មន្ត្រី​កសិកម្ម​៖ ជ្រូក​នៅ​វៀតណាម​ថ្លៃ​ជា​ងនៅ​កម្ពុជា ដូច្នេះ​គ្មាន​ហេតុផល​ត្រូវ​នាំចូល​ទេ​

17-01-2020 11:03 am 230

​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​អះអាង​ថា មិន​មាន​ការនាំ​ជ្រូក​ពី​ប្រទេស​វៀតណាម ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​ទេ ព្រោះ​តម្លៃ​សាច់​ជ្រូក​នៅ​ក្នុង​ប្រទេស​វៀតណាម មាន​តម្លៃ​ថ្លៃ​ជាង​សាច់​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក តាន់ ផាន់​ណា​រ៉ា បាន​បញ្ជាក់ថា ប្រទេស​វៀតណាម កំពុងតែជួបប្រទះ​នូវ​កង្វះខាត​សាច់ជ្រូក​ជាច្រើន សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​របស់​ខ្លួន បន្ទាប់​ពី​ផ្ទុះ​ជំងឺប៉េស​អាហ្វ្រិក ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការនាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​ប្រទេស​កម្ពុជា ក្នុង​មួយ​ថ្ងៃៗ​ពី​៣,៥០០​ក្បាល ទៅ​៥,០០០​ក្បាល​។​

​មន្ត្រី​រូប​នេះ បាន​សង្កត់ធ្ងន់ថា តម្លៃ​សាច់​ជ្រូក​នៅ​ក្នុង​ប្រទេស​វៀតណាម ក្នុង​មួយ​គីឡូ​មានតម្លៃ​ពី​៣,៥​ដុល្លារ ទៅ​៤​ដុល្លារ ខណៈ​តម្លៃ​សាច់ជ្រូក នៅក្នុង​ប្រទេស​កម្ពុជា មានតម្លៃ​តែ​១១,០០០​រៀល ទៅ​១២,០០០​រៀល​ក្នុង​មួយ​គីឡូ ហើយ​តាម​ព័ត៌មាន​លឺថា វៀតណាម​ត្រូវការ​សាច់ជ្រូក សម្រាប់​ធ្វើ​សាច់ក្រក​ប្រមាណ​១០០​ពាន់​តោន​ទៀត ដូច្នេះ​គ្មាន​ហេតុផល​ណាមួយ​ដែលថា មាន​ការនាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​ទីផ្សារ​កម្ពុជា​នោះទេ​។​

​គួររបញ្ជាក់ថា មន្ត្រី​ក្រសួង​កសិកម្ម​រូបនេះ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​នាំ​ជ្រូក​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​វៀតណាម ដែល​ឆ្លងកាត់​ខេត្ត​តាកែវ ត្រូវ​ដឹក​ជ្រូក​ពី​ព្រំដែន​ថៃ​ឲ្យដល់​ព្រំដែន​ប្រទេស​វៀតណាម​តែម្ដង ដោយ​មិន​អនុញ្ញាត​ឲ្យ​ស្តុក​ទុក​នៅ​ទីតាំង​ណាមួយ ហើយ​ដឹក​បន្ត​តាម​រថយន្ត​តូចៗ ទៅ​ប្រទេស​វៀតណាម​នោះទេ ជាពិសេស​ជ្រូក​ដែល​ដឹក​ទៅ ប្រទេស​វៀតណាម​ហើយ គឺ​ហាម​ដាច់ខាត​ដឹក​ត្រលប់​មកវិញ ដែល​នាំឲ្យ​មាន​ការយល់ច្រលំ​ថា មាន​ការនាំ​ជ្រូក​ពី​វៀតណាម​ចូលមក​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត