ពេញ​មួយឆ្នាំ​២០១៩៖​ចំណូល​ពន្ធ​ដែល​កម្ពុជា​ប្រមូលបាន​មាន​ចំនួន​ជិត​៣​ពាន់​លាន​ដុល្លារ​អាមេរិក​

23-01-2020 11:25 am 153
  ស្តាប់
ស្តាប់ជាសំឡេង

​រយៈពេល ១២​ខែ ឆ្នាំ​២០១៩ ចំណូល​ពន្ធ​អាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អន​ឡា​ញ មាន​ចំនួន ១១,២៧៧.៣២​ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ២, ៨១៩.៣៣​លាន​ដុល្លារ​អាមេរិក ។​នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក​គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅក្នុង​កិច្ចប្រជុំ​បូល​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​ធ្នូ និង​ប្រចាំឆ្នាំ​២០១៩ ព្រមទាំង​ទិសដៅ​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២០​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​គង់ វិបុល ក៏​បានឲ្យ​ដឹង​បន្ថែមថា ចំណូល​ពន្ធ​អាករ​ខាងលើនេះ បើ​ប្រៀបធៀប​នឹង​ផែនការ​ប្រចាំឆ្នាំ​២០១៩ គឺ​ទទួលបាន​លទ្ធផល​លើស​ផែនការ​ប្រមាណ​២៣,២០​ភាគរយ ត្រូវជា​ប្រមាណ​២,១២៣.៦៩​ប៊ី​លាន​រៀល ស្មើ​នឹង​ប្រមាណ ៥៣០.៩២​លាន​ដុល្លារ​អាមេរិក ហើយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨ ឃើញ​ថា​ចំណូល​ពន្ធ​-​អាករ សម្រាប់​រយៈពេល ១២​ខែ ឆ្នាំ​២០១៩ កើនឡើង​ចំនួន ២,៤៨៥.៩២ ប៊ី​លាន​រៀល ស្មើ​ប្រមាណ​៦២១.៤៨ លាន​ដុល្លារ​អាមេរិក​ស្មើនឹង ២៨,២៨%​។​

​ជាមួយគ្នានេះដែរ លោក​អគ្គនាយក​ពន្ធដា​រ ក៏​បាន​បញ្ជាក់​ដែរ​ថា ដោយឡែក​នៅក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន​៧៨០.១៦​ប៊ី​លាន​រៀល  ស្មើ​នឹង​ប្រមាណ​ជា ១៩៥.០៤​លាន​ដុល្លារ​អាមេរិក ស្មើនឹង​៨,៥២% នៃ​ផែនការ​ប្រចាំឆ្នាំ​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ក្នុង​ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ដាក់​ឲ្យ​អនុវត្តនូ​វ​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ការស្នើសុំ ការ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាក​រលើ​តម្លៃ​បន្ថែម ។​តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ការគ្រប់គ្រង​អាករ​លើ​តម្លៃ​បន្ថែម របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នេះ បាន​បង្កើន​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​ប្រមូល​អាករ​លើ​តម្លៃ​បន្ថែម និង​ទប់ស្កាត់​ការ​គេចវេស​កេង​បន្លំ​ប្រាក់​ពន្ធ​៕

ព័ត៌មានផ្សេងទៀត