សមាជិកសភា​​មកពី​អាមេរិក​ មាន​កង្វល់​​ពី​បញ្ហា​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា​​

23-01-2020 2:54 pm 821
  ស្តាប់
ក្រុមសមាជិកសភាអាមេរិក ពេលជួបលោកប្រាក់ សុខុន
ស្តាប់ជាសំឡេង

​ក្រុម​សមាជិកសភា​មកពី​សហរដ្ឋអាមេរិក នៅ​សប្តាហ៍​នេះ រួមមាន លោក Seth Moulton សភា​តំណាង​គណបក្ស​ប្រជាធិបតេយ្យ មកពី​រដ្ឋ​ម៉ាសាឈូសេត និង​សភា​តំណាង​មកពី​គណបក្ស​សាធារណរដ្ឋ លោក Jim Banks នៃ​រដ្ឋ​Indiana ( ដែល​លោក​ទាំងពីរ​ជា​សមាជិកសភា នៃ​គណ​:​កម្មា​ធិ​ការ​សេវា​កម្មយោធា​) និង​លោក Ron Estes សភា​តំណាង បក្ស​សាធារណរដ្ឋ នៃ​រដ្ឋ​Kansas (​ជា​សមាជិក​គណ​:​កម្មា​ធិ​ការ​មធ្យោបាយ ដែល​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម​) និង បុគ្គលិក​អាជីព​មកពី​សភាតំណាងរាស្ត្រ​ជាច្រើនរូប​ទៀត បានមក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា ដើម្បី​សិក្សា​ពី​ប្រទេស​កម្ពុជា និង​ជួយ​ដល់​សហរដ្ឋអាមេរិក​ពង្រឹង​នូវ​ការប្តេជ្ញាចិត្តរប​ស់​ខ្លួន ក្នុង​តំបន់​អាស៊ី​អគ្នេ​យ៍​នេះ​។​

​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ឲ្យដឹងថា សមាជិកសភា​តំណាង​មកពី​សហរដ្ឋអាមេរិក ទាំង​៣​រូប​ខាងលើ បាន​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​គ្នា ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្ងៃទី​២២ មករា​។ ស្ថានទូត​អាមេរិក អះអាងថា សមាជិកសភា​ទាំងនោះ សុទ្ធតែ​បានបញ្ជាក់ ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​សហរដ្ឋអាមេរិក ចំពោះ​ប្រជាជន​កម្ពុជា ក៏ដូចជា​កង្វល់​របស់​ពួកគេ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អធិបតេយ្យ​នៅ​កម្ពុជា ។ 

​សមាជិកសភា​សហរដ្ឋ​អាមេរិក​ទាំងនោះ សុទ្ធតែ​បង្ហាញ​នូវ​មោទកភាព ចំពោះ​ប្រព័ន្ធ​បក្សនយោបាយ​ពីរ នៅសហរដ្ឋអាមេរិក​។ ពួកគេ​និយាយថា នៅ​សហរដ្ឋអាមេរិក មាន​គណបក្សនយោបាយ​ធំ​ចំនួន​ពីរ ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ ដែល​គណបក្ស​ទាំងពីរ​នោះ តែងតែ​យល់​ស្របគ្នា​លើ​បញ្ហា​នានា ជាពេសេស​លើ​បញ្ហាសំខាន់ៗ ធំៗ ក្នុង​តំបន់ និង​ជាពិសេស​ពួកគេ​អះអាង​ប្រាប់​ភាគី​កម្ពុជា​ថា អាមេរិក នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​តំបន់​អាស៊ី​អគ្នេ​យ៍​នេះ​ទៀតផង​។​

​ក្រោយពី​ពន្យល់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ពី​បញ្ហា​នេះ សមាជិកសភា មកពី​សហរដ្ឋអាមេរិក​ទាំងនោះ​ជឿជាក់ថា កម្ពុជា គឺជា​កម្ពុជា​មួយ ដែលមាន​វិបុលភាព ប្រជាធិបតេយ្យ និង​មាន​អធិបតេយ្យ ហើយ​អាមេរិក តាមរយៈ​សមាជិកសភា​ទាំងនេះ នឹង​ចែករំលែក​អ្វីដែល​ពួកគេ បាន​ស្វែងយល់​ពី​ទីនេះ ជាមួយនិង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​៕

 ពាក្យគន្លឹះ  អាមេរិកបញ្ហាកម្ពុជា

ព័ត៌មានផ្សេងទៀត