ចិន​៖​ជំងឺ​រលាក​សួត​ថ្មី​បាន​ចម្លង​ដល់​ទីក្រុង​ប៉េកាំង​និង​ក្វាង​ទុង​

20-01-2020 10:11 am 615

​អាជ្ញាធរ​សុខាភិបាល​ក្រុង​វូ​ហាន បាន​ប្រកាស​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១៨-១៩ មករា ថា​ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ជំងឺ​រលាក​សួត​ថ្មី​បន្ថែមទៀត បូក​នឹង​ករណី​ចាស់​មាន​ចំនួន​១៣៩​ករណី​ហើយ​។ ក្នុងចំណោម​ការចម្លង​ទាំងនេះ​មាន​៣​ករណី បាន​ឆ្លង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​និង​ខេត្ត​ក្វាង​ទុង​។​

​ការបញ្ជាក់​របស់​អាជ្ញា​ធរ​សុខាភិបាល​ក្រុង​វូ​ហាន​នេះ ធ្វើឡើង​បន្ទាប់​ពី​អ្នកជំងឺ​ទី​៣​បាន​ស្លាប់​ដោយសារ​ជំងឺ​វាយលុក​តាម​ផ្លូវដង្ហើម​នេះ​។ ជំងឺ​រលាក​សួត​ថ្មី​កំពុង​ធ្វើឲ្យ​ពិភពលោក​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​អង្គការ​សុខភាព​ពិភពលោក​បាន​និង​កំពុង​ស្រាវជ្រាវ​ទៅ​នឹង​ជំងឺ​នេះ ដើម្បី​ឈានដល់​ការបង្កើត​ថ្នាំ​ព្យាបាល​ទប់ស្កាត់ ក្រោយ​រាលដាល​យ៉ាងខ្លាំង​ក្នុង​ប្រទេស​ចិន​តាំងពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​។​
​ទន្ទឹម​នឹង​នេះ​ក៏​មាន​ការចម្លង​ចេញពី​ប្រទេស​ចិន​ទៅ​ប្រទេស​ចំនួន​២​ទៀត ទី​១​ប្រទេស​ថៃ ដោយ​អាជ្ញាធរ​ថៃ​បាន​រកឃើញ​ជនជាតិ​ចិន​២​នាក់​មាន​ផ្ទុក​មេ​រោគខូ​រ៉ូ​ណា​វីរុស និង​ទី​២​ជប៉ុន​បាន​រកឃើញ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ក៏​មាន​ផ្ទុក​មេរោគ​នេះ​ដូច​គ្នា​។​

​យ៉ាងណាមិញ ជំងឺ​រលាក​សួត​ថ្មី​ត្រូវបាន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចាត់​ចូល​ថា​ជា​សែស្រឡាយ​ជាមួយនឹង​ជំងឺ​ផ្លូវដង្ហើម​ដែល​បង្ក​ពី​វីរុស​SARS ដែល​បាន​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​កាលពី​ចន្លោះ​ឆ្នាំ​២០០២-២០០៣ ក្នុង​ប្រទេស​ចិន​។ ក្រុម​អ្នកស្រាវជ្រាវ​ជំងឺឆ្លង​បាន​អះអាង​ថា​ជំងឺ​ដែល​បង្ក​ពី​មេ​រោគខូ​រ៉ូ​ណា​ថ្មី​នេះ វា​មិន​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​ដូច​ទៅ​នឹង​ជំងឺ​SARS​បានឡើយ​។ បច្ចុប្បន្ន​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​តែ​ពុំ​ទាន់​វាយតម្លៃ​ច្បាស់​ថា តើ​ជំងឺ​នេះ​ចេញពី​ប្រភព​ណា​ពិតប្រាកដ​? ហើយ​តើ​វា​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​បាន​យ៉ាងដូចម្ដេច​?

​សូម​រម្លឹកថា កាលពីពេល​កន្លង​ទៅ​អាជ្ញាធរ​សុខាភិបាល​ចិន បានដាក់​ការសង្ស័យ​ជំងឺ​នេះ​អាច​កើត​ចេញពី​ហាង​លក់​សាច់​សត្វព្រៃ និង​ហាង​លក់​អាហារ​សមុទ្រ​ក្នុង​ទីក្រុង​វូ​ហាន ព្រោះ​សាច់​សត្វព្រៃ ឬ​អាហារ​សមុទ្រ​អាច​មាន​ផ្ទុក​នូវ​ខូ​រ៉ូ​ណា​វីរុស​នេះ​។ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ថា​ករណី​ឆ្លង​ថ្មីៗ​ហាក់​មិន​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ហាង​អាហារ​សមុទ្រ ឬ​សាច់​សត្វព្រៃ​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អាជ្ញាធរ​សុខាភិបាល​ចិន​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​លើ​ចំណាត់ការ​បង្ក្រាប​លើ​ជំងឺ​ដ៏​ថ្មីស្រឡាង​នេះ ដោយ​គេ​ជឿជាក់​ថា​ចិន​នឹង​អាច​កំណត់​អត្តសញ្ញាណ​ជំងឺ​នេះ​ឲ្យបាន​ច្បាស់ សំដៅ​បង្កើត​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​៕​

ព័ត៌មានផ្សេងទៀត