​កម្ពុជា​ស្នើ​អូស្ត្រាលី​​បន្ត​ការគាំទ្រ​និង​ជួយ​ជំរុញ​​អ្នកវិនិយោគ​មក​កម្ពុជា​បន្ថែមទៀត​​

17-01-2020 4:32 pm 170
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​តាមរយៈ​លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បានស្នើ​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​គាំទ្រ​កម្ពុជា ជាពិសេស​ជួយ​ជំរុញ​អ្នកវិនិយោគ និង​ទេសចរ​អូស្ត្រាលី ទៅ​កម្ពុជា និង​ស្នើឱ្យ​អូស្ត្រាលី​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដោយ​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា មក​សិក្សា​នៅ​អូស្ត្រាលី​ផងដែរ​។

​ក្នុងជំនួប​ជាមួយ​លោក តូ​នី ស្មី​ត ប្រធានរដ្ឋសភា​អូស្ត្រាលី លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បានស្នើ​សភា​និង​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​គាំទ្រ​កម្ពុជា​ជា​បន្តទៀត ជាពិសេស​ជួយ​ជំរុញ​អ្នកវិនិយោគ និង​ទេសចរ​អូស្ត្រាលីទៅ​កម្ពុជា និង​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា មក​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ពីព្រោះ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​សព្វថ្ងៃ ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ចុះ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២០​។​

​ក្នុងជំនួប​នោះដែ​រលោកប្រធានរដ្ឋសភា​កម្ពុជា ក៏បាន​អញ្ជើញលោក តូ​នី ស្មី​ត ប្រធានរដ្ឋសភា​អូស្ត្រាលី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​កម្ពូជា និង​ចូលរួម​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​២០២០ ខាងមុខនេះ​។ សំណើរ​នេះ​ត្រូវបាន​ប្រធានរដ្ឋសភា​អូស្ត្រាលី ទទួលយក​ផងដែរ ហើយ​សន្យា​នឹង​ជួយ​ជំរុញ​អ្នកវិនិយោគ​អូស្ត្រាលី ព្រមទាំង​ទេសចរ​មក​កម្ពុជា​ទៀតផង​។​

​សូមបញ្ជាក់ថា លោក ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិ​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៨ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា (APPF) នាទី​ក្រុង​កង់​បេរ៉ា ប្រទេស​អូស្ត្រាលី តប​តាមការអញ្ជើញ​របស់​ប្រធាន​ស្ថាប័ន​នីតិ​បញ្ញតិ្ត​ប្រទេស​អូស្ត្រាលី ដែល​កិច្ចប្រជុំ​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០៕

 ពាក្យគន្លឹះ  លោកហេងសំរិន

ព័ត៌មានផ្សេងទៀត