លោក​ត្រាំ​​សរសើរ​​កិច្ចព្រមព្រៀង​​ដំណាក់កាល​​ទី​១​​ជាមួយ​ចិន​​ល្អ​ជាង​រំពឹងទុក​

20-01-2020 3:44 pm 248
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃអាទិត្យ​បាន​កោតសរសើរ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ ដែល​បាន​ចុះហត្ថលេខា​កាលពី​សប្ដាហ៍​មុន​ជាមួយ​ចិន ថា​ជា​ការផ្លាស់ប្ដូរ​មួយ​ដ៏​រហ័ស​បង្កើន​ទំនាក់ទំនង​ល្អប្រសើរ​ឡើងវិញ​នឹង​ទីក្រុង​ប៉េកាំង​។ លោក​ថា​កិច្ចព្រមព្រៀង​នេះ​ពិតជា​ល្អ​ជាង​ការរំពឹងទុក​ទៅទៀត​។ កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ ជា​កិច្ចព្រមព្រៀង​ឈានទៅ​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​អូស​បន្លាយពេល​ជិត​២​ឆ្នាំ​។​

​ថ្លែង​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​រដ្ឋ​តិច​សាសន៍​កាលពី​ល្ងាច​ថ្ងៃអាទិត្យ លោក​ត្រាំ​ចាត់ទុក​នេះ​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ប្រទេស​ទាំងពីរ​។ លោក​បង្ហាញ​ក្ដី​រំពឹង​ចិន​ក៏​នឹង​បង្ហាញឲ្យឃើញ​ដូចគ្នាថា កិច្ចព្រមព្រៀង​ចុះហត្ថលេខា​គឺជា​កិច្ចព្រមព្រៀង​ដែល​ល្អ​។ វា​ពិតជា​ធំ​ជាង ល្អ​ជាង​អ្វីដែល​លោក​ធ្លាប់​គិត​លោក​ធ្លាប់​ជួប​។ ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ លោក​ត្រាំ​ចាត់ទុកជា​ការបើក​ទំព័រ​សករាជ​ថ្មី​។ វា​ជា​ទំនាក់ទំនង​ល្អ​បំផុត​មិន​ធ្លាប់មាន​ទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លោក​ត្រាំ​សង្កត់ធ្ងន់ថា​ពេលនេះ​ចិន​បាន​គោរព​អាមេរិក​ហើយ​។​

​អាមេរិក​និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​កាលពី​ថ្ងៃទី​១៥​មករា​។ ការណ៍​នេះ​បានធ្វើឲ្យ​ធូរស្បើយ​ដល់ទី​ផ្សារភាគហ៊ុន ដែល​រងគ្រោះ​ក្រោយ​សង្គ្រាម​ពាណិជ្ជកម្ម​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​។ កិច្ចព្រមព្រៀង​ក៏​ជា​ផលចំណេញ​មួយ​សម្រាប់​លោក​ត្រាំ​ផងដែរ ស្របពេល​លោក​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​នៅ​ព្រឹទ្ធសភា​ក្នុង​សប្ដាហ៍​នេះ មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្ដិ​ថ្មីដ៏​តានតឹង​នៅពេលខា​ង​មុខ​។​

​គួរ​ជម្រាបជូន​ថា កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​រាប់បញ្ចូល​ការប្ដេជ្ញាចិត្ដ​មួយចំនួ​ន​ដូចជា ការសន្យា​ពី​ប្រទេស​ចិន​ដែល​នឹង​បង្កើន​ការទិញ​ទំនិញ​កសិកម្ម​និង​ទំនិញ​ផ្សេងទៀត​របស់​អាមេរិក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ ផ្ដល់​ការការពារ​ដល់​វិស័យ​បច្ចេកវិទ្យា​អាមេរិក និង​យន្ដការ​ពង្រឹង​ច្បាប់​ថ្មី​អនុញ្ញាតឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​យ៉ាង​ឆាប់រហ័ស ដែល​ទីក្រុង​ប៉េកាំង​មិនអាច​ឆ្លើយតបបាន​។ យ៉ាងណាមិញ​ចំពោះ​ពន្ធ​ដែល​ដំឡើង​រួច​នៅតែមាន​ប្រសិទ្ធភាព​ពីរភាគបី​ដដែល លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ​ជាង​៥០០​ពាន់​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត