ធ្លាក់​យន្តហោះ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​សម្លាប់​ជនជាតិ​អាមេរិក​៣​នាក់​

23-01-2020 3:00 pm 540

​អាជ្ញាធរ​អាមេរិក​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ថា​អ្នក​ពន្លត់​អគ្គិភ័យ​ជនជាតិ​អាមេរិក​៣​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​មួយ​គ្រឿង​ម៉ាក Hercules C-130 នៅ​រដ្ឋ​ញូ​វសា​វវែល​។ រិឯ​មូលហេតុ​នៃ​ការធ្លាក់ពុំ​ទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​អភិ​រដ្ឋ​ញូ​វសា​វវែល​លោកស្រី​Gladys Berejiklian បានឲ្យដឹងថា “​យន្តហោះ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​១​គ្រឿង ដែល​មាន​ជនជាតិ​អាមេរិក​នៅក្នុង​នោះ បាន​ធ្លាក់​នៅ​ជួរ​ភ្នំ “Snowy”  ស្ថិត​នៅ​ភាគ​ខាងត្បូង​រដ្ឋ​Canberra​។ ស្រប​ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំង​៣​នាក់ ដែល​បាន​លះបង់​ជីវិត ដើម្បី​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​សម្រាប់​ប្រវត្តិសាស្ត្រ​អូស្ត្រាលី​។​

​មន្ត្រីនគរបាល​ទទួល​បន្ទុក​ផ្នែក​អគ្គិភ័យ​ក្នុង​រដ្ឋ​ញូ​រ​សាវវែ​ល​លោក​Shane Fitzsimmons បាន​អះអាង​ថា “​កត្តា​ដែល​បណ្ដាលឲ្យ​យន្តហោះ​នេះ​ធ្លាក់ អាច​ដោយសារ​តែ​យន្តហោះ​បាន​ប៉ះទង្គិច​ជាមួយនឹង​ដុំ​ភ្លើង​ធំ​មួយ ទើប​បណ្ដាលឲ្យ​យន្តហោះ​ត្រូវ​ធ្លាក់​មក​ដី​តែម្ដង​”​។​

​សូមបញ្ជាក់​ថា យន្តហោះ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដែល​ធ្លាក់​នេះ បាន​ចេញ​បេ​សកកម្ម ខណៈ​មាន​ករណី​ឆាបឆេះ​ចំនួន ៨០​ទីតាំង​ក្នុង​ព្រៃ​នៃ​រដ្ឋ​ញូ​វសា​វវែល​។ ម្យ៉ាង​ការចេញ​ប្រតិបត្តិការ​នេះ​ទៀតសោត ស្ថិតនៅ​ក្នុង​ស្ថានភាព​អាកាសធាតុ​ក្ដៅ​ខ្លាំង គួប​ផ្សំ​ជាមួយនឹង​ខ្យល់​បក​ដ៏​ខ្លាំង​នៅក្នុង​តំបន់​រងគ្រោះ​ដែល​ជា​ហានិភ័យ​ខ្ពស់​បំផុត​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ​។​

​គួរ​រម្លឹក​ឡើងវិញ​ថា ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​ចាប់ផ្ដើម​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៩ មកទល់​នឹង​ពេលនេះ បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ ២៩​នាក់​ហើយ និង​បាន​បំផ្លាញ​លំនៅឋាន​រហូតដល់​ទៅ ២០០០​ខ្នង​៕​

ព័ត៌មានផ្សេងទៀត