រដ្ឋ​មន្ត្រី​ព័ត៌មាន​ប្រតិកម្ម​អ្នកកាសែត​ស្រី​ម្នាក់ជុំវិញ​​ជំនួប​ប្រចាំ​ឆ្នាំ​ជា​មួយ​នាយក​រដ្ឋមន្ត្រី​​​

17-01-2020 3:05 pm 1831

​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឆ្លើយតប និង​ពន្យល់​ទៅកាន់​នារី ជា​អ្នកសារព័ត៌មាន​មួយរូប ដែល​បាន​បង្ហោះ​ការ​មិន​ពេញចិត្ត ចំពោះ​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​ប្រចាំឆ្នាំ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា កន្លងទៅនេះ​។ ដោយៈ​សៅ វិសាល​

​នារី​ជា​អ្នកសារព័ត៌មាន ដែលមាន Facebook ឈ្មោះ «Ly Na» ដោយ​បាន​លើកឡើង​ថា ជា​ជំនួប​គ្រាន់តែ​ទៅ​ស្តាប់​លោក​នាយករដ្ឋមន្ត្រី និង​ហូប​អាហារ ហើយ​មិន​បាន​លើកឡើង​នូវ​អ្វី​ដែល​ជា​ទុក្ខ​កង្វល់​របស់​ខ្លួន​ជា​អ្នកសារព័ត៌មាន​។ ហើយ​សម្រាប់​ជំនួប​លើក​ក្រោយ ខ្លួន​នឹង​មិន​ចូលរួម​ទៀត​នោះឡើយ​។​

​លោក​ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ពន្យល់ថា នៅ​មុន​ពេល​ជំនួប​ជា​រៀងរាល់ឆ្នាំ សមាគម​អ្នកកាសែត តែង​ពិគ្រោះគ្នា​លើក​ពី​ចំណុច ដែល​ត្រូវ​ដាក់ជូន​នាយករដ្ឋមន្ត្រី​សម្រេច ហើយ​ក្រសួង​ព័ត៌មាន ពិនិត្យ​ពី​ចំណុច​ណា ដែល​គួរ​ដាក់ ដើម្បី​នាយករដ្ឋមន្ត្រី​សម្រេច​ជា​គោលការណ៍ គឺ​និយាយ​ពី​រឿង​ព្រៃ មិន​និយាយ​ពី​ដើមឈើ​ទេ​។ 

​លោក​រដ្ឋមន្ត្រី បាន​បន្ត​ពន្យល់ថា នៅក្នុង​ឆ្នាំនេះ បញ្ហា​ដែល​លើកឡើង គឺ​កិច្ចការពារ​អ្នកកាសែត​នៅ​ចំពោះ​មុខ​ច្បាប់ និង សំណូមពរ​អ្នកកាសែត​ចង់​មាន​ប្រព័ន្ធ​សន្តិសុខ​សង្គម​នៅពេល​ពួកគេ​មាន​ជំងឺ​ដង្កាត់​ផ្សេងៗ​។ ដោយ​ប្រព័ន្ធ ប​.​ស​.​ស​. មាន​នីតិវិធី​ច្បាស់លាស់​ហើយ ក្រសួង​មាន​គំរោង​បើក​សិក្ខាសាលា​មួយ ជូន​អ្នកកាសែត​ដោយ​អញ្ជើញ​តំណាង​ក្រសួង​សង្គមកិច្ច​មក​ពន្យល់ ហេតុ​នេះ​នៅ​សល់​តែ​រឿង​ការពារ​អ្នកកាសែត នៅ​ចំពោះ​ការប្តឹង​ផ្តល់​នានា ។ ហើយ​សំណូមពរ​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ដោះស្រាយ​ជូន​នៅ​ថ្ងៃ​ទី ១៤ មករា នោះ​ហើយ តែ​ប្រហែល​អ្នក​រិះគន់​នោះ រវល់​តែវ៉ែជ​ជែកគ្នា​បានជា​មិនឮឬ​យ៉ាងណា ?

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០​កន្លង​ទៅ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្តល់​កិត្តិយស ពិសា​អាហារ​សាមគ្គី​ជា​លើក​ទី​៤ ជាមួយ​អ្នកព័ត៌មាន​ជិត​៦​ពាន់​នាក់​។ 
​ក្នុង​ជំនួប​នេះ ក្រៅតែពី​ការកោតសរសើរ ចំពោះ​ការ​វិវឌ្ឍន៍​លើ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​កែលំអរ​លើ​ចំណុច​ឆ្គាំឆ្គង និង​កង្វះខាត​របស់​អ្នកព័ត៌មាន​ផងដែរ​។​

​ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី បាន​ផ្តល់​នូវ​ពាក្យស្លោក​មួយ​ឃ្លា ដោយ​លោក​អះអាងថា ជា​យ័ន្ត​ការពារ​ខ្លួន​សម្រាប់​អ្នកសារព័ត៌មាន គឺ​ពាក្យ​ថា «​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​»​។ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​ក្រើនរំលឹក​ទៅដល់​មន្ត្រី​របស់​រាជរដ្ឋាភិបាល កុំ​ឱ្យ​ចាត់​ទុក​អ្នកសារព័ត៌មាន​ជា​សត្រូវ ដោយ​ត្រូវ​ចាត់ទុក​ជា​ដៃគូ​សហការ​មួយ​ដ៏​ប្រសើរ​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត