លោក​គីម ជុង​អ៊ុន​​បញ្ជា​ឲ្យ​បាញ់​​មី​ស៊ី​ល​ច្រើនជាង​​ឪពុក​​និង​ជីតា​​របស់លោក​​ទៅទៀត​

19-01-2020 9:08 am 358

​មន្ដ្រីជាន់ខ្ពស់​យោធា​អាមេរិក​ម្នាក់​បានចេញ​ការព្រមាន ពី​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក​និយាយថា​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​៦៧​លើក​ស្ថិតក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​វ័យក្មេ​ង​លោក​គីម ជុង​អ៊ុន​។ អនុប្រធាន​អគ្គសេនាធិការ​ចម្រុះ​អាមេរិក​លោក​ឧត្ដមសេនីយ៍​John Hyten លើកឡើង​ទាក់ទង​នឹង​ការគំរាមកំហែង​របស់​ទីក្រុង​ព្យុងយ៉ាង ក្នុង​សុន្ទរកថា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សុក្រ​។ លោក​John Hyten​គឺជា​មន្ដ្រី​ឋានៈ​ទី​ពីរ​ក្នុង​ជួរ​យោធា​សហរដ្ឋអាមេរិក​។​

​លោក​Hyten​និយាយថា កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​៩​លើក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មេដឹកនាំ​ទីមួយ​លោក​គីម អ៊ី​ល​សុង និង​ធ្វើតេស្ដ​មី​ស៊ី​ល​២២​លើក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​គីម ជុងអ៊ីល​។ ដោយឡែក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​គីម ជុង​អ៊ុន​វិញ កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រហូតដល់​ទៅ​៦៧​លើក​។ លោក​Hyten​បន្ថែមថា​កូរ៉េខាងជើង​បាន​ផលិត​មី​ស៊ី​ល​ប្រភេទ​ថ្មី អាវុធ​ប្រភេទ​ថ្មី​ជាមួយនឹង​សមត្ថភាព​ថ្មី​លឿន​ខ្លាំងណាស់​។ តែ​យ៉ាងណាក៏ដោយ​លោក​ជឿជាក់ថា​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អាមេរិក ពិតជា​អាច​ទប់ស្កាត់​ការគំរាមកំហែង​ពី​មី​ស៊ី​ល​កូរ៉េខាងជើង​បាន​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​កិច្ចចរចា​ស្ដីពី​ការរំលាយ​នុយក្លេអ៊ែ​រ​ជាមួយ​សហរដ្ឋអាមេរិក​ត្រូវ​ជាប់គាំង លោក​គីម ជុង​អ៊ុន​បានប្រកាស​នឹង​ណែនាំ​នូវ​យុទ្ធសាស្ដ្រ​សព្វាវុធ​ថ្មី​ក្នុងពេល​ឆាប់ៗ​។ ការប្រកាស​របស់លោក​គីម ជុង​អ៊ុន​កំពុង​ធ្វើឲ្យ​ជប៉ុ​ន​និង​កូរ៉េខាងត្បូង​ចាប់ដៃ​ជាមួ​យ​អាមេរិក តាមដាន​មិន​ដាក់​ភ្នែក​ចាំមើល​សកម្មភាព​កូរ៉េខាងជើង​។ នៅ​ចុងឆ្នាំ​២០១៩​លោក​គីម ជុង​អ៊ុន​ក៏​បង្ហាញ​ឥរិយាបថ​គួរឲ្យ​កត់សម្គាល់មួយ​ចំនួន គឺ​លោក​បាន​ឡើង​ទៅលើ​ភ្នំ​Paektu ដែល​កូរ៉េខាងជើង​ចាត់ទុកជា​ភ្នំ​ស័ក្ដសិ​ទ្ធនិ​ង​ជា​និមិត្ដរូប​ផងដែរ​។ តាម​ការ​កត់ចំណាំ​នៅពេល​លោក​គីម​ឡើង​ទៅលើ​ភ្នំ​នោះ គឺ​តែងតែមាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ដោយ​មិន​អាចសន្និដ្ឋាន​មុន​បានឡើយ​៕ 

ព័ត៌មានផ្សេងទៀត