អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធអត្ថាធិប្បាយលើសំណុំរឿងលោកកឹមសុខា

18-01-2020 1:34 pm 389

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសុំការអធ្យាស្រ័យពីអ្នកសារព័ត៌មាន ដែលរូបមិនអាចផ្តល់បទសម្ភាសន៍ និងការអត្ថាធិប្បាយនានាលើសំណុំរឿងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សស ង្រ្គោះជាតិ តាមការស្នើសុំបាននាពេលកន្លងមក។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងទី១៦ ខែមករា ឆ្នាំ២០២០ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ទាក់ទងនឹងបទចោទ”សន្ទិដ្ឋិភាពជាមួយបរទេស”។ ប៉ុន្តែសវនាការនេះ មិនទាន់មានការសម្រេចបែបណានៅឡើយទេ។

លោកជិន ម៉ាលីន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែមករា ថា ការមិនផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន និងការបដិសេធអត្ថាធិប្បាយនានា លើសំណុំរឿងលោកកឹម សុខានោះ គឺដើម្បីកុំឲ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលក៏ដូចជាក្រសួងមានឥទ្ធិពលលើតុលាការដែលជាស្ថាប័នឯករាជ្យ ក្នុងពេលដែលសំណុំរឿងកំពុងស្ថិតក្នុងដំណើរការសវនាការ។

យ៉ាងណាក៏ដោយលោកជិន ម៉ាលីន បានប្រាប់ឲ្យអ្នកសារព័ត៌មាន ទាក់ទងទៅកាន់មេធាវីនៃគូភាគី ក្នុងសំណុំរឿងនេះដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានអំពីដំណើរការសវនាការ ក៏ដូចជាទិដ្ឋភាពនិងនីតិវិធីច្បាប់ពាក់ព័ន្ធផ្សេងៗទៀត៕ 

ព័ត៌មានផ្សេងទៀត