កាណាដា​ជំរុញ​អ៊ីរ៉ង់​ប្រគល់​ប្រអប់​ខ្មៅ​យន្តហោះ​ឲ្យ​បារាំង និង​សង្ឃឹម​ផ្តល់​សំណង​គ្រួសារ​រងគ្រោះ​

18-01-2020 3:31 pm 231
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​Justin Trudeau​នាយករដ្ឋមន្ត្រី​កាណាដា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​អូ​តា​វ៉ា​ប្រទេស​កាណាដា​ថា បារាំង​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​២​ឬ​៣​ផ្សេងទៀត ដែលមាន​សមត្ថភាព​អាច​ស្រង់ និង​វិភាគ​ទិន្នន័យ ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​យោធា​អ៊ីរ៉ង់​បាញ់​ទម្លាក់​។ ចំណែក​អ៊ីរ៉ង់​គ្មាន​ជំនាញ​បច្ចេកទេស​និង​សម្ភារ​ទំនើបៗ​អាច​វិភាគ​ប្រអប់​ខ្មៅ ដែល​រង​នូវ​ការបំផ្លិចបំផ្លាញ​បាន​យ៉ាង​ឆាប់រហ័ស​នោះទេ​។ លោក Trudeau​ថា មាន​ការចាប់ផ្តើម​មូលមតិ​គ្នា​ថា បារាំង​នឹង​ក្លាយជា​កន្លែង​ដ៏​ត្រឹមត្រូវ ដើម្បី​បញ្ជូន​ប្រអប់​ខ្មៅ​ទាំងនោះ ដើម្បី​ទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ​ពី​ពួកគេ ក្នុង​លក្ខណៈ​យ៉ាង​ឆាប់រហ័ស ហើយ​នោះ​គឺជា​អ្វីដែល​លោក Trudeau កំពុង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​អ៊ីរ៉ង់​ឲ្យ​យល់ព្រម​ប្រគល់​ប្រអប់​ខ្មៅ​ទៅ​បារាំង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការបរទេស​ប្រទេស​កាណាដា និយាយថា​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ឯកភាព​លើ​តម្រូវការ​សម្រាប់ ការវិភាគ​ដោយ​តម្លាភាព​នៃ​ទិន្នន័យ​ប្រអប់​ខ្មៅ ហើយ​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ពិភាក្សាគ្នា អំពី កាតព្វកិច្ច​របស់​អ៊ីរ៉ង់​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ រួមទាំង​សំណង​ផងដែរ​។ ការបញ្ជាក់​របស់​អ៊ីរ៉ង់ ធ្វើឡើង​នៅ​ក្នុងជំនួប រវាង​លោក Mohammad Javad Zarif និង​លោក Francois-Philippe Champagne​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាណាដា កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Muscat ប្រទេស​អូ​ម៉ង់​។ នេះ​ជា​ជំនួប​ដ៏​កម្រ​រវាង​ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ ព្រោះតែ​កាណាដា​និង​អ៊ីរ៉ង់ មិនមាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ចាប់តាំងពី​ឆ្នាំ ២០១២ មក​។​

​លោក​Justin Trudeau​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា រដ្ឋាភិបាល​របស់លោក​នឹង​ផ្តល់ជំនួយ​ចំនួន ១៩,១០០ ដុល្លារ​ភ្លាមៗ ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ប៉ុន្តែ​លោក​រំពឹងថា អ៊ីរ៉ង់​នឹង​ផ្តល់​សំណង​ដោយឡែក​ទៅកាន់​គ្រួសារ​ជនរងគ្រោះ​ទាំងនោះ​។ លោក​Trudeau​និយាយថា ជនរងគ្រោះ​ដែលជា​ជនជាតិ​កាណាដា​ប្រហែល ២០ គ្រួសារ បាន​ស្នើសុំ​ការប្រគល់​សាកសព​សាច់ញាតិ​ពួកគេ​ត្រឡប់​មកកាន់​ប្រទេស​កាណាដា​វិញ ហើយ​លោក​រំពឹងថា សាកសព​ដំបូង​នឹង​ត្រូវបានធ្វើ​មាតុភូមិនិវត្តន៍​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ដោយឡែក សាកសព​ជនជាតិ​អ៊ុយ​ក្រែន​ទាំង ១១ នាក់ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ហើយ ត្រូវ​ដឹក​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែន​នៅ​ថ្ងៃទី ១៩ ខែ​មករា​។​

​គួរ​ជម្រាបជូន​ថា យន្តហោះ​អ៊ុយ​ក្រែន​ប្រភេទ​ប៊ូ​អ៊ីង​៧៣៧-៨០០ ត្រូវបាន​យោធា​អ៊ីរ៉ង់​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល កាលពី​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០ បន្ទាប់ពី​ហោះ​ចាកចេញ​ពី​ព្រលានយន្តហោះ​នៅក្នុង​ទី​ក្រុងតេអេ​រ៉ង់​បានរយៈ​ពេលខ្លី​។ អ៊ីរ៉ង់​ដំបូង​ប្រកែក​ថា​មិនបាន​បាញ់​ទម្លាក់​យន្តហោះ​នេះ​ទេ ប៉ុន្តែ​ក្រោយមក​បាន​សារភាព​និង​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​។ តែ​អះអាងថា​ជា​ការបាញ់​ទម្លាក់​ដោយ​ច្រឡំ ដោយសារ​អំឡុង​ពេលនោះ កំពុងមាន​ភាព​តានតឹង​កើនឡើង​ខ្លាំង ជាមួយ​យោធា​អាមេរិក​ដែល​ឈរជើង​នៅ​ប្រទេស​អ៊ីរ៉ាក់​។ យ៉ាងណាក៏ដោយ កំហុស​ដោយ​អ​ចេតនា​នោះ បាន​ផ្តាច់ជីវិត​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​ចំនួន​១៧៦​នាក់ ភាគច្រើន​ជា​ជនជាតិ​អ៊ីរ៉ង់ និង​កាណាដា ហើយ​ក្រៅពីនោះ​ជា​ជនជាតិ​ស៊ុយអែត អ៊ុ​យក្រែន អា​ហ្វ​ហ្គានី​ស្ថាន អាមេរិក អាល្លឺម៉ង់​និង​អង់គ្លេស​៕

ព័ត៌មានផ្សេងទៀត