ចិន​បញ្ជាក់ថា​​មាន​អ្នក​ឆ្លង​ជំងឺ​​រលាក​ផ្លូវដង្ហើម​​ប្រភេទ​ថ្មី​​១៧​នាក់​ទៀត​ហើយ​

19-01-2020 2:39 pm 558

​ប្រទេស​ចិន​នៅ​ថ្ងៃទី​១៩​មករា​នេះ​បាន​រាយការណ៍​ថា​មាន​ករណី​ថ្មី​ផ្ទុះឡើង​ទៀតហើយ នោះ​គឺ​ការឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​បង្កឡើង​ដោយ​វីរុស​ស្រដៀង​នឹង​ជំងឺ​សារ​(SARS)​។ ការកើនឡើង​នៃ​ការឆ្លង​ជំងឺ​នេះ​កំពុង​បង្ក​ជា​ក្ដីបារម្ភ​យ៉ាងខ្លាំង ព្រោះ​ស្របពេល​បុណ្យចូលឆ្នាំ​ចិន​នឹង​មកដល់​នៅ​ចុងខែ​នេះ ហើយ​ប្រជាជន​ចិន​រាប់លាន​នាក់​នឹង​ធ្វើដំណើរ​ជុំវិញ​ប្រទេស​ដើម្បី​ទៅ​ជួបជុំ​គ្រួសារ​ឬ​ដើរ​កម្សាន្ដ​។ 

​អាជ្ញាធរ​បាន​និយាយថា​ករណី​ថ្មី​ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន មាន​មនុស្ស​បីនាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ អ្នក​ឆ្លង​មេរោគ​នេះ​មាន​អាយុ​ចន្លោះ​ពី​៣០​ទៅ​៧៩​ឆ្នាំ​។ វីរុស​ថ្មី​ដែល​អាច​ឆ្លង​រាលដាល​បាន​នេះ​បង្កឲ្យមាន​ការភិតភ័​យយ៉ាងខ្លាំង ដោយសារតែ​វា​ស្រដៀង​នឹង​វីរុស​នៃ​ជំងឺសារ​ធ្លាប់បាន​សម្លាប់​មនុស្ស​៦៥០​នាក់ ក្នុងប្រទេស​ចិន​និង​ហុងកុង​ក្នុងអំឡុង​ឆ្នាំ​២០០២​និង​២០០៣​។ ចំពោះ​អ្នកជំងឺ​ទើប​ឆ្លង​ទាំង​១៧​នាក់បានចាប់ផ្ដើម​ចេញ​រោគសញ្ញា​គ្រុនក្ដៅ​និង​ក្អក​តាំងពី​មុន​ថ្ងៃ​១៣​មករា​មកម្ល៉េះ​។​

​បច្ចុប្បន្ន​មាន​មនុស្ស​៦២​នាក់​ហើយ​បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កដោយ​វីរុស​នេះ​ក្នុង​ទីក្រុង​វូ​ហាន ដោយ​៨​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ១៩​នាក់​បាន​ជាសះស្បើយ​ចេញពី​មន្ទីរពេទ្យ​។ អ្នក​នៅសល់​កំពុងស្ថិត​ក្នុង​ការតាមដាន​និង​ព្យាបាល​ដាច់ដោយឡែក​។ មនុស្ស​ពីរ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងនោះ​មាន​បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់​ទើប​ស្លាប់​កាលពី​ថ្ងៃ​ពុធ ដោយ​វីរុស​នេះ​បណ្ដាលឲ្យមាន​ជំងឺរបេ​ង​សួត​និង​ខូចខាត​មុខងារ​សរីរាង្គ​ជាច្រើន​ទៀត​។​

​ចន្លោះពេល​កំពុង​មានកា​រ​ព្រួយបារម្ភ​ខ្លាំង​អាជ្ញាធរ​ចិន​បានបញ្ជាក់​ពី​សុទិដ្ឋិនិយម​ថា ពួកគេ​បានចាប់ផ្ដើម​ធ្វើឲ្យ​ប្រសើរជាង​មុន​នូវ​ការធ្វើ​តេស្ដ​រក​ជំងឺ​រលាក​សួត​ថ្មី​នៅ​ទូទាំង​ក្រុង ដើម្បី​កំណត់​អត្ដ​សញ្ញាណ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​។ ជំហាន​បន្ទាប់​អាជ្ញាធរ​នឹង​ស្វែងរក​អ្នក​សង្ស័យថា​បាន​ឆ្លង ដើម្បី​អាច​ជួយសង្គ្រោះ​ពួកគេ​បាន​ទាន់ពេលវេលា​។ អាជ្ញាធរ​គូសបញ្ជាក់​បន្ថែមថា​រហូត​មកដល់ពេលនេះ​ពុំមាន​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ឡើយ ប៉ុន្ដែ​គណៈកម្មាធិការ​សុខភាព​ក្រុង​វូ​ហាន​ធ្លាប់​លើកឡើងថា​មិនអាច​ធានាបាន​ទេ​នៅ​ពេលខាងមុខ​។​

​បើតាម​ការបញ្ជាក់​ពី​ក្រុម​អ្នកវិទ្យាសាស្ដ្រ​នៅ​មជ្ឈមណ្ឌល​MRC​សម្រាប់​ការវិភាគ​ជំងឺឆ្លង​សកល នៅ​មហាវិទ្យាល័យ​Imperial​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សុក្រ​បានឲ្យដឹងថា ការឆ្លង​វីរុស​ថ្មី​នេះ​នៅក្នុង​ទីក្រុង​វូ​ហាន​មាន​ជិត​១,៧០០​ករណី​ឯណោះ គឺ​ច្រើនជាង​តួលេខ​ដែល​បាន​រកឃើញ​ជា​ផ្លូវការ​។ ករណី​ឆ្លង​ក៏​កើតមាន​នៅ​ក្រៅប្រទេស​បី​ករណី​ផងដែរ គឺ​ពីរ​ករណី​នៅក្នុង​ប្រទេស​ថៃ​និង​មួយ​ករណី​នៅក្នុង​ប្រទេស​ជប៉ុន​។ យ៉ាងណាមិញ​នៅ​ចិនដីគោក​ពុំទាន់​បានប្រកាស​ពី​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ទេ ស្របពេល​ក្រុង​ហុងកុង​បាន​បង្កើន​វិធានការ​កំណត់​អ្នក​ឆ្លង​វីរុស​នេះ តាមរយៈ​ការត្រួតពិនិត្យ​លើ​អ្នកដំណើរ​ដែល​មកពី​ចិនដីគោក​ជាដើម​៕

ព័ត៌មានផ្សេងទៀត