មនុស្ស​២១​នាក់​របួសធ្ងន់​និង​ស្រាល​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​សូ​ម៉ាលី​

21-01-2020 4:51 pm 202

​កម្មករ​ជនជាតិ​តួ​ក​គី​ចំនួន​៣​នាក់ ក្នុង​ចំណោម​មនុស្ស​៩​នាក់​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​ស្រុកកំណើត ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ កាលពី​ថ្ងៃ​ទី​១៨ មករា ក្នុង​ប្រទេស​ស៊ូ​ម៉ាលី​។ អាជ្ញាធរ​តួ​ក​គី​បញ្ជាក់ថា មនុស្ស​ប្រមាណ ២១​នាក់​រងរបួស​ធ្ងន់ ក្នុងនោះ​មាន​ជនជាតិ​តួ​ក​គី​ចំនួន ៦​នាក់​ផង​ដែរ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​។​

​អាជ្ញាធរ​តួ​ក​គី​បន្ថែមថា​ក្រុម​សកម្មប្រយុទ្ធ​សាសនា​អ៊ីស្លា​មហ្សា​បាប បានធ្វើការ​បំផ្ទុះ ដោយ​ដាក់​គ្រាប់បែក​នៅក្នុង​រថយន្ត ស្ថិតនៅ​តំបន់​អាប់​ហ្គ​យ៍ ភាគ​ពាយព្យ​នៃ​រដ្ឋធានី​ស៊ូ​ម៉ាលី​។ ការ​បំផ្ទុះ​គ្រាប់បែក​នេះ ធ្វើឡើង​ខណៈ​ក្រុម​កម្មករ​ជនជាតិ​តួ​ក​គី កំពុង​ហូប​អាហារ​ថ្ងៃត្រង់​ជាមួយនឹង​ប៉ូលិស​។ 

​សូមជម្រាបថា តួ​ក​គី​ជា​ប្រទេស​ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​ប្រទេ​ស៊ូ​ម៉ាលី​ជាច្រើន ពោល​រដ្ឋាភិបាល​ទីក្រុង​អង់​ខា​រ៉ា ចង់​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាហ្វ្រិក ដើម្បី​សំញែង​ដាក់​ដៃ​គូ​ប្រកួតប្រជែងរ​បស់​ខ្លួន​មាន អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់​រួម ជាដើម​។​

ទោះបីជា​យ៉ាងណាក៏ដោយ នេះ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​ប្រជាជន​តួ​ក​គី​រស់​នៅក្នុង​ប្រទេស​ស៊ូ​ម៉ាលី ដែល​ត្រូវ​រង​ការវាយប្រហារ និង​គម្រាមកំហែង​ដល់​អាយុជីវិត​។ ដោយ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​ក្រុម​វិស្វករ និង​កម្មករ​កសាង​ផ្លូវថ្នល់​មួយក្រុម ត្រូវ​បាន​រង​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក បណ្ដាលឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៩០​នាក់​ក្នុង​តំបន់ Mogadishu ៕​

ព័ត៌មានផ្សេងទៀត