ចិន​៖​ជំងឺ​រលាក​សួត​ថ្មី​ពិតជា​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន​

21-01-2020 10:29 am 718

​តាម​ការបញ្ជាក់​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន បានឲ្យដឹងថា ខូ​រ៉ូ​ណា​វីរុស​ពិតជា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។ លោក​Zhong Nanshan អ្នកជំនាញ​វេជ្ជសាស្ត្រ​ដ៏​ល្បី​ឈ្មោះ​របស់​ចិន​បន្ថែម​ថា​ជំងឺ​រលាក​សួត​ថ្មី​នេះ វា​អាច​នឹង​មាន​ហានិភ័យ​ក៏ដូចជា​គ្រោះថ្នាក់​ខ្លាំង​ដូច​ទៅ​នឹង​ជំងឺ​ផ្លូវដង្ហើម​SARS​ដែល​ធ្លាប់​វាយប្រហារ​លើ​ប្រទេស​ចិន​កាលពី​ចន្លោះ​ឆ្នាំ​២០០២-២០០៣ ដែរ​។​

​ក្រោយ​ពី​អាជ្ញាធរ​ចិន​បាន​ប្រកាស​ទទួលស្គាល់​បែបនេះ អង្គការ​សុខភាព​ពិភពលោក​បាន​កោះហៅ​ប្រទេស​ចិន​ជាបន្ទាន់​ឲ្យចូល​ប្រជុំដ៏​សំខាន់​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស ដើម្បី​ពិភាក្សា​និង​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​នេះ​។ មិន​តែ​ប៉ុណ្ណោះ​ជំងឺ​វាយប្រហារ​តាម​ផ្លូវដង្ហើម​ថ្មី ទើបនឹង​សម្លាប់​មនុស្ស​ម្នាក់​ទៀត​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២១​មករា ដែល​តួលេខ​អ្នក​ស្លាប់​បាន​កើន​ដល់​៤​នាក់ និង​មនុស្ស​ជាង​១០០​នាក់​កំពុង​ផ្ទុកមេរោគ​ជំងឺ​រលាក​សួត​ថ្មី​។ ដំបូង​ឡើយ​ក្រុម​អ្នកស្រាវជ្រាវ​ជំងឺឆ្លង​បាន​ចោទថា ហាង​អាហារ​សមុទ្រ​ជា​ប្រភពដើម​បំផុត​នៃ​ការចម្លង​វីរុស​ខូ​រ៉ូ​ណានេះ​។ 

​ដោយឡែក​មនុស្ស​២​នាក់​នៅ​ខេត្ត​ក្វាង​ទុង​ត្រូវបាន​រកឃើញ​ថា បាន​ឆ្លង​ខូ​រ៉ូ​ណា​វីរុស​បន្ទាប់ពី​ពួកគេ​បាន​ទៅលេង​សាច់ញាតិ​នៅ​ទីក្រុង​វូ​ហាន​ដែល​ជា​ជង្រុក​នៃ​ជំងឺ​។ តួ​យ៉ាង​ក្រុម​បុគ្គលិក​ពេទ្យ​ចំនួន ១៥​នាក់​ក្នុង​ទីក្រុង​វូ​ហាន ក៏​បាន​ឆ្លង​ជំងឺ​នេះ​ដែរ ដោយ​ក្នុង​នោះ​បុគ្គលិក​ពេទ្យ​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ប៉ាន់ស្មាន់​ថា តួលេខ​នៃ​ការចម្លង​ជំងឺ​នឹង​កើន​ឡើង​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នា​ពេល​ឆាប់ៗ​ខាងមុខនេះ បើ​វិធានការ​ទប់ស្កាត់ ឬ​ថ្នាំ​ព្យាបាល​នៅ​តែ​ពុំ​ទាន់​រកឃើញ​។ អង្គការ​សុខភាព​បាន​អះអាងថា លទ្ធភាព​នៃ​ការចម្លង​ពី​សត្វ​ទៅ​កាន់​មនុស្ស​ពិតជា​មាន​មែន តែ​វា​តិច​ជាង​ការចម្លង​ពី​មនុស្ស​ទៅកាន់​មនុស្ស​។ 

​ទាក់ទង​នឹង​បញ្ហា​ដ៏​កាន់តែ​ក្ដៅគគុក​នេះ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​អំពាវនាវ​ដល់​ស្ថាប័ន​សុខាភិបាល​ទាំងអស់​ត្រូវ​បង្កើន​ចំណាត់ការ​ទប់ស្កាត់​ទៅនឹង​ជំងឺឆ្លង​នេះ ពោល​ជីវិត​ប្រជាជន​គឺ​សំខាន់បំផុត​។ លោក​បន្ថែម​ថា​គ្រប់​បណ្ដាញ​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ត្រូវតែ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​បំផុត ដែល​ជា​ការចូលរួម​ដាស់តឿន​ឲ្យ​ប្រជាជន​បាន​យល់ដឹង និង​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​ថ្មី​នេះ​។​

​គួរបញ្ជាក់​ថា ជំងឺ​រលាក​សួត​ថ្មី បាន​ធ្វើឲ្យ​មាន​ការច​ម្លងចំនួន ១៣៩​ករណី​ក្នុង​ទីក្រុង​វូ​ហាន ដែល​ជា​ដើម​កំណើត​ជំងឺ និង​ប្រទេស​អាស៊ី​ចំនួន​៣​ទៀត មាន ថៃ២​ករណី​, ជប៉ុន ១​ករណី និង​កូរ៉េខាងត្បូង ១​ករណី​៕​

ព័ត៌មានផ្សេងទៀត