ទម្លាប់អង្គុយយូររាប់ម៉ោង ងាយប្រឈមហានិភ័យអ្វីខ្លះ?

22-01-2020 5:27 pm 100
  ស្តាប់
ស្តាប់ជាសំឡេង

 

មនុស្សភាគច្រើននាពេលបច្ចុប្បន្ន បានចំណាយពេលវេលាអង្គុយច្រើនម៉ោង(ហោចណាស់៨ម៉ោងក្នុង១ថ្ងៃ) ដើម្បីបំពេញការងាររបស់ខ្លួន ជាពិសេសអ្នកដែលធ្វើការនៅក្នុងការិយាល័យ។ ទោះចង់ឬមិនចង់ ការអង្គុយយូររាប់ម៉ោងពិតជាផ្ដល់ផលអវិជ្ជមានជាច្រើន គ្រាន់តែខ្លះអាចជាផលប៉ះពាល់រយៈខ្លីឬវែង អាស្រ័យទៅលើសុខភាពនិងរាងកាយរបស់មនុស្សផ្សេងៗគ្នា។

ក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើទិន្នន័យពីមនុស្សប្រមាណជាង៥ម៉ឺននាក់ ដែលបានស្ម័គ្រចិត្តក្នុងការស្ទង់មតិស្រាវជ្រាវនៃវិទ្យាស្ថានសុខភាពជាតិពីឆ្នាំ២០០១ ដល់ឆ្នាំ ២០១៦។ ការសិក្សាបានពិនិត្យលើមនុស្សតាមចំណាត់ថ្នាក់អាយុ ៥ ទៅ ១១ ឆ្នាំ, ១២ ទៅ ១៩ ឆ្នាំ, ២០ ទៅ ៦៤ ឆ្នាំ និងមនុស្សចាស់ពី៦៥ឆ្នាំឡើង។

លទ្ធផលស្រាវជា្រវបានបង្ហាញថា រយៈពេលសរុបជាមធ្យមនៃទម្លាប់អ្នកស្ម័គ្រចិត្ត ចំណាយពេលអង្គុយជាប្រចាំថ្ងៃនោះគឺ៧ម៉ោងក្នុងមួយថ្ងៃ និងពី៥ទៅ៦ម៉ោងសម្រាប់យុវជនវ័យជំទង់។ ទិន្នន័យស្រាវជ្រាវដដែលក៏បានបង្ហាញថា ការចំណាយពេលអង្គុយរាប់ម៉ោងនោះគឺនៅពេលមើលទូរទស្សន៍ ចំណាយពេលមុខអេក្រង់កុំព្យូរទ័រ ទូរស័ព្ទ និងអង្គុយសិក្សាច្រើនម៉ោង។

ព្រឹត្តិប័ត្ររបស់សមាគមវេជ្ជសាស្រ្តអាមេរិកក៏បានបង្ហាញថា ទម្លាប់អង្គុយយូររបស់ពលរដ្ឋអាមេរិកនៅតែបន្តរហូតដល់បច្ចុប្បន្ន ជាពិសេសការបន្តចំណាយពេលនៅមុខអេក្រង់កុំព្យូទ័រក្រោយសម្រាកពីធ្វើការឬម៉ោងសិក្សា ជាប់គ្នាពី៣ឬ៤ម៉ោងបន្ថែម។ ដូចដែលបានបញ្ជាក់ពីខាងលើ ទម្លាប់អសកម្មនៅមួយកន្លែងបែបនេះ អាចបង្កហានិភ័យជាច្រើនចំពោះសុខភាព ហើយខាងក្រោមនេះសុទ្ធតែជាផលប៉ះពាល់នឹងកត្តាប្រឈម៖

១ កើតជំងឺធុញថប់អារម្មណ៍៖ បើតាមការសិក្សាមួយចំនួនបានបង្ហាញថាជំងឺធុញថប់ច្រើនកើតមានចំពោះអ្នកមិនសូវធ្វើចលនាឬអង្គុយនៅនឹងមួយកន្លែងយូរ នឹងអាចបន្ថយសមត្ថភាពឈាមក្នុងការនាំយកកម្រិតអុកស៊ីសែនទៅកាន់ខួរក្បាល។ ពេលឈាមពុំទទួលបានបរិមាណអុកស៊ីសែនគ្រប់គ្រាន់ អ្នកអាចប្រឈមទៅនឹងជំងឺខួរក្បាលដូចជា តប់ប្រមល់ក្នុងអារម្មណ៍ និងការថប់អារម្មណ៍ជាដើម។

២ ឡើងទម្ងន់នឹងកើតជំងឺទឹកនោមផ្អែម៖ ការធ្វើចលនារាងកាយជាប្រចាំធ្វើឲ្យជាតិខ្លាញ់ក្នុងខ្លួនចុះថយ។ ប៉ុន្តែបើអ្នកនៅនឹងមួយកន្លែងក្នុងរយៈពេលយូរដោយមិនសូវបានធ្វើចលនា នោះជាតិខ្លាញ់និងស្ករប្រាកដជាមិនត្រូវបានកាត់បន្ថយឡើយ នេះក៏ដោយសារតែប្រព័ន្ធបំឡែងជាតិស្ករទៅជាថាមពលក្នុងរាងកាយបានថយចុះ។

៣ ឈឺត្រគាក ខ្នងនឹងសន្លាក់៖ ការអង្គុយយូររាប់ម៉ោងជាប់នៅនឹងលើកៅអីមួយកន្លែង បណ្ដាលឲ្យសាច់ដុំត្រង់សន្លាក់ត្រគាកចុះខ្សោយ ព្រមទាំងធ្វើឱ្យអ្នកឈឺសន្លាក់និងធ្វើឱ្យឆ្អឹងឆាប់ចាស់មុនអាយុ។

៤ ជើងចុះខ្សោយអាចនឹងស្វិត៖ ប្រសិនបើជើងមិនត្រូវបានប្រើប្រាស់ឲ្យល្អនោះទេ នោះអ្នកនឹងមានឱកាសខ្ពស់ក្នុងការបាត់បង់វា។ ការអង្គុយយូរពេក អាចធ្វើឲ្យអ្នកមិនសូវប្រើកម្លាំងជើងខាងក្រោមដើម្បីទប់លំនឹង ដែលអាចបណ្ដាលឲ្យមានភាពស្វិតនៅសាច់ដុំនិងធ្វើឲ្យចុះខ្សោយសាច់ដុំ។

៥ ប្រឈមនឹងជំងឺមហារីក៖ តាមរយៈការស្រាវជ្រាវមួយចំនួនបានរកឃើញថា ការអង្គុយច្រើនម៉ោងពេកអាចធ្វើឱ្យរាងកាយមនុស្សមានសមត្ថភាពខ្សោយក្នុងការបញ្ចេញជាតិពុលចេញពីរាងកាយ។ ការមានជាតិពុលច្រើនហួសប្រមាណក្នុងរាងកាយធ្វើឱ្យចំនួននៃកោសិកាមិនប្រក្រតីកើនឡើងច្រើនដែលអាចឈានទៅដល់ការកើតជំងឺមហារីកច្រើនប្រភេទដូចជា៖ មហារីកសួត ស្បូន និងពោះវៀនធំ។ 

៦ ប្រឈមនឹងជំងឺបេះដូង៖ ការសិក្សាមួយបានឲ្យដឹងថា បុរសដែលចំណាយពេលច្រើនជាង២៣ម៉ោង ក្នុង១សប្ដាហ៍អង្គុយមិនធ្វើអ្វីសោះ អាចកើតមានជំងឺស្ទះសរសៃឈាមបេះដូងរហូតដល់ ៦៤%។ អ្នកជំនាញក៏បានអះអាងរបន្ថែមថា បើអង្គុយច្រើនម៉ោងជាងនេះទៀត នោះអត្រាកើតជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលនឹងកើនឡើងរហូតដល់១៤៧%៕

ដូចច្នេះដើម្បីកាត់បន្ថយហានិភ័យនៃកត្តាប្រឈមទាំងអស់នេះ៖ អ្នកគួរតែក្រោកចេញពីកៅអី ហើយដើរចុះដើរឡើងរាល់៣០នាទីម្ដង, នៅពេលដែលត្រូវការអ្វីមួយពីមិត្តរួមការងារ អ្នកគូរតែដើរទៅជួបផ្ទាល់ប្រសើរជាជាងការខលតាមទូរស័ព្ទក៏ផ្ញើរសា, កាត់បន្ថយការជិះម៉ូតូឬឡាន អ្នកគួរតែជិះកង់ដើម្បីជាការហាត់ប្រាណ។

សរុបមក កៅអីប្រៀបដូចជាច្រវ៉ាក់ដែលកំពុងតែទាក់អ្នកឱ្យអង្គុយជាប់នៅនឹងមួយកន្លែង ងើបទៅណាមិនរួចអញ្ចឹង។ ម្លោះហើយ បើដឹងថាកៅអីប្រៀបដូចជាច្រវ៉ាក់ហើយនោះ ចូរកុំភ្លេចឧស្សាហ៍ក្រោកចេញ ដើរទៅមកម្តងម្កាលផង កុំអង្គុយយូរៗនៅនឹងមួយកន្លែងដូចមុនទៀត៕ 

ព័ត៌មានផ្សេងទៀត