ចិន​៖​ជំងឺ​រលាក​សួត​ថ្មី​សម្លាប់​មនុស្ស​៩​នាក់​និង​ចម្លង​ទៅ​មនុស្ស​៤៤០​នាក់​ហើយ​

22-01-2020 11:02 am 797

អាជ្ញាធរ​សុខាភិបាល​ចិន​នៅ​ថ្ងៃទី​២២ ខែ​មករា បានបញ្ជាក់​ថា មកទល់​នឹង​ពេលនេះ ជំងឺ​រលាក​សួត​ថ្មី​បង្ក​ពី​ខូ​រ៉ូ​ណា​វីរុស បាន​សម្លាប់​មនុស្ស ៩​នាក់​ហើយ ខណៈ​វីរុស​ផ្លូវដង្ហើម​នេះ​បាន​ចម្លង​ទៅ​មនុស្ស​ប្រមាណ​៤៤០​នាក់​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​បណ្ដាញសារព័ត៌មា​ន Business Insider​។ ចំពោះ​ជំងឺ​ដែល​កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​សម្រាប់​ពិភពលោក ត្រូវបាន​អ្នកស្រាវជ្រាវ​ជំងឺឆ្លង​ដាក់ឈ្មោះថា « 2019-nCoV » មកពី​ពាក្យ​ពេញ​ថា « 2019 Novel Coronavirus »​។​

​ដោយឡែក​សម្រាប់​សហរដ្ឋអាមេរិក​វិញ បាន​រកឃើញ​ការឆ្លង​ខូ​រ៉ូ​ណា​វីរុស​១​ករណី ដោយ​បុរស​អាមេរិក​វ័យ​៣០​ឆ្នាំ​ម្នាក់ បាន​ឆ្លង​ខូ​រ៉ូ​ណា​វីរុស បន្ទាប់ពី​រូបលោក​បាន​ត្រឡប់​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន មក​កាន់​ទីក្រុង Seattle រដ្ឋ​វ៉ា​ស៊ី​ង​តោន សហរដ្ឋអាមេរិក​វិញ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺឆ្លង​អាមេរិក​(CDC)​។​

​មន្ត្រី​សុខាភិបាល​រដ្ឋ​វ៉ាស៊ីនតោន​លោក Chris Spitters បាន​និយាយថា « បច្ចុប្បន្ន​បុរស​ដែល​ផ្ទុក​មេរោគ​ជំងឺ​រលាក​សួត​ថ្មី កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ដោយ​មាន​ការតាមដាន​ខ្ពស់បំផុត និង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយសារ​ស្ថានភាព​ជំងឺ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ »​។​

​ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​របស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺឆ្លង (CDC) លោកស្រី​Nancy Messonier បានឲ្យដឹងថា “​នេះ​ជា​បញ្ហា​ដ៏​ក្ដៅ ហើយ​យើង​រំពឹង​ថា​វា​នឹង​អាច​មាន​ករណី​ថ្មីៗ​បន្ត​ទៀត​មិន​ខាន​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទូទាំង​ពិភពលោក​”​។ តែ​លោក​ស្រី​បាន​បន្ថែមថា  “​មកទល់​នឹង​ពេលនេះ​ជំងឺ​រលាក​សួត​ថ្មី​នេះ​មិនទាន់​ចោទ​ជា​បញ្ហា​ព្រួយបារម្ភ​ខ្លាំង​នៅ​ឡើយ​ទេ​សម្រាប់​អាមេរិក​”​។​
​ចំណែក​ឯ​ប្រទេស​កូរ៉េខាងជើង​វិញ បាន​ចេញ​វិធានការ​យ៉ាង​តឹងរ៉ឹង រហូត​បាន​ផ្អាក​ការបើកឲ្យ​អ្នកទេសចរណ៍​ចិន​ចូល​ក្នុង​ប្រទេស​ខ្លួន​ជា​បណ្ដោះអាសន្ន​ដើម្បី​ធានា​លើ​សុវត្ថិភាព​របស់​ប្រជាជន​ខ្លួន ឲ្យ​ជៀសផុត​ពី​ជំងឺ​ចម្លង​តាម​ផ្លូវដង្ហើម​នេះ​។ 

​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង​ហុងកុង​ឈ្មោះថា “Cathay Pacific Airways” បាន​តម្រូវឲ្យ​បុគ្គលិក​របស់​ខ្លួន​ពាក់​ម៉ាស់​ការពារ ដើម្បី​ជា​ការបង្ការ​ទប់ស្កាត់​ការឆ្លង​ណាមួយ​នៅពេល​ដែល​ជើងហោះហើរ​សំដៅ​ទៅ​ប្រទេស​ចិន ឬ​ប្រទេស​ផ្សេងៗ​ទៀត​។​

​ទន្ទឹមនឹងនេះ​ដែរ អាកាសយានដ្ឋាន​សឹង្ហ​បុរី បាន​រឹតបន្តឹង​លើ​សេវាកម្ម​ជើងហោះហើរ​របស់ខ្លួន ដោយ​អាកាសចរ​សឹង្ហ​បុរី​នឹង​បញ្ជូន​ជនជាតិ​ចិន​ដែល​មាន​ផ្ទុក​ខូ​រ៉ូ​ណា​វីរុស​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​វិញ​ក្នុង​រយៈពេល​ត្រឹមតែ​១៤​ថ្ងៃ ប៉ុណ្ណោះ ករណី​បើ​សិន​ជា​រកឃើញ​មាន​ការចម្លង​ក្នុងប្រទេស​ខ្លួន​មែន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​សុខាភិបាល​សឹង្ហ​បុរី កាលពី​ថ្ងៃ​ទី​២១ ខែ​មករា​។​

​ងាក​មក​កាន់​ប្រទេស​ថៃ​ឯណេះ​វិញ ករណី​នៃ​ការចម្លង​ខូ​រ៉ូ​ណា​វីរុស​បាន​កើន​ដល់​៤​នាក់​ហើយ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់​ក្រសួង​សុខាភិបា​ល​ថៃ​នៅ​ថ្ងៃទី​២២​មករា​នេះ​។ ក្រសួង​សុខាភិបាល​ថៃ បន្ថែមថា ស្ដ្រី​វ័យ​៧៣​ឆ្នាំ​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ដ​Nakhon Pathom គឺជា​ជនជាតិ​ថៃ​ដំបូង​បំផុត​បាន​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​។ ស្ដ្រី​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩ ហើយ​ក្រុម​គ្រូពេទ្យ​បានបញ្ជាក់​ថា ពិតជា​បាន​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ពិតប្រាកដ​មែន​។ 

​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​បួន​នាក់​ហើយ បី​នាក់​ជា​អ្នកទេសចរ​ជនជាតិ​ចិន​និង​ម្នាក់​ជា​ជនជាតិ​ថៃ​។ ជនជាតិ​ចិន​ទី​ពីរ​ដែល​ឆ្លង​ជំងឺ​នេះ​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ និង​បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។ ក្រសួង​សុខាភិបាល​ថៃ​បាន​ព្យាយាម​ប្រកាសអាសន្ន​ពី​ជំងឺ​នេះ ដោយសារ​តែ​វា​ជា​ជំងឺ​បង្ក​ដោយ​វីរុស​ស្រដៀង​នឹង​ជំងឺ​សារ​។ អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏​កំពុង​ចាត់​វិធានការ ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​នេះ​ផង​ដែរ​៕

​គួរ​ជម្រាប​ឡើងវិញ​ថា ក្រៅពី​ប្រទេស​ចិន​ដែល​ជា​ដើម​កំណើត​ជំងឺ មាន​ប្រទេស​មួយចំនួន​បាន​រកឃើញ​ករណី​ឆ្លង​នូវ​ខូ​រ៉ូ​ណា​វីរុស​នេះ ក្នុងនោះ​មាន អាមេរិក​១​ករណី​, តៃវ៉ាន់​១​ករណី​, កូរ៉េខាងត្បូង​១​ករណី​, ជប៉ុន​១​ករណី និង​ថៃ​២​ករណី​។ ជនរងគ្រោះ​ដែល​រង​ការវាយប្រហារ​ពី​វីរុស​ខូ​រ៉ូ​ណា ស្ទើរតែ​ទាំងអស់​បាន​ឆ្លង​បន្ទាប់ពី​ពួកគេ​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​វូ​ហាន​។​

​ពាក់ព័ន្ធ​នឹង​ដើមចម​នៃ​ការ​ចម្លងជំងឺ ដំបូង​ឡើយ​ក្រុម​អ្នកស្រាវជ្រាវ​ជំងឺឆ្លង​របស់​ចិន បាន​អះអាង​ថា​ជំងឺ​រលាក​សួត​ថ្មី​នេះ មាន​ប្រភព​ចេញពី​ហាង​អាហារ​សមុទ្រ​នៅ​ក្នុង​ទីក្រុង​វូ​ហាន​។ ប៉ុន្តែ​លុះ​ក្រោយមក​ទើប​ក្រុម​អ្នកស្រាវជ្រាវ​ជំងឺឆ្លង​ចេញមុខ​ទទួលស្គាល់​ថា​ហាង​អាហារ​មិនមែន​ជា​កន្លែង​ចម្លង​ដ៏​សំខាន់​ឡើយ ព្រោះ​ជំងឺ​រលាក​សួត​នេះ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។​

​មិន​តែ​ប៉ុណ្ណោះ​ទេ ពិភពលោក​កំពុង​ព្រួយបារម្ភ​យ៉ាង​ទៅ​នឹង​ជំងឺ​រលាក​សួត​ថ្មី ដោយសារ​តែ​ជំងឺ​នេះ​ស្ថិតនៅ​ក្នុង​សែស្រឡាយ​ជាមួយ​ជំងឺ​ផ្លូវដង្ហើម​SARS ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជិត ៨០០​នាក់ ក្នុង​ប្រទេស​ចិន​កាលពី​អំឡុង​ឆ្នាំ​២០០២-២០០៣​។ រីឯ​អាការៈ ក៏​ដូច​ជា​សញ្ញា​ដែល​បញ្ជាក់ថា​អាច​នឹង​មាន​ជំងឺ​រលាក​សួត​ថ្មី មាន កម្ដៅ​ខ្លួន​ប្រមាណ ៣៨​អង្សា​សេ​, ក្អក , ហៀរ​សំបោរ​, ឈឺ​បំពង​ក និង​ពិបាក​ដកដង្ហើម​៕​

ព័ត៌មានផ្សេងទៀត