ចិន​កាត់ទោស​​អតីត​​ប្រធាន​​ប៉ូលិស​​អាំងទែ​ប៉ូល​​ឲ្យ​ជាប់ពន្ធនាគារ​​១៣​ឆ្នាំ​កន្លះ​

22-01-2020 3:51 pm 144
​លោក​ម៉េង ហុង​វៃ​(Meng Hongwei)គ្រានៅជាប្រធានប៉ូលិសអាំងទែប៉ូល

​តុលាការ​ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​កាត់ទោស​អតីត​ប្រធាន​ប៉ូលិស​អាំងទែ​ប៉ូល​លោក​ម៉េង ហុង​វៃ​(Meng Hongwei) ឲ្យ​ជាប់ពន្ធនាគារ​១៣​ឆ្នាំកន្លះ​ពីបទ​សូកប៉ាន់​។ លោក​ម៉េង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ឆ្នាំ​២០១៨ នៅពេល​លោក​ធ្វើដំណើរ​ពី​ទីស្នាក់ការ​ប៉ូលិស​អាំ​ទែ​ប៉ូល​ក្នុងប្រទេស​បារាំង​ទៅកាន់​ប្រទេស​ចិន​។ ក្រោយមក​លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទទួល​សំណូក ហើយ​តុលាការ​ទីក្រុង​ធាន​ជីន​បាន​កាត់ទោស​លោក​កាលពី​ថ្ងៃ​អង្គារ និង​ពិន័យ​ជា​ប្រាក់​២​លាន​យ័ន​ប្រហែល​២៩​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​CCTV​បាន​រាយការណ៍​ថា ក្នុង​សវនាការ​មាន​ការបញ្ជាក់​ឲ្យដឹង​លោក​ម៉េង​បានទ​ទួលសំណូក​ជា​ប្រាក់​និង​ទំនិញ​មាន​សរុប​ជាង​២​លាន​ដុល្លារ ដោយ​ការរំលោភ​លើ​សិទ្ធិអំណាច​របស់លោក​។ លោក​ម៉េង​ត្រូវបាន​រាយការណ៍​ថា​បាន​អនុគ្រោះ​ដល់​បុគ្គលិក​និង​ក្រុមហ៊ុន​ជាច្រើន ដែល​អ្នកខ្លះ​កំពុង​បម្រើការ​នៅ​ក្រសួង​សន្ដិសុខ​សាធារណៈ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​CCTV​បាន​បញ្ជាក់ដែរថា លោក​បាន​សារភាព​ចំពោះ​ការចោទប្រកាន់ និង​បង្ហាញ​ការសោកស្ដាយ​ជាខ្លាំង​ហើយ​នឹងមិន​ប្ដឹង​ឧទ្ធរណ៍​ឡើយ​។​

​ចំពោះ​អ្នកតាមដាន​ស្ថានការណ៍​ខ្លះ​បាន​និយាយថា ករណី​របស់លោក​ម៉េង​មាន​ទំនាក់ទំនង​នឹង​ជម្លោះ​នយោបាយ​ក្នុងប្រទេស​ចិន​។ ភរិយា​របស់លោក​ដែល​ទទួលបាន​សិទ្ធិ​ជ្រកកោន​ក្នុងប្រទេស​បារាំង បាន​អះអាងថា​ប្ដី​របស់​អ្នកស្រី​ត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ពេល​នៅ​ក្នុងប្រទេស​ចិន​៕

ព័ត៌មានផ្សេងទៀត