ចិន​៖​​ជំងឺ​​រលាក​​សួត​ថ្មី​​សម្លាប់​មនុស្ស​​២៥​នាក់​​និង​ឆ្លង​កើន​ដល់​​ជាង​៨០០​នាក់​

24-01-2020 8:16 am 345

​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​បានបញ្ជាក់​នៅ​ថ្ងៃទី​២៤​មករា​នេះ​ថា ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បាន​ឆ្លង​ដល់​មនុស្ស​ចំនួន​៨៣០​នាក់​ហើយ និង​មនុស្ស​ស្លាប់​កើនឡើង​ដល់​២៥​នាក់ គិត​ត្រឹម​ថ្ងៃទី​២៣​ខែ​មករា​។ គណៈកម្មាធិការ​បន្ថែម​ថា​អាជ្ញាធរ​កំពុង​ពិនិត្យ​មនុស្ស​១,០៧២​នាក់​បន្ថែមទៀត ដែល​សង្ស័យថា​បាន​ឆ្លង​ជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូ​ណានេះ​។ 

​វីរុស​ដែល​ចាប់ផ្ដើម​ផ្ទុះឡើង​ដំបូង​ក្នុង​ទីក្រុង​វូ​ហាន​នៃ​ខេត្ដ​ហ៊ួ​ប៉ី​ប្រទេស​ចិន បាន​រីក​រាលដាល​ទៅកាន់​ទីក្រុង​ធំៗ​ផ្សេងទៀត​របស់​ចិន ក្នុងនោះ​មាន​ទីក្រុង​ប៉េកាំង ទីក្រុង​សៀង​ហៃ និង​ទីក្រុង​ហុងកុង​។ ចំណែក​នៅក្នុង​ប្រទេ​សសិង្ហបុរី ជប៉ុន ថៃ កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម និង​អាមេរិក ក៏​មានការ​បញ្ជាក់ថា​មាន​មនុស្ស​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​ដែរ​។​

​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ប្រកាសអាសន្ន​ចំពោះ​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស​ចិន តែ​ភ្លាមៗ​បាន​បិទ​ការប្រកាស​ពី​ការព្រួយបារម្ភ​ជា​អន្ដរជាតិ​។ អង្គការ​សុខភាព​ពិភពលោក​ក៏បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់ និង​ទទូច​ឲ្យ​មន្ដ្រី​ទទួលបន្ទុក​ការងារ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការយកចិត្ដទុកដាក់​តាមដាន​បន្ថែម ហើយក៏​សុំ​កិច្ចសហការ​ពី​បណ្ដា​ប្រទេស​ដែលមាន​ផ្ទុះ​ជំងឺ​រលាក​សួត​ថ្មី ពិសេស​គឺ​ប្រទេស​ចិន​តែម្ដង​ជា​ប្រភព​នៃ​ជំងឺ​នេះ​។ ការជំរុញឲ្យ​បង្កើនការ​ឃ្លាំមើល​និង​សុំ​កិច្ចសហការ ដើម្បី​រួមគ្នា​រក​វិធីសាស្ដ្រ​ទប់ស្កាត់​ការឆ្លង​រាលដាល​។​

​ជា​វិធានការ​ទប់ស្កាត់​កុំឲ្យ​ផ្ទុះឡើង​កាន់តែខ្លាំង រដ្ឋាភិបាល​ទីក្រុង​វូ​ហាន​ដែលមាន​ប្រជាជន​១១​លាន​នាក់ បាន​ផ្អាក​បណ្ដោះអាសន្ន​ទាំងអស់ រាល់​ប្រតិ​ប​ត្ដិ​ការដឹកជញ្ជូន​អ្នកដំណើរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងនោះ​មាន​ជើងហោះហើរ ខ្សែ​រថភ្លើង​ជាដើម ហើយក៏​ហាម​មិនឲ្យ​ប្រជាជន​ចេញពី​ក្រុងដែរ​រហូតមាន​ការជូនដំ​ណឹង​ជាថ្មី​។ ប៉ុន្មាន​ម៉ោង​ក្រោយមក​ទីក្រុង​ហ័ង​ហ្គាង​ដែល​នៅក្បែ​រខាង ក៏​ប្រកាស​ពី​វិធានការ​ស្រដៀង​គ្នា​។​

​សូមបញ្ជាក់​ឡើងវិញ​ថា ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​វីរុស​កូរ៉ូ​ណាគិ​តត្រឹម​ពេលនេះ​ឆ្លងនៅ​ចិន​៨៣០​នាក់ ស្លាប់​២៥​នាក់ នៅ​ថៃ​ឆ្លង​៤​នាក់ ហុងកុង​២​នាក់ ជប៉ុន​២​នាក់ ម៉ា​កាវ​២​នាក់ កូរ៉េខាងត្បូង​២​នាក់ វៀតណាម​២​នាក់ សិង្ហ​បុរី​ម្នាក់ តៃវ៉ាន់​ម្នាក់ និង​អាមេរិក​ម្នាក់​។ ដំបូង​ឡើយ​អាជ្ញាធរ​ថា​ប្រភព​ហាង​លក់​គ្រឿង​សមុទ្រ​និង​សាច់​សត្វព្រៃ​នៅក្នុង​ទីក្រុង​វូ​ហាន​ជា​ប្រភព​ចម្លងជំងឺ​នេះ ក្រោយមក​អាជ្ញាធរ​សុខាភិបាល​បានបញ្ជាក់​បន្ថែមថា កន្លែង​ទាំងនោះ​មិនមែនជា​ប្រភព​ចម្លង​ដ៏​សំខាន់​នោះទេ  ព្រោះតែ​ជំងឺ​នេះ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​បានដែរ​។ 

​ជំងឺ​រលាក​សួត​ថ្មី​បង្កដោយ​វីរុស​កូរ៉ូណា​ចាត់ទុក​ក្នុង​សែស្រឡាយ​នៃ​ជំងឺ​សារ​(SARS) ដែល​ធ្លាប់បាន​ផ្ទុះឡើង​យ៉ាង​កក្រើក​កាល​អំឡុង​ឆ្នាំ​២០០២-២០០៣​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ប្រទេស​ចិន​។ រោគសញ្ញា​នៃ​ជំងឺ​នេះ​មានដូចជា កម្ដៅ​ក្នុង​ខ្លួន​យ៉ាងហោចណាស់​៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺ​បំពង់ក ពិបាក​ដកដង្ហើម​៕

 ពាក្យគន្លឹះ  ចិនជំងឺរលាកសួតថ្មី

ព័ត៌មានផ្សេងទៀត