រដ្ឋមន្ដ្រី​ការបរទេស​​កូរ៉េខាងជើង​​ត្រូវ​ផ្លាស់ប្ដូរ​​មុខតំណែង​​ដោយ​ពុំ​ដឹង​មូលហេតុ​

19-01-2020 8:57 am 240
  ស្តាប់
រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងជើងលោករីយ៉ុង ហូ
ស្តាប់ជាសំឡេង

​សារព័ត៌មាន​NK​របស់​អាមេរិក​ដែលមាន​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង ជា​គេហទំព័រ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ការវិភាគ​ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េខាងជើង បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា កូរ៉េខាងជើង​បាន​ផ្លាស់ប្ដូរ​មុខតំណែង​មន្ដ្រីជាន់ខ្ពស់​មួយរូប​។ មន្ដ្រីជាន់ខ្ពស់​ដែល​កូរ៉េខាងជើង​ផ្លាស់ប្ដូរ​តួនាទី គឺ​លោក​រី​យ៉ុង ហូ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​។ ការផ្លាស់ប្ដូរ​លោក​រី​មិនត្រូវ​បានបញ្ជាក់​មូលហេតុ​នោះទេ តែ​ទីក្រុង​ព្យុងយ៉ាង​នឹង​ប្រកាស​ពី​អ្នក​ជំនួស​តំណែង​លោក​នៅ​សប្ដាហ៍​ក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​ដែល​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង បានឲ្យដឹងថា​ការផ្លាស់​ប្ដូរ​ឋានៈ​របស់លោ​ករី គួរតែ​ត្រូវបាន​វាយតម្លៃ​យ៉ាង​ប្រុងប្រយ័ត្ន​។ 

​កើត​នៅក្នុង​ឆ្នាំ​១៩៥៦ លោក​រី​គឺជា​កូនប្រុស​របស់លោក​រី​ម្យុង ជេ អតីត​អនុប្រធាន​នាយក​រដ្ឋា​ន​ណែនាំ​មួយ ដែលជា​ស្ថាប័ន​នៅក្នុង​គណបក្សកាន់អំណាច​កូរ៉េខាងជើង​។ ឪពុក​របស់លោក​ក៏​ជា​និពន្ធ​នាយក​មួយរូប​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​(KCNA)​ផងដែរ​។ ដោយមាន​ជំនាញ​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ព្រោះ​លោក​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ភាសាបរទេស​ក្នុង​ក្រុង​ព្យុងយ៉ាង លោក​រី​បាន​កាន់​មុខតំណែង​ជាន់ខ្ពស់​ជាច្រើន​ឆ្នាំ ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​លោកខាងលិច​។​

​ពី​ឆ្នាំ​២០០៣​ដល់​២០០៧​លោក​ជា​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស និង​បាន​បម្រើការ​ជា​អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​តំណាងឲ្យ​កូរ៉េខាងជើង ក្នុង​កិច្ចចរចា​៦​ភាគី​ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក​រី​មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​ពិភពលោក​នៅ​អង្គការសហប្រជាជាតិ​កាលពី​ខែកញ្ញា​ឆ្នាំមុន​ទេ​។ លោក​ធ្លាប់បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅ​ញូវយ៉ក​បី​លើក គឺ​ពី​ឆ្នាំ​២០១៦-២០១៨​។ ការផ្លាស់ប្ដូរ​មុខតំណែង​របស់លោក​រី​យ៉ុង ហូ​បាន​បង្ក​ជា​ចម្ងល់​យ៉ាងខ្លាំង ព្រោះ​មិនដឹងថា​លោក​គីម ជុង​អ៊ុន​មាន​ចេតនា​អ្វី ឬមួយ​កំពុង​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ក្នុង​ជួរ​រដ្ឋាភិបាល​៕

ព័ត៌មានផ្សេងទៀត