អគ្គនាយកអាជ្ញាធរជាតិអប្សរាមានសុទិដ្ឋិនិយមអំពីកំណើនទេសចរណ៍ កីឡា

19-01-2020 3:24 pm 148
  ស្តាប់
ស្តាប់ជាសំឡេង

 លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនទេសចរណ៍កីឡា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ផ្សេងៗរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យទេសចរណ៍ជាតិ ពិសេសខេត្តសៀមរាប ដើម្បីរួមចំណែកស្រូបទាញកំណើនទេសចរណ៍ឡើងវិញ ។ការអះអាងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់មេដាយជ័យលាភីដល់កីឡាករ-កីឡាការិនី ក្នុងទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅរមណីយដ្ឋានអង្គរ Angkor Ultra Trial លើកទី៥ នៅថ្ងៃទី១៨ ខែមករា។

លោកហង់ ពៅ បានបញ្ជាក់ថាព្រឹត្តិការណ៍ទេសចរណ៍កីឡាពិតជាមានការទាក់ទាញ ពិសេសតំបន់អង្គរ គឺជាដែកឆក់មួយដើម្បីទាក់ទាញទេសចរណ៍អន្ដរជាតិ ។ ដូច្នេះការយករមណីយដ្ឋានអង្គរជាកន្លែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍កីឡាពិតជាទាញផលចំណេញ ដ្បិតវត្តមានរបស់អ្នកកីឡាទាំងនោះ ត្រូវចំណាយទាំងពេលវេលា និងធនធានច្រើននៅកម្ពុជា ។

ជាក់ស្ដែងផែនការឆ្នាំ២០២០ ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើនដែរ ដូចជាការស្ថាបនាផ្លូវ និងការធ្វើឱ្យតំបន់មុខអង្គរវត្តបៃតង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំទៀត ។

ក្នុងឱកាសនោះផងដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបង្ហាញនូវក្ដីរីករាយ ចំពោះកំណើនអ្នកចូលរួមព្រឹត្តិការណ៍Angkor Ultra Trial នាឆ្នាំនេះ ពិសេសការយល់ដឹងរបស់ពលរដ្ឋខ្មែរ ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍នេះ ធ្វើមានកំណើនពីមួយឆ្នាំទៅមួយ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺជនបរទេសចូលរួមរត់ឆ្នាំនេះ បានបង្ហាញនូវការកោតសរសើរចំពោះការរៀបចំកាន់តែល្អ ទាំងផ្លូវរត់ និងការផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមករានេះ វិញ្ញាសាចំនួន ៥ បានបញ្ចប់ហើយ រួមមានវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ៕ 

ព័ត៌មានផ្សេងទៀត