សវនាការ​​កាត់ក្ដី​​ដក​តំណែង​​លោក​ត្រាំ​​ចាប់ផ្ដើម​​នៅ​ព្រឹទ្ធសភា​

17-01-2020 6:18 pm 532
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

សវនាការ​ជា​ប្រវត្ដិសាស្ដ្រ​របស់លោក​ដូ​ណាល់ ត្រាំ បានចាប់ផ្ដើម​ហើយ​នៅ​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃទី​១៦​មករា​នេះ​។ សមាជិក​ព្រឹទ្ធសភា​បាន​ផឹកទឹកសម្បថ​ដើម្បី​ចូលរួម​ជា​ផ្នែក​មួយ​ក្នុង​សវនាការ ខណៈដែល​ប្រធាន​តុលាការ​កំពូល​អាមេរិក​លោក​John Roberts​ស្បថ​ចូល​កាន់តំណែង​ប្រធាន​ដឹកនាំ​សវនាការ​។ លោក​Roberts​ជា​អ្នកដឹកនាំ​រីឯ​សមាជិក​ព្រឹទ្ធសភា​គឺជា​ចៅក្រម​និង​គណៈវិនិច្ឆ័យ​។ នេះ​គឺជា​ថ្ងៃ​ចាប់​ផ្ដើមដំបូង​បន្ទាប់ពី​រដ្ឋសភា​អាមេរិក សម្រេច​អនុម័ត​បណ្ដឹង​ចោទប្រកាន់​លោក​ត្រាំ​ពីរ​ករណី​។ បទចោទប្រកាន់​ទាំងពីរ​ករណី​មាន​ទីមួយ​រំលោភ​អំណាច​និង​ទី​ពីរ​រារាំង​ដំណើរការ​សភា​។​

​ដំណើរការ​កាត់ក្ដី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក មាន​ដំណាក់កាល​សំខាន់ៗ​ដូចជា ត្រូវមាន​ការស៊ើបអង្កេត​ពី​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​រដ្ឋសភា​។ ក្រោយ​ប្រមូលបាន​ភស្ដុតាង​ហើយ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​បញ្ជូនរ​បាយ​ការណ៍​ទៅ​គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​។ គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ត្រូវ​បន្ដ​ត្រួតពិនិត្យ និង​កោះហៅ​អ្នកច្បាប់​មក​បកស្រាយ​បន្ថែម ហើយ​ត្រូវ​ប្រជុំពិភាក្សា​ផ្ទៃក្នុង​សរសេរ​សេចក្ដីព្រាង​ចោទប្រកាន់​មួយ ត្រៀម​ដាក់ឲ្យ​បោះឆ្នោត​នៅក្នុង​សភា​ទាំងមូល​។ សេចក្ដីព្រាង​ចោទប្រកាន់​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​អនុម័ត​រួច ត្រូវបញ្ជូន​ករណី​ចោទប្រកាន់​ផ្លូវការ​ទៅកាន់​ព្រឹទ្ធសភា​ជា​អ្នក​ថ្នាក់លើ​។​

​នៅ​ព្រឹទ្ធសភា​ក៏​ត្រូវមាន​ក្រុមការងារ​ចាត់ចែង​ដែរ គឺមាន​អ្នកដឹកនាំ​ដំណើរការ​ជំនុំជម្រះ​ក្ដី និង​មាន​សមាជិក​ព្រឹទ្ធសភា​ធ្វើជា​ចៅក្រម​ឬ​គណៈ​វិនិច្ឆ័យ​។ ដំណើរការ​នៅ​ព្រឹទ្ធសភា​អាចមាន​រយៈពេល​ច្រើន​សប្ដាហ៍ ប៉ុន្ដែ​រំពឹង​នឹង​អាចមាន​ការបោះឆ្នោត​បឋម​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​។ វាសនា​របស់លោក​ដូណាល់ ត្រាំ​គឺ​សម្រេច​ត្រឹម​ព្រឹទ្ធសភា​នេះហើយ​។ បើ​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ​លើ​បទចោទប្រកាន់​លោក​ដូណាល់ ត្រាំ នោះ​លោក​នឹងត្រូវ​ដក​ចេញពី​តំណែង​។ ប៉ុន្ដែ​បើ​គ្មាន​សំឡេងគាំទ្រ​ពីរភាគបី​នៅ​ព្រឹទ្ធសភា​ទេ លោក​ត្រាំ​ក៏​នៅតែ​បន្ដ​ជា​ប្រធានាធិបតី​ដដែល​។ 

​យ៉ាងណាមិញ​ករណី​លោក​ត្រាំ​ត្រូវបាន​គេ​មើលឃើញថា មិន​ទំនង​អាច​ឆ្លង​ផុត​ព្រឹទ្ធសភា​នោះទេ​។ មិនអាច​ឆ្លង​ផុត​ព្រោះ​ព្រឹទ្ធសភា​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​របស់លោក​ត្រាំ ពោលគឺ​គណបក្ស​សាធារណរដ្ឋ​មាន​រហូតដល់​៥៣​អាសនៈ ដូច្នេះ​មិនអាច​រកបាន​សំឡេងគាំទ្រ​ពីរភាគបី​ឡើយ​។ បើ​រក​មិនបាន​សំឡេង​ពីរភាគបី នោះ​ក៏​គ្មាន​សិទ្ធិ​ទម្លាក់​លោក​ត្រាំ​ពី​តំណែង​ប្រធានាធិបតី​បានដែរ​៕

ព័ត៌មានផ្សេងទៀត