សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​បញ្ឈប់​ការធ្វើ​ទារុណកម្ម​ដើម្បី​សួរចម្លើយ​ជនសង្ស័យ​

20-01-2020 4:45 pm 144
  ស្តាប់
ស្តាប់ជាសំឡេង

​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៥​នាក់​ដែល​ពាក់ព័ន្ធ​ករណី​រំលោភ​កាន់កាប់​ដី​របស់​ឯកជន និង​ដី​របស់​រដ្ឋ បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ការប្រើ​អំពើហិង្សា ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថខេត្តបន្ទាយមានជ័យ​ចំនួន ២​នាក់ ។​

​ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើហិង្សា វាយ​ទៅលើ​ជនសង្ស័យ​រហូត​ដល់​ស្លាប់​នេះ​ដែរ ត្រូវបាន​លោក​អំ សំអាត នាយករង​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​បញ្ជាក់​ប្រាប់​ដល់​វិទ្យុ​វាយោ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២០ ខែ​មករា​ថា ទង្វើ​ខាងលើ​នេះ គឺ​ជា​ទង្វើ​មួយ​ដែល​ឃោរឃៅ និង​អមនុស្សធម៌​។​ជាង​នេះ​ទៀត​ក្នុង​នាម​លោក​ជា​អង្គការ​សង្គម​ស៊ីវិល លោក​ក៏​សូម​អំពាវនាវ​ដល់​មន្ត្រី​នគរបាល​មួយ​ចំនួន សូម​បញ្ឈប់​រាល់​ការ​ធ្វើ​ទារុណកម្ម​ដើម្បី​សួរចម្លើយ និង​ធ្វើ​ទារុណកម្ម​លើ​ជនជាប់សង្ស័យ​...

​សំឡេង​លោក​អំ សំអាត​៖

​សូម​ជម្រាប​ជូន​ដែរ​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ករណី​ខាងលើ​នេះ មានឈ្មោះ​ថា ទុយ ស្រស់ ដែល​គាត់​ជា​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ៥​នាក់​ដែល​រួមមាន​៖​ឈ្មោះ​នូវ នឿន ភេទ​ប្រុស អាយុ ៦២​ឆ្នាំ ,​ហ៊ឹម គី​រី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​,​យិប ម៉ក់ ភេទ​ប្រុស អាយុ ៦១​ឆ្នាំ និង​ឈ្មោះ​អាន រួន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ចុះ​ថ្ងៃទី​១៩ ខែ​មករា បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា ឈ្មោះ​ទុយ ស្រស់ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២០ ដោយ​មាន​ការប្តឹង​ចោទប្រកាន់ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ប្រើ​អំពើហិង្សា និង​ធ្វើ​ទារុណកម្ម​បណ្តាលឲ្យ​ស្លាប់ អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​នេះ ហើយ​នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២០ គណៈកម្មការ​ចំពោះ​កិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ផងដែរ ជា​លទ្ធផល​រកឃើញថា​៖​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ពីរ​រូប​ដែល​មានឈ្មោះ​ស ប៊ុន​សឿង ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ឈ្មោះ​ឆ​យ រដ្ឋ​នា ជា​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រើ​អំពើហិង្សា​ដោយ​វាយ​លើ​ជនសង្ស័យ​ពិតប្រាកដ​មែន​។​

​ក្រោយ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០ អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ចោទប្រកាន់​មន្ត្រី​កងរាជអាវុធហត្ថ​ទាំងពីរ​ខាងលើ ពីបទ​៖«​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​»​តាម​បញ្ញត្តិ​នៃ​មាត្រា ២១៨ និង​មាត្រា ២២៤ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ដី​ការសន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ហើយ​នៅ​ថ្ងៃ​ដដែល​ក្រោយ​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​ទាំងពីរ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ជា​បណ្តោះអាសន្ន បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​

គូស​បញ្ជាក់ដែរថា ក្នុងជំនួប​ប្រចាំឆ្នាំ​លើក​ទី​៤ រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​អ្នកសារព័ត៌មាន​ខ្មែរ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី ក៏​បញ្ជា​ឱ្យ​ស៊ើបអង្កេត​រឿង​នេះ​ឱ្យបាន​ច្បាស់លាស់​ផងដែរ​។ ស្រប​ជាមួយ​បទបញ្ជា​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏បាន​ចាត់តាំង​គណៈកម្មការ​មួយ​ស៊ើបអង្កេត​អំពី​ករណី​នេះ​ផងដែរ​៕


ព័ត៌មានផ្សេងទៀត