៥​ចំណុច​ធំៗ​​អាមេរិក​-​ចិន​​មិន​បញ្ចូល​​ក្នុង​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​​ដំណាក់កាល​ទី​១

21-01-2020 5:20 pm 484

​កាលពី​ពាក់កណ្ដាល​ខែមករា​អាមេរិក​និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ដើម្បី​ឈានទៅ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​។ កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​១​នេះ​លោក​ដូណាល់ ត្រាំ​បាន​កោតសរសើរ​យ៉ាងខ្លាំង និង​ចាត់ទុកជា​ផ្លូវ​ឆ្ពោះទៅ​បង្កើន​ចំណងមិត្ដភាព​ប្រទេស​ទាំងពីរ​ឡើងវិ​ញ​។ ប៉ុន្ដែ​យ៉ាងណាមិញ​នៅមាន​ចំណុច​សំខាន់ៗ​មួយចំនួនទៀត ដែល​មិនបាន​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង ជាហេតុ​ធ្វើឲ្យ​មានមន្ទិលថា​កិច្ចព្រមព្រៀ​ង​នេះ​មិន​ទំនង​រស់​បានយូរ​ឡើយ​។ តើ​ចំណុច​សំខាន់ៗ​ដែល​នៅ​សេសសល់​នោះ​មាន​អ្វីខ្លះ​?

​ភាព​ញញឹមញញែម​បាន​កើតឡើង​ជាថ្មី​រវាង​សហរដ្ឋ​អា​មរិ​កនិងប្រទេស​ចិន បន្ទាប់ពី​ផ្ទុះ​ភាព​តានតឹង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អូស​បន្លាយពេល​ជិត​២​ឆ្នាំ​។ ចន្លោះពេល​ឡើង​កម្ដៅ​ខ្លាំង​អាមេរិក​និង​ចិន​បាន​វាយបក​គ្នា​ទៅវិញទៅមក ដែល​មើល​ឃើញជាក់ស្ដែង​តាមរយៈ​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល រួម​នឹង​វិធានការ​នានា​ជាច្រើន​តាម​ដែល​អារម្មណ៍​ខឹងសម្បា​មិនទាន់​រកឃើញ​ដំណោះស្រាយ​។ ប៉ុន្ដែ​កាលពី​ថ្ងៃទី​១៥​មករា​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​ឧបនាយករដ្ឋមន្ដ្រី​ចិន​លោក​លីវ ហេ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ ឈានទៅ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​។​

​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​នេះ​ត្រូវបាន​លោក​ត្រាំ​ចាត់ទុកជា​កិច្ចព្រមព្រៀង​សំខាន់បំផុត ក្រៅតែពី​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​ផ្នែក​ពាណិជ្ជកម្ម វា​ក៏​ជួយ​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ដែរ​។ លោក​ត្រាំ​ថ្លែងថា​នេះ​ជា​កិច្ចព្រមព្រៀង​ល្អ​ហួស​ពី​ការរំពឹងទុក ល្អ​ជាង​អ្វីដែល​លោក​ធ្លាប់​ជួប​កន្លងមក​។ លោក​ត្រាំ​សង្ឃឹមថា​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ ក៏​ធ្វើឲ្យ​ចិន​ពេញចិត្ដ​ដូចគ្នា​ដែរ​។ 

នៅក្នុង​កិច្ចព្រមព្រៀង​មាន​បញ្ចូល​ការប្ដេជ្ញាចិត្ដលើ​ចំណុច​សំខាន់ៗ​ដូចជា ការសន្យា​ពី​ប្រទេស​ចិន​ដែល​នឹង​បង្កើន​ការទិញ​ទំនិញ​កសិកម្ម​និង​ទំនិញ​ផ្សេងទៀត​របស់​អាមេរិក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ ផ្ដល់​ការការពារ​ដល់​វិស័យ​បច្ចេកវិទ្យា​អាមេរិក និង​យន្ដការ​ពង្រឹង​ច្បាប់​ថ្មី​អនុញ្ញាតឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​យ៉ាង​ឆាប់រហ័ស ដែល​ទីក្រុង​ប៉េកាំង​មិនអាច​ឆ្លើយតបបាន​។​

​ទោះបី​មាន​ចំណុច​ល្អ​មែន​ប៉ុន្ដែ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ បាន​ដកចេញ​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត​។ ក្នុងនោះ​មានដូចជា​៖

១ ជំនួយ​ទ្រទ្រង់​ឧស្សាហកម្ម​និង​ការផលិត​នៅ​ចិន​ឆ្នាំ​២០២៥

​កិច្ចព្រមព្រៀង​មិនបាន​និយាយ​ពី​មហិច្ឆតា​របស់​ចិន ដែល​ចង់​ក្លាយជា​អ្នក​ផលិត​ដ៏​ធំ​បំផុត​ក្រោម​ឈ្មោះថា 'Made in China 2025' នោះទេ​។ កម្មវិធី​នេះ​នឹង​ជួយ​ឲ្យ​ក្រុម​ហ៊ុនចិន​មាន​ភាព​លេចធ្លោ និង​ក្លាយជា​អ្នកដឹកនាំ​លំដាប់​ពិភពលោក​ក្នុង​វិស័យ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​។ វា​ក៏​មិនបាន​និយាយ​ពី​ការ​ផ្ដល់ជំនួយ​ដែល​ចិន​បាន​ជួយ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​នោះដែរ​។ 

​ទីក្រុង​វ៉ាស៊ីនតោន​មើលឃើញថា​កម្មវិធី​'Made in China 2025' ជា​ការគំរាមកំហែង​ដោយផ្ទាល់​ដល់​ប្រជាប្រិយភាព​របស់ខ្លួន​ខា​ង​ផ្នែក​បច្ចេកវិទ្យា​។ ទីក្រុង​វ៉ាស៊ីនតោន​បន្ថែមថា​ក្រុមហ៊ុន​ចិន​អាចធ្វើ​បានត្រឹមតែ​ដើរ​តាម​ក្រុមហ៊ុន​អាមេរិក​ប៉ុណ្ណោះ ប៉ុន្ដែ​នៅពេល​ពួកគេ​អាច​បោះជំហាន​ទៅមុន​បាន ក៏​ព្រោះតែ​ការទទួលបាន​ជំនួយដែល​អយុត្ដិធម៌ និង​ជំនួយ​ខុស​ប្រក្រតី​ពី​រដ្ឋាភិបាល​ចិន​ក្នុង​ទម្រង់​ជា​ការឧបត្ថម្ភ​។ បញ្ហា​ទាំងអស់នេះ​ស្ថិតក្នុង​ចំណោម​បញ្ហា​ពិបាក​បំផុត​ដែល​រដ្ឋបាល​លោក​ត្រាំ​មាន​ជាមួយ​ចិន ប៉ុន្ដែ​ពួកគេ​បាន​ជំរុញ​ឲ្យ​វា​ចូលក្នុង​ដំណាក់កាល​ទី​ពីរ​សម្រាប់​ដោះស្រាយ ជាមួយ​បញ្ហា​សេសសល់​ផ្សេងទៀត​មាន​វិស័យ​សេវាកម្ម សុវត្ថិភាព​តាម​អ៊ី​ន​ធឺ​ណេត និង​បញ្ហា​គ្រប់គ្រង​ទិន្នន័យ​។ 

​ទីក្រុង​ប៉េកាំង​ទទូចថា​មិនបាន​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ទាំង​អ​យុត្ដិធម៌ ដល់​វិស័យ​ឧស្សាហកម្ម​ឬ​ក្រុមហ៊ុន​ដូច​អាមេរិកចោ​ទទេ ប៉ុន្ដែ​ការពិត​គឺថា​ប្រទេសចិន​ក៏​នឹងមិន​បោះបង់ចោល​ភាព​លេចធ្លោ​នៅក្នុង​វិស័យ​ទាំងនេះ​ដោយ​ងាយស្រួល​ដែរ​។​

២ ក្រុមហ៊ុន​Huawei

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ នឹងមិន​កាត់បន្ថយ​សម្ពាធ​ដាក់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​Huawei​នោះទេ ខណៈ​Huawei​ត្រូវគេ​ចាត់ទុកជា​ចំណាប់ខ្មាំង​មួយ​អាមេរិក​យកមក​គំរាម​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។ រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​លោក​Steve Mnuchin​បាន​និយាយថា ក្រុមហ៊ុន​នេះ​មិនមែនជា​បំណែក​នៃ​គ្រាប់​អុក​នៅក្នុង​ការចរចា​ឡើយ​។ ការណ៍​នោះ​បានធ្វើឲ្យ​ក្រុមហ៊ុន​Huawei​និង​រដ្ឋាភិបាល​ចិន​មានកា​រខកចិត្ដ​យ៉ាងខ្លាំង ចំពោះ​របៀប​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ភ្ជាប់​ជោគវាសនា​ក្រុមហ៊ុន​ទៅនឹង​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​ចិន​។​

Huawei​បាន​ក្លាយជា​មុខសញ្ញា​មួយ​នៃ​គូប្រជែង​ផ្នែក​បច្ចេកវិទ្យា​របស់​អាមេរិក ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ដ​ខ្លួន​ក្នុងនោះ​មាន​ចក្រភពអ​ង់​គ្លេស​ផង មិនឲ្យ​ប្រើប្រាស់​សេវាកម្ម​5G​របស់​Huawei​ឡើយ​។ វ៉ាស៊ីនតោន​ចោទថា​បច្ចេកវិទ្យា​ទាំងនោះ​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ទីក្រុង​ប៉េកាំង​ដើម្បី​លួច​ស៊ើប​យកការណ៍​ពី​អតិថិជន​។ ក្រុមហ៊ុន​Huawei​ក៏​ធ្លាប់​បដិសេធ​មិនតិច​ដង​ទេ​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​សង្ឃឹម​បើ​ទំនាក់ទំនង​អាមេរិក​-​ចិន​បានល្អ​ប្រសើរឡើង សំណាង​របស់ខ្លួន​ក៏​នឹង​កើតមាន​ដូចគ្នា​។​

​បើតាម​អ្នកវិភាគ​មួយចំនួន​លើកឡើងថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ បាន​បែងចែក​យ៉ាងច្បាស់​រវាង​សន្ដិសុខ​ជាតិ​និង​បញ្ហា​ពាណិជ្ជកម្ម ហើយ​ក្រុមហ៊ុន​Huawei​ក៏ដូចជា​ក្រុមហ៊ុន​មួយចំនួនទៀត​របស់​ចិន នឹង​នៅតែ​បន្ដ​រង​សម្ពាធ​ពី​អាមេរិក​ដដែល​។  បម្រាម​លើ​ការនាំចេញ​មិនមែន​ដាក់​លើ​តែ​ក្រុមហ៊ុន​Huawei​ឡើយ ក្រុមហ៊ុន​ចិន​ធំៗ​មួយចំនួនទៀត​នឹង​ជាប់​បម្រាម​ដូចគ្នា​។​

៣ លទ្ធភាព​ទទួលបាន​សម្រាប់​ក្រុមហ៊ុន​សេវាក​ម្ម​ហិរញ្ញវត្ថុ​បរទេស​

​ខណៈដែល​កិច្ចព្រមព្រៀង​និយាយ​ពី​ការបើក​ដំណើរការ​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​អន្ដរជាតិ អ្នកវិភាគ​មួយចំនួន​និយាយថា​វា​នឹង​មិនទាន់​គ្រប់គ្រាន់​ទេ​ដើម្បី​ធានាថា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​បរទេស​ទាំងនោះ​ទទួលបាន​ទីផ្សារ​ស្មើភាព​គ្នា​។ ចិន​ធ្លាប់​ប្រកាស​ជា​សាធារណ​រួចហើយ​ថា ខ្លួន​កំពុងបើក​ដំណើរការ​វិស័យ​ហិរញ្ញវត្ថុ​របស់ខ្លួន ហើយ​ថ្មីៗ​នេះ​ទើប​អនុញ្ញាតឲ្យ​ក្រុមហ៊ុ​នបរទេស​មាន​ភាគហ៊ុ​ន​ធំ​ជាង​មុន​នៅក្នុង​ក្រុមហ៊ុន​ចិន​។ ប៉ុន្ដែ​ទីក្រុង​ប៉េកាំង​មិន​ទំនង​បើកទូលាយ​ពេក​នោះទេ ព្រោះ​បច្ចុប្បន្ន​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​ចិន​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នក​ទូទាត់​សាច់ប្រាក់​តាម​ឌីជីថល​នៅ​ក្នុងស្រុក​។​
​ទោះបី​ក្រុមហ៊ុន​ទូទាត់​អាមេរិក​មានលទ្ធភាព​ចូល​ទីផ្សារ​ចិន​កាន់តែច្រើន​ក៏ដោយ វា​ពិបាក​នឹង​មើលឃើញ​ណាស់​ថា​ពួកគេ​អាច​ប្រកួតប្រជែង​បាន​យ៉ាងម៉េច​។ ថា​តើ​ចិន​ពិតជា​អនុវត្ដ​ការប្ដេជ្ញាចិត្ដដោយ​ស្មោះត្រ​ង់​ចំពោះ​ក្រុមហ៊ុ​នបរទេស និង​ក្រុមហ៊ុន​ក្នុងស្រុក​ដោយ​ស្មើភាព​ឬ​យ៉ាងណា​នោះ រដ្ឋបាល​របស់លោក​ត្រាំ​នឹង​ឃ្លាំមើល​យ៉ាង​យកចិត្ដទុកដាក់​បំផុត​។ ករណីនេះ​ក៏​ជា​ផ្នែក​ដ៏​មាន​សក្ដានុពល អាច​បំផ្លាញ​ភាពជានា​នឹង​គ្នា​រវាង​អាមេរិក​-​ចិន​បានដែរ​។​

៤ ការ​អនុវត្ដ​និង​ការបកស្រាយ​

​កិច្ចព្រមព្រៀង​បាន​បញ្ចូល​យន្ដការ​ដោះស្រាយ​ជម្លោះ​ជា​មូលដ្ឋាន​មួយ ដែល​អាមេរិក​ធ្លាប់បាន​ប្ដឹងទៅ​ចិន​និង​ទាមទារ​ឲ្យមាន​ការបកស្រាយ​ម្ដង​រួចមកហើយ គឺ​ចិន​ត្រូវ​ប្រឹក្សា​ជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​។ ប៉ុន្ដែ​អ្វីដែល​កិច្ចព្រមព្រៀង​មិនបាន​បញ្ចូល គឺ​របៀប​ដែល​អាមេរិក​ត្រូវ​គ្រប់គ្រង​ការ​អនុវត្ដ​របស់​ចិន​និង​ការបកស្រាយ​។ ក្រុមហ៊ុន​អាមេរិក​មិន​ចង់​រាយការណ៍​ពី​ករណី​លួច​កម្មសិទ្ធិបញ្ញា​នោះទេ ដូច្នេះ​យន្ដការ​ជំហាន​ដំបូង​នោះ​គឺ​តើ​អ្វីដែល​អាមេរិក​ត្រូវ​ប្រើ​ដើម្បី​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​ករណីនេះ​។ អ្វី​ទាំងអស់​ដែលមាន​នៅក្នុង​ឯកសារ​គឺ​ការពិគ្រោះ​យោបល់​។​

​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​ក៏​បង្ហាញ​ផងដែរ​ពី​របៀប​ដែល​ភាគី​ទាំងពីរ​នឹង​បកស្រាយ​ទិដ្ឋភាព​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​។ វា​មាន​រួចហើយ​នូវ​សញ្ញា​ដែល​ខុសប្លែកគ្នា​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​លើកឡើងថា យន្ដការ​ដោះស្រាយ​ជម្លោះ​មិន​ត្រូវបាន​កំណត់ដោយ​ស​ហ​រដ្ឋ​អាមេរិក​ទេ ហើយក៏​មិន​ត្រូវគោរព​តាម​អនុសាសន៍​របស់​ទីក្រុង​វ៉ាស៊ីនតោន​ទាំងស្រុង​ដែរ​។ ហេតុនេះ​អាច​បញ្ជាក់បាន​ថា​ទោះ​មាន​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​ក្ដី ទីក្រុង​ប៉េកាំង​អាច​នឹងមិន​អើពើ​កិច្ចព្រមព្រៀង​នោះ​ក៏​ថា​បាន​។​

៥ ការកាត់បន្ថយ​ពន្ធ​បន្ថែម​

​កិច្ចព្រមព្រៀង​មិន​រាប់បញ្ចូល​ការកំណត់​ពេលវេលា​ច្បាស់លាស់​ទេ ថា​តើ​ពេលណា​ទើប​ពន្ធ​ដែល​កំពុងមាន​ប្រសិទ្ធភាព​ត្រូវ​ដកចេញ​វិញ​។ យោងតាម​ការស្រាវជ្រាវ​ពី​វិទ្យាស្ថាន​សម្រាប់​សេដ្ឋកិច្ច​អន្ដរជាតិ​Peterson ពន្ធ​គយ​ជា​មធ្យម​របស់​ភាគី​ទាំងពីរ​នៅតែ​កើនឡើង​ប្រហែល​២០​ភាគរយ កើនឡើង​៦​ដង​ខ្ពស់ជាង​នៅពេល​ចាប់ផ្ដើម​ជម្លោះ​។ នោះ​មានន័យថា​ក្រុមហ៊ុន​និង​អតិថិជន​នៅតែ​ចំណាយ​ច្រើន​។ 

​ជា​ការពិត​រដ្ឋបាល​លោក​ត្រាំ​បាន​ទុក​ការគំរាមកំហែង​នៃ​ពន្ធគយ​ជា​ដំបង​សម្រាប់​វាយ​ចិន ក្នុងករណី​ទីក្រុង​ប៉េកាំង​មិន​រក្សា​ពាក្យសន្យា​របស់ខ្លួន​។ វា​នៅតែមាន​ហានិភ័យ​ខ្ពស់ ហើយ​សក្ដានុពល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​-​ចិន ក៏​នៅតែ​មានលទ្ធភាព​ខ្ពស់​ដដែល​៕

ព័ត៌មានផ្សេងទៀត