តំណាងរាស្ត្រ​ជប៉ុន​ស្នើ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា​

17-01-2020 12:21 pm 181
  ស្តាប់
ស្តាប់ជាសំឡេង

សមាជិក​សភា​តំណាងរាស្ត្រ​ប្រទេស​ជប៉ុន​លោក យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ​(YAMAMOTO Kozo) បាន​ស្នើ​ឱ្យ​ភាគី​ទាំងពីរ កម្ពុជា និង​ជប៉ុន ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ឱ្យបាន​ឆាប់ ដើម្បី​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ជប៉ុន​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន ដោយ​ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ពេល​ថ្មីៗ​នេះ​។ 

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ទៅ​កាន់​តំណាងរាស្ត្រ​ជប៉ុន​លោក YAMAMOTO Kozo ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា​ជាមួយ​ប្រទេស​ជប៉ុន​ថា លោក​បាន​ជំរុញ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ចរចា​ជាមួយ​គ្នា​បន្ថែមទៀត ដើម្បី​រក​នូវ​ដំណោះស្រាយ​រួម​សម្រាប់​ឈាន​ទៅ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នា​ពេល​ឆាប់ៗ​ខាងមុខ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បន្ត​ដោយ​បញ្ជាក់ អំពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក្នុង​វិស័យ ហិរញ្ញវត្ថុ រដ្ឋាភិបាល​កម្ពុជា​មាន​ក្របខ័ណ្ឌ​គោលនយោបាយ​រយៈពេល​វែង​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ដែល​ជំរុញ​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ទាំង​ក្នុង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​។

រដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​អនុវត្តន៍​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ផងដែរ ខណៈ​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​បាគង ដែល​ជា​ប្រព័ន្ធ​ទូទាត់​តាម​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​លើកកម្ពស់​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។​

​សូមបញ្ជាក់​ថា ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ជប៉ុន បាន​នាំមក​នូវ​សមិទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ជា​ច្រើន ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​ជំនួយ​បច្ចេកទេស ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​ផងដែរ ស្រប​ជាមួយ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន ក៏​មាន​សន្ទុះ​កើនឡើង​ផងដែរ ដែល​បាន​ជួយ​បង្កើត​ការងារ ផ្ទេរ​បទពិសោធន៍ និង​ចំណេះដឹង ព្រមទាំង​បាន​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត