ចិន​ផ្អាក​មធ្យោបាយ​ធ្វើដំណើរ​ចេញពី​ក្រុង​វូ​ហាន​ខណៈ​អ្នកស្លាប់​កើន​ដល់​១៧​នាក់​

23-01-2020 10:27 am 512

​ជើងហោះហើរ និង​ខ្សែ​រថភ្លើង​ទាំងអស់ ដែល​ជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​សំខាន់​ក្នុង​ទីក្រុង​វូ​ហាន ភាគ​កណ្ដាល​ប្រទេស​ចិន ត្រូវ​បាន​រដ្ឋាភិបាល​ចិន​សម្រេច​ឲ្យ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​។ ក្នុង​ការផ្អាក​ដំណើរការ​មធ្យោបាយ​ដ៏​សំខាន់​នេះ​ដែរ ធ្វើឡើង​បន្ទាប់​ពី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កំពុង​វាយលុក​យ៉ាងគំហុក​លើ​ប្រទេស​ចិន​។ មិន​ត្រឹមតែ​វាយប្រហារ​លើ​ប្រទេស​ចិន​ទេ កូរ៉ូណា​វីរុស​នេះ​បាន​សាយភាយ​ដល់​ប្រទេស​មួយចំនួន​ទៀត ដែល​ជនជាតិ​ចិន​បាន​ទៅ​ដល់ និង​អ្នកដំណើរ​ជនជាតិ​ផ្សេងៗ​ដែល​បាន​ទៅដល់​ទីក្រុង​វូ​ហាន​ជាដើម​។​

​អាជ្ញាធរ​ចិន​បានប្រកាសថា​ជើងហោះហើរ និង​ខ្សែ​រថភ្លើង​ចេញពី​ទីក្រុង​វូ​ហាន​នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់ពី​វេលា​ម៉ោង​០២៖០០​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មករា​(​ម៉ោង​នៅក្នុង​ប្រទេស​ចិន​)​។ មិនតែប៉ុណ្ណោះ​រថយន្តក្រុង​សាធារណៈ រថភ្លើង​ក្រោម​ដី និង​រថភ្លើង​ចម្ងាយ​ឆ្ងាយ​ក៏​ត្រូវ​ផ្អាក​ដំណើរការ​ដូច​គ្នា​រហូត​ដល់​មាន​ការជូន​ដំណឹង​ពី​អាជ្ញាធរ​ចិន​ទើប​អាច​ដំណើរការ​វិញ​បាន​។ លើសពីនេះទៅទៀត​គម្រោង​បង្កើត​ពិធីបួងសួង​ដ៏​សំខាន់​មួយ​ក្នុង​ទីក្រុង​វូ​ហាន សម្រាប់​ពិធីបុណ្យ​ចិន​ឆ្នាំ​ចិន​ខាងមុខ ដែល​អាច​នឹង​មាន​មនុស្ស​ប្រមាណ​៧​សែន​នាក់​ចូលរួម ក៏​ត្រូវ​បាន​រំសាយ​ចោល​វិញ​ផងដែរ​។​

​ដោយឡែក​សូម្បីតែ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​សំខាន់ៗ និង​កន្លែង​កម្សាន្ត​ធំៗ​រួមមាន សណ្ឋាគារ​ល្បីៗ​ជាដើម ត្រូវបាន​កាត់បន្ថយ​មិន​ឲ្យ​បើក​ទទួលភ្ញៀ​រ​ទ្រង់ទ្រាយ​ធំ​ដូច​មុន​បានឡើយ​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​និយាយថា “​លោក​កំពុង​ពន្យារពេល​ក្នុង​ការសម្រេចចិត្ត​ថា តើ​ត្រូវ​ប្រកាសអាសន្ន​ដល់​ពិភពលោក​ឬក៏​អត់​ពី​ជំងឺ​រលាក​សួត​ថ្មី​នេះ ព្រោះ​វា​ហាក់​មិន​មែន​ជា​ជំងឺ​តូចតាច​ឡើយ ដូច្នេះ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​”​។​

​បើ​គិត​មក​ទល់​នឹង​ពេលនេះ ស្ថិតិ​ចំនួន​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​បាន​កើន​ដល់​ជាង​៥០០​នាក់​ហើយ ខណៈ​អ្នកស្លាប់​បាន​កើន​ដល់​១៧​នាក់ និង​ភាគច្រើន​នៃ​អ្នកស្លាប់​ជា​មនុស្ស​រស់​នៅ​ខេត្ត​ហ៊ុយ​បេ​។ នេះ​បើ​យោង​តាម​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ក្រុម​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ជំងឺឆ្លង​មកពី​ប្រទេស​ជាច្រើន បាន​បើក​កិច្ចប្រជុំ​ម្ដង​រួចមក​ហើយ​ជជែក​ពិភាក្សា​គ្នា​ពី​ជំងឺ​រលាក​សួត​ថ្មី ដែល​កំពុង​បង្ក​ជា​ភាពវឹកវរ​ក្នុង​ប្រទេស​ចិន​។ យ៉ាងណា​ក៏​ដោយ​ក្រុម​ជំនាញ​ផ្នែក​ស្រាវជ្រាវ​ជំងឺ នឹង​បន្ត​បើក​កិច្ចប្រជុំ​បន្តបន្ទាប់​រហូតដល់រ​ក​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្លូវដង្ហើម​នេះ​បាន​។​

​គួរ​រម្លឹក​ឡើងវិញ​ថា ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​កូរ៉ូណា​វីរុស កាន់តែ​ធ្វើឲ្យ​ពិភពលោក​មាន​ការព្រួយបារម្ភ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​សុខាភិបាល​បាន​អះអាង​ថា វា​ជា​សែស្រឡាយ​ជាមួយ​ជំងឺ​ផ្លូវដង្ហើម​SARS​ដ៏​គ្រោះថ្នាក់​។ ជំងឺ​SARS​ធ្លាប់បាន​ធ្វើឲ្យ​កក្រើក​ប្រទេស​ចិន​ម្ដង​រួចមកហើយ​កាលពី​ចន្លោះ​ឆ្នាំ​២០០២-២០០៣​។ កាល​នោះ​ដែរ​មនុស្ស​ប្រមាណ​ជិត ៨០០​នាក់ ត្រូវបាន​ស្លាប់​នៅក្នុង​ប្រទេស​ចិន​។ ជំ​ងឺ​រលាក​សួត​ថ្មី​ក៏​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន​ដែរ​។

ក្រោយពី​បាន​ផ្ទុះ​ឡើង​អស់​មួយ​រយៈពេល​កន្លងមក ជំងឺ​រលាក​សួត​ថ្មី​បាន​រាលដាល​ការចម្លង​ប្រមាណ ៥៨០​ករណី ក្នុង​នោះ​ប្រទេស​ចិន​ដែល​ជា​ប្រភព​ជំងឺ​មាន​ចំនួន ៥៧១​ករណី​, ថៃ ៤​ករណី​, ជប៉ុន ១​ករណី​, ម៉ា​កាវ ១​ករណី​, កូរ៉េខាងត្បូង ១​ករណី​, តៃវ៉ាន់ ១​ករណី និង​សហរដ្ឋអាមេរិក ១​ករណី​៕​

ព័ត៌មានផ្សេងទៀត