ក្រុម​មេធាវី​​លោក​ត្រាំ​​ចាត់ទុក​បណ្ដឹង​​ទម្លាក់​លោក​​ពី​តំណែង​​ជា​រឿង​មិន​ស្របច្បាប់​

20-01-2020 11:02 am 249

​ក្រុម​មេធាវី​របស់លោក​ដូណាល់ ត្រាំ​បានចេញ​លិខិត​ឆ្លើយតប​ផ្លូវការ​លើកដំបូង​ចំពោះ​បទចោទប្រកាន់​ប្រឆាំង​លោក​ត្រាំ ដោយ​ចាត់ទុកថា​ការចោទប្រកាន់​ជា​ការវាយប្រហារ​ដ៏​គ្រោះថ្នាក់​លើ​ប្រជាធិបតេយ្យ​។ នៅក្នុង​លិខិត​ឆ្លើយតប​ចំនួន​៦​ទំព័រ​ក្រុម​មេធាវី​និយាយថា​បទចោទប្រកាន់​នេះ មិនបាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ណាមួយ​ទេ​តែ​ជា​ការប៉ុនប៉ង​ឥត​អៀនខ្មាស ដើម្បី​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។ ការឆ្លើយតប​ធ្វើឡើង​ស្របពេល​គណបក្ស​ប្រជាធិបតេយ្យ បញ្ជូន​ពាក្យបណ្ដឹង​សម្រាប់​ដំណើរការ​នីតិវិធី​កាត់ក្ដី​លោក​ត្រាំ​ទៅ​ព្រឹទ្ធសភា​។ សេចក្ដីថ្លែងការណ៍​បើកសវនាការ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​។ 

​លោក​ត្រាំ​គឺជា​ប្រធានាធិបតី​ទី​បី​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក ដែល​ប្រឈម​នឹង​បណ្ដឹង​ទម្លាក់​ចេញពី​តំណែង​។ លោក​រង​ការចោទប្រកាន់ថា​រំលោភ​អំណាច​និង​រារាំង​នីតិវិធី​រដ្ឋសភា ប៉ុន្ដែ​លោក​ធ្លាប់​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់ ហើយ​នៅតែ​ទទូចថា​លោក​មិនបាន​ធ្វើ​ខុស​។ រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្ដឹង​ទម្លាក់​លោក​ត្រាំ​កាលពី​ខែ​មុន​។ ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នឹង​ជា​អ្នកសម្រេច ថា​តើ​ត្រូវ​ផ្ដន្ទាទោស​និង​ដក​លោក​ចេញពី​តំណែង​ឬ​យ៉ាងណា​។​

​សំឡេងគាំទ្រ​ពីរភាគបី​នៅក្នុង​ព្រឹទ្ធសភា គឺ​៦៧​នៃ​១០០​អាសនៈ​ពិតជា​ត្រូវការ​ចំ​បាច់​បំផុត​ដើម្បី​អាច​ផ្ដន្ទាទោស​លោក​ដូណាល់ ត្រាំ​និង​ទម្លាក់​លោក​ចេញពី​តំណែង​បាន​។ ប៉ុន្ដែ​លទ្ធភាព​នេះ​ត្រូវបាន​គេ​មើលឃើញថា​សង្ឃឹម​តិចតួច​បំផុត ដោយសារ​នៅ​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​មានតែ​៤៥​អាសនៈ រីឯ​គណបក្ស​សាធារណរដ្ឋ​មាន​ដល់​៥៣​អាសនៈ ហេតុនេះ​មិន​រំពឹង​អាច​ទទួលបាន​សំឡេងគាំទ្រ​ពីរភាគបី​ទេ​។ ដូច្នេះ​លោក​ត្រាំ​ទំនង​នឹងត្រូវ​លើកលែងទោស​ត្រឹម​ព្រឹទ្ធសភា​។​

​ពេល​បញ្ជូន​ពាក្យបណ្ដឹង​ទៅ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ក្រុម​អ្នកប្រជាធិបតេយ្យ​បានលើកឡើង​នូវ​អំណះអំណាង​របស់​ពួកគេ ចំពោះ​មូលហេតុ​ដែល​លោក​ត្រាំ​គួរតែ​ត្រូវ​ដក​ចេញពី​តំណែង​។ ពួកគេ​បញ្ជាក់ថា​លោក​ប្រធានាធិបតី​បាន​បោះបង់ចោល​ការ​សច្ចាប្រណិធាន​របស់ខ្លួន ដើម្បី​អនុវត្ដ​ច្បាប់​ដោយ​ស្មោះត្រង់​និង​ក្បត់​ទំនុកចិត្ដ​សាធារណជ​ន​។ លើសពីនេះទៅទៀត​ក្រុម​ប្រជាធិបតេយ្យ​បាន​ហៅ​ទង្វើ​លោក​ត្រាំ ជា​ទង្វើ​ដ៏​អាក្រក់​បំផុត​នៃ​បិតា​ស្ថាបនិក​របស់​អាមេរិក​៕

ព័ត៌មានផ្សេងទៀត