជំងឺ​នេះ នៅ​មិនទាន់​ស្ថិតក្នុង​ភាព​ប្រកាសអាសន្ន​នៅឡើយ​ទេ​។ លោកស្រី បានឲ្យដឹង​ទៀត​ដែរ​ថា ជាមួយគ្នានេះ អង្គការ​សុខភាព​ពិភពលោក បាន​សម្រេច​ក្នុង​ការសិក្សា​ស្រាវជ្រាវ ឲ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​វាយតម្លៃ​ពី​ភាព​ធ្ងន់ធ្ងរ នៃ​ការចម្លង​នូវ​ជំងឺ​នេះ ហើយ​ក៏​ដូចជា​វាយតម្លៃ​នីតិវិធី​សម្រាប់​ណែនាំ​ទៅ​ដល់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ ក៏​មាន​ការបង្ហាញ​តួលេខ​នៃ​ករណី​ឈឺ​សរុប​នៅក្នុង​ប្រទេស​ចិន​ផងដែរ គិត​ត្រឹម​ថ្ងៃទី​២៣ ខែ​មករា​នេះ មាន​ចំនួន​៥៧១​ករណី ក្នុង​នោះ​ស្លាប់​១៧​ករណី ដោយសារ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

យ៉ាងណាមិញ លោកស្រី ឱ វណ្ណឌី​ន បានបញ្ជាក់​ថា ចំពោះ​ករណី​ស្លាប់​ទាំង​១៧​ករណីនេះ តាម​ការសិក្សា​ស្រាវជ្រាវ និង​ការពិនិត្យ​វាយ​តម្លៃ​របស់​ក្រុម​គ្រូពេទ្យ គឺ​អ្នកជំងឺ​មិនមែន​ស្លាប់ ដោយសារតែ​ការ​កើត​នូវ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ តែមួយ​មុខ​នោះទេ តែ​ពួកគេ​ទាំងនោះ មាន​ជំងឺ​២​ឬ​៣​មុខ​ផ្សេងទៀត ដែល​ជា​ជំងឺ​ប្រចាំកាយ​រួចទៅហើយ ទើប​ធ្វើឲ្យ​មាន​ការវិវត្តន៍​ធ្ងន់ធ្ងរ បណ្តាលឲ្យ​ស្លាប់​។ ទន្ទឹមនឹងនោះ ក្នុងចំណោម​៥៧១​ករណី គឺមាន​៩៥​ករណី​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​ក្រុម​គ្រូពេទ្យ​កំពុង​ព្យាយាម​ពិនិត្យ​ព្យាបាល​ពួកគេ​ទាំងនោះ​យ៉ាង​យកចិត្តទុកដាក់​។​

​ដោយ​យោង​ទៅតាម របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី ឱ វណ្ណឌី​ន បានឲ្យដឹងថា ក្រៅពី​ប្រទេស​ចិន ក៏​មាន​ប្រទេស​មួយចំនួន​ទៀត បាន​កើតមាន​នូវ​ជំងឺ​ប្រភេទ​ថ្មី​នេះ​ផង​ដែរ ដូចជា​ប្រទេស​ថៃ​៤​ករណី ជប៉ុន​១​ករណី កូរ៉េខាងត្បូង​១​ករណី និង​អាមេរិក​១​ករណី​។ ជា​ការកត់សម្គាល់​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១៧​នាក់ និង​ករណី​នៅ​ប្រទេស​ផ្សេងៗ​នេះ គឺ​សុទ្ធសឹងតែ​ជា​អ្នក​ដែល​ធ្លាប់​ធ្វើដំណើរ ទៅ​កាន់​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ទាំងអស់ មិន​មែន​នៅ​សុខៗ​កើតឡើង​នៅ​ជំងឺ​នេះ​នោះ​ទេ​។​

​ជាមួយគ្នានេះដែរ លោកស្រី​ឱ វណ្ណឌី​ន បាន​បង្ហាញ​ពី​ការកត់សម្គាល់ ដែល​ជា​ការរកឃើញ​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រុមគ្រូពេទ្យ​ចិន បានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​ដែល​នៅ​ជិតស្និត​នឹង​អ្នកជំងឺ មាន​ហា​នី​ភ័យ​ខ្ពស់​ក្នុង​ការឆ្លង ហើយ​បើ​តាម​របាយការណ៍​គឺ​មាន​គ្រូពេទ្យ​ចំនួន​១៥​នាក់ បាន​ឆ្លង​នូវ​ជំងឺ​នេះ​។ ជារួម​ឃើញថា ក្រោយ​ពី​ការពិនិត្យ​ឃើញ​ដូច្នេះ ក្រុមគ្រូពេទ្យ និង​អង្គការ​សុខភាព​ពិភពលោក បាន​កំណត់​ថា ជំងឺរ​លា​កសួត បង្ក​ដោយ​វីរុស ណូវែល កូរ៉ូណា​នេះ ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​មាន​កម្រិត​នៅឡើយ​ទេ​។​

​សូរិយា​៖ ដោយឡែក មាន​ការបញ្ជាក់​យ៉ាងណា​ដែរ​ទេ ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ចា​ស​?

​វិសាល​៖ បើ​តាម​ការអះអាង​ពី​លោកស្រី ឱ វណ្ណឌី​ន បានឲ្យដឹងថា រហូតមកដល់​ពេលនេះ ពុំ​ទាន់​កើត​មាន​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា នៅឡើយ​ទេ បើ​ទោះបី​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ចិន ស្របពេល​ដែល​កម្ពុជា បាន​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​មួយ​ចំនួន​ផងដែរ​។​

​សូរិយា​៖ វិសាល​អាច​បញ្ជាក់​ពី​វិធានការ​ទាំងនោះ​បាន​ទេ​?

​វិសាល​៖ បាទ​សូរិយា សម្រាប់​ដាក់​ចេញ​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ​ជំងឺ​រលាក​សួត​ខាងលើនេះ មានដូចជា​៖

-​គួរ​ចៀសវាង​ការចូល​ទៅ​កន្លែង​ចិញ្ចឹមសត្វ​បើ​គ្មាន​ភារកិច្ច ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅ​តាម​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទីផ្សា​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ និង​ប្រឡាក់​ទៅ​ដោយ​លាមក​សត្វ ប​សុ​បក្សី ឬ​សត្វ​ដទៃទៀត​

-​ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធិ ឬ​ទៅ​កាន់​ទីផ្សា​រលក់​គ្រឿង​សមុទ្រ​ហូ​ណាន ឬ​ទីផ្សារ កសិដ្ឋាន​ដែល​មាន​សត្វ​រស់ សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹងថា មាន​វីរុស​កំពុងតែ​ចរាចរ​

-​ត្រូវ​លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត បន្ទាប់​ពី​ការប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេងៗ​ដែល​អាច​ជា​ប្រភព​ចម្លង​រោគ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ និង​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព​ល្អ ហើយ​ត្រូវ​ចងចាំ​ថា លោក​អ្នក​មិន​អាច​ឆ្លង​វីរុស​ផ្តាសាយ​បក្សី ឬ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ បើ​លោក​អ្នក​កាន់ ឬ​បរិភោគ​ប​សុ​បក្សី ស៊ុត ឬ​ម្ហូបអាហារ ដែល​ចម្អិន​បាន​ល្អ​ត្រឹមត្រូវ​

-​ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធិ​ជាមួយ​អ្នក​មាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ ហើយ​អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក ឬ​កណ្តាស ដោយ​ប្រើ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​។​

បើ​យោង​តាម​នាយកដ្ឋាន​មន្ទីរពេទ្យ បានបញ្ជាក់​ថា​រោគសញ្ញា​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ណូវែល កូរ៉ូណា​វីរុស​នេះ គឺ​កំដៅ​ក្នុង​ខ្លួន​យ៉ាងហោចណាស់ ៣៨​អង្សា​សេ និង​មាន​សញ្ញា​មួយ ក្នុងចំណោម​សញ្ញា​ដូចជា​៖​ក្អក ហៀរ​សំបោរ ឈឺ​បំពង់ក ពិបាក​ដកដង្ហើម​។​មួយវិញទៀត​ចំពោះ​អ្នក​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ មកពី​ប្រទេស​ចិន បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ជាមួយ​សត្វ​ឈឺ ក្នុងអំឡុងពេល ១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា និង​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ មិន​ដឹង​អំពី​អត្តសញ្ញាណ មេរោគ និង​ប្រភព​ច្បាស់លាស់​។​នាយកដ្ឋាន​ខាងលើ​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​មាន​រោគសញ្ញា​ដូច​ខាងលើ​នេះ អាច​រាយការណ៍​ជា​បន្ទាន់​ទៅ​ប្រព័ន្ធ​ទំនាក់ទំនង​ទាន់​ហេតុការណ៍​ក្រសួង​សុខាភិបាល​១១៥ ដើម្បី​ស្វែងរក​ជំនួយ​ពី​មន្ត្រី​សុខាភិបាល ។​

​សូរិយា​៖ ចាស​អរគុណ​វិសាល ដែល​បាន​ចូល​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បង្ក​ដោយ​វីរុស ណូវែល កូរ៉ូណា​។ ជម្រាបលា​វិសាល ចា​ស​!

ព័ត៌មានផ្សេងទៀត