ក្រុម​តា​លី​បង់​ព្រម​អនុវត្ត​បទ​ឈប់​បាញ់​ជាមួយ​អាមេរិក​និង​ចរចា​ជាមួយ​អា​ហ្វ​ហ្គានី​ស្ថាន​

17-01-2020 3:42 pm 276
  ស្តាប់
តំណាងក្រុមចរចាអាមេរិកនិងក្រុមតាលីបង់អំឡុងពេលជួបគ្នាកន្លងមក
ស្តាប់ជាសំឡេង

​តំណាង​ក្រុម​ចរចា​អាមេរិក​និង​តំណាង​ក្រុម​ចរចា​តា​លី​បង់ បាន​ជួបគ្នា​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា ដើម្បី​ពិភាក្សា​មុន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ តំណាង​អាមេរិក​ស្នើឲ្យ​ក្រុមតា​លីបង់ អនុវត្ត​បទ​ឈប់​បាញ់​អំឡុងពេល​កំពុង​ចរចា​នេះ ប៉ុន្តែ​ក្រុម​តា​លី​បង់​ប្រកែក​ដោយ​លើកឡើងថា លុះត្រាតែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រួចរាល់​ហើយ​សិន ទើប​ព្រម​អនុវត្ត​បទ​ឈប់​បាញ់​រយៈពេល​១០​ថ្ងៃ​ជាមួយ​កងទ័ព​អាមេរិក​តាម​ក្រោយ ក៏ដូចជា​យល់ព្រម​បន្ថយ​ការវាយប្រហារ ប្រឆាំងនឹង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ផងដែរ​។ 

​ក្រៅពីនោះ ពួក​តា​លី​បង់​ក៏​យល់ព្រម​ជួបចរចា​ជាមួយ​តំណាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន ដែល​គ្រោង​រៀបចំ​ធ្វើ​នៅឯ​ប្រទេស​អាល្លឺម៉ង់​។ តាំងពីដើម​មក​ពួក​តា​លី​បង់​បដិសេធ មិន​ព្រម​ជួបចរចា​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថានទេ ដោយ​ពួកគេ​ចាត់ទុក​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន ជា​អាយ៉ង​របស់​អាមេរិក​ប៉ុណ្ណោះ និង​ថា អាមេរិក​តែ​ម្នាក់​គត់ ដែល​ពួកគេ​ចង់​ចរចា​ជាមួយ ដ្បិត​ជម្លោះ​រ៉ាំរ៉ៃ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន រួមចំណែក​សំខាន់​ពី​អាមេរិក​។​

​ប៉ុន្តែ​អ្វី​ដែលជា​ចម្ងល់​នោះ ថា​តើ​កិច្ចព្រមព្រៀង​សន្តិភាព រវាង​អាមេរិក​និង​ពួក​តា​លី​បង់ នឹងត្រូវ​ចុះ​ល​ត្ថ​លេខា​នៅពេលណា​? គឺ​ពុំទាន់​ដឹង​នៅឡើយ​ទេ តែ​បើតាម​មេបញ្ជាការ​ជាន់ខ្ពស់​ក្រុម​តា​លី​បង់​អះអាងថា នឹង​ត្រូវធ្វើឡើង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ត្រូវ​ចុះហត្ថលេខា​ក្នុងពេល​ឆាប់ៗ ព្រោះតែ​ចំណុច​ខ្វែងគំនិត​គ្នា​ភាគច្រើន ត្រូវបាន​ពិភាក្សា​ដោះស្រាយ​រួចរាល់​ហើយ​។ យ៉ាងណាក៏ដោយ ទាំងនេះ​គ្រាន់តែ​ជា​ការលើកឡើង​ពី​ប្រភព​ស្និទ្ធ​នឹង​ការចរចា ដែល​សុទ្ធតែ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ដ្បិត​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ​។ ភ្លាមៗ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ រីឯ​ការិយាល័យ​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន និយាយថា​មិន​បានដឹង​អំពី​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​។​

​គួរ​ជម្រាបជូន​ថា ការចរចា​រវាង​អាមេរិក​និង​ក្រុម​តា​លី​បង់​ត្រូវបាន​ផ្អាក នៅ​ខែកញ្ញា​ឆ្នាំ​២០១៩ នៅពេល​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានប្រកាស​បញ្ឈប់​ការចរចា ព្រោះ​ខឹង​ក្រុម​តា​លី​បង់​បើក​ការវាយប្រហារ​បណ្តាលឲ្យ​ស្លាប់ទា​ហ៊ាន​អាមេរិក ខណៈ​កំពុង​ចរចា​ស្វែងរក​សន្តិភាព​។ នៅ​ខែវិច្ឆិកា ការចរចា​បានចាប់ផ្តើម​ម្តងទៀត តែ​ក៏​ជួប​ការបរាជ័យ​នៅ​ខែ​បន្ទាប់ ក្រោយ​ក្រុម​តា​លី​បង់ បើក​ការវាយប្រហា​រលើ​មូលដ្ឋាន​អាមេរិក នៅ​ខាងក្រៅ​ទីក្រុង​កា​ប៊ុល បណ្តាលឲ្យ​ស្លាប់​ជន​ស៊ីវិល​។ ទើបតែ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ការចរចា​បានចាប់ផ្តើម​ឡើងវិញ​ដ៏​គួរឲ្យភ្ញាក់ផ្អើល ដ្បិត​មានមតិ​ខ្លះ​លើកឡើងថា អាមេរិក​និង​ក្រុម​តា​លី​បង់ ប្រហែល​មិន​ងាយ​បើក​ជំនួប​ថ្មី ដើម្បី​បញ្ចប់សង្គ្រាម​១៨​ឆ្នាំ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​បានឡើយ​។​

​សង្គ្រាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បានអូសបន្លាយ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកហើយ នៅពេល​អាមេរិក​បញ្ជូន​ទ័ព​ទៅ​ទីនោះ ដើម្បី​តាម​ផ្តាច់​ឫសគល់​ក្រុម​ភេរ​វករ ក្រោយពី​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម លើ​អគារ​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១​។ អាមេរិក​បាន​បញ្ជូន​ទ័ព​ទៅ​ដាក់ពង្រាយ​ជាង​១០០, ០០០ នាក់ នៅក្នុង​ប្រទេស​នេះ ហើយ​នៅ​ឆ្នាំ​២០១៤ អាមេរិក បាន​ដក​កងទ័ព​ភាគច្រើន​ចេញ​វិញ​៕

ព័ត៌មានផ្សេងទៀត