​មុន​សវនាការ​បន្ត​ជំនុំជម្រះ​៖​​លោក​កឹម សុខា​​នៅតែ​បដិសេធ​ការចោទប្រកាន់​​

21-01-2020 4:21 pm 438

​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​បដិសេធថា លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បរទេស ដូច​ការចោទប្រកាន់​ឡើយ​។ ការលើកឡើង​យ៉ាង​ដូច្នេះ​របស់លោក កឹម សុខា មុន​មួយថ្ងៃ​នៃ​ការបើក​សវនាការ​ជម្រះ​បន្ត​ក្នុង​សំណុំរឿង​របស់លោក ក្រោម​បទ​ចោទថា «​ក្បត់ជាតិ​»​។

​លោក មុត ចន្ថា មន្ត្រី​ជំនិត​នឹង​លោក កឹម សុខា តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក លោក​បាន​លើកឡើងថា លោក កឹម សុខា នូវតែ​បដិសេធថា លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បរទេស​ដូច​ការចោទប្រកាន់​ឡើយ​។ ការបដិសេធ​របស់លោក កឹម សុខា មុន​មួយថ្ងៃ​ប៉ុណ្ណោះ នៃ​ការបន្ត​បើកសវនាការ​ជម្រះ ក្នុង​សំណុំរឿង​របស់លោក នៅ​ថ្ងៃទី​២២ មករា ឆ្នាំ​២០២០ ក្រោម​បទ​ចោទប្រកាន់ថា «​ក្បត់ជាតិ​» ដែល​លោក​ចាត់ទុកថា ជាការ​ចោទ​លោក​ច្រឡំ​។ 

​ក្នុងនោះ​លោក មុត ចន្ថា សរសេរ​រៀប​យ៉ាង​ដូច្នេះ​ថា «​ចោទ​ខ្ញុំ​ច្រឡំ​! ឯកឧត្តម កឹម សុខា បានបញ្ជាក់​យ៉ាងច្បាស់​ថាៈ «​ទាំង​ពេលកន្លងមក ពេលបច្ចុប្បន្ន និង​ទៅ​អនាគត កឹម សុខា មិន​ត្រូវរ៉ូវ (​ឃុបឃិត​) និង​មិន​គាំទ្រ​អ្នក​ណាក៏ដោយ កុំថាឡើយ​បរទេស សូម្បីតែ​ខ្មែរ​គ្នាឯង​ក៏ដោយ ដែលមាន​ចេតនា ឬ​ធ្វើអំពើ​នាំឲ្យ​ប្រទូសរ៉ាយ​ខូចខា​តដល់​ប្រជាពលរដ្ឋ​ខ្មែរ ឬ​នាំឲ្យមាន​ការឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា ជាដាច់ខាត​»​។ លោក​ថែមទាំង​លើកឡើង​ទៀតថា «​អយុត្តិធម៌ នាំមក​នូវ​ការបែកបាក់​ជាតិ​, ការផ្សះផ្សា នាំមក​នូវ​អធិបតេយ្យភាព​ជាតិ​!»​។​

​សូមបញ្ជាក់ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​បើកសវនាការ​ជំនុំជម្រះ​លោក កឹម សុខា នៅ​ថ្ងៃទី​២២ និង ២៣ ខែ​មករា​។ សវនាការ​បន្ត​នេះ​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​វីដេអូ​ឃ្លីប​របស់លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣ នៅក្នុង​ប្រទេស​អូស្ត្រាលី​។ ក្នុង​វីដេអូ​ឃ្លីប​នេះហើយ ដែលជា​ដើមហេតុ​ឈានទៅ​ចាប់ខ្លួន និង ចោទ​លោក កឹម សុខា ពីបទ​ក្បត់ជាតិ​។ នៅក្នុង​សវនាការ​កាលពី​សប្តាហ៍​មុន លោក កឹម សុខា ស្នើឱ្យ​តុលាការ​ចាក់​បញ្ចាំង​វីដេអូ​នោះ​ទាំងស្រុង ដើម្បី​បញ្ជាក់​ពី​ការពិត​។ តុលាការ​បាន​យល់ព្រម​ឱ្យ​លោក កឹម សុខា ដាក់​វីដេអូ​នោះ​ទាំងស្រុង ហើយ​នឹងធ្វើ​ការពិភាក្សា​ចាក់​បញ្ចាំង​ឬ​យ៉ាងណា​នៅក្នុង​សវនាការ​នាពេលខាងមុខ​នេះ​?

​យ៉ាងណាក៏ដោយ​គេ​សង្កេតឃើញថា ការបើក​សវនាការ​ជំនុំជម្រះ​លោក កឹម សុខា នៅ​ថ្ងៃទី​១៥ និង​១៦ ខែ​មករា ឆ្នាំ​២០២០ មាន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ទាំង​នៅក្នុង​និង​ក្រៅ​សវនាការ​ផងដែរ​។​

​លោក កឹម សុខា ដែល​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​នីតិវិធី​បើក​ស​វនារ​បស់​តុលាការ បាន​ច្រានចោល​ទាំងស្រុង​រាល់​ការចោទប្រកាន់​មកលើ​ខ្លួន និង​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ទាំងនោះ​។ ក្នុង​គ្រា​ដែល​តុលាការ​ផ្ដើម​សវនាការ កាលពី​ថ្ងៃទី​១៥ មករា​នោះ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុកខ្លួន យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយណា​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេ​ស​ជាតិ​ឡើយ​»​។​

​លោក កឹម សុខា បាន​អះអាង​ទៀតថា សកម្មភាព​របស់លោក​កន្លងមក គឺ​ផ្តោតលើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ចំណែក​សកម្មភាព​នយោបាយ​របស់លោក​វិញ គឺ​ផ្តោតលើ​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ​៕

 

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត