តំបន់មួយចំនួននឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២១-២៨ ខែមករា ឆ្នាំ២០២០ មូលហេតុដោយសារតែឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយគ្របដណ្តប់លើកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមករានេះ។
ដែលស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ ខែមករា នៅតាមតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាមានពី១៩-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១អង្សាសេ រីឯតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤អង្សាសេ ចំណែកតំបន់មាត់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ។ ទន្ទឹមនោះនៅបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច៕