ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមាន​កងកម្លាំង​បរទេស​នៅ​មជ្ឈឹម​បូ​ព៌ា \"​អាច​ស្ថិតក្នុង​គ្រោះថ្នាក់​\"

16-01-2020 3:52 pm 668

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហា​សាន រ៉ូ​ហានី បាន​ប្រាប់​ប្រទេស​មហាអំណាច ឲ្យ​ដក​កងកម្លាំង​របស់​ពួកគេ​ចេញពី​តំបន់​មជ្ឈឹម​បូ​ព៌ា ដោយ​ព្រមាន​ថា កងទ័ព​បរទេស​ទាំងនោះ "​អាច​ស្ថិតក្នុង​គ្រោះថ្នាក់​" ប្រសិនបើ​ពួកគេ​នៅតែ​រក្សា​វត្តមាន​នៅក្នុង​តំបន់​នេះ​។ «​នៅថ្ងៃនេះ​ទា​ហ៊ាន​អាមេរិក​ស្ថិតនៅក្នុង​គ្រោះថ្នាក់ ហើយ​ថ្ងៃស្អែក​ទា​ហ៊ាន​អឺរ៉ុប​អាច​នឹង​ស្ថិតនៅក្នុង​គ្រោះថ្នាក់​ដែរ​។​» នេះ​ជា​ការព្រមាន​របស់លោក​ហាសាន រ៉ូ​ហានី​អំឡុងពេល​ថ្លែង​​សុន្ទរកថា តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ ដោយ​មិន​បានបញ្ជាក់​លម្អិត​ពី​គ្រោះថ្នាក់ ដែល​លោក​បានលើកឡើង​នោះទេ​។

ការអត្ថាធិប្បាយ​នេះ​ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​ចក្រភព​អង់គ្លេស បារាំង​និង​អាឡឺម៉ង់ ជំទាស់​នឹង​ទី​ក្រុងតេអេ​រ៉ង់ ជុំវិញ​ការបំពាន​ខ្លឹមសារ ដែល​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ២០១៥ រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​ចំនួន ៦​។ នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​រ៉ូ​ហានី​ប្រើពាក្យ​គំរាម​ចំពោះ​ប្រទេស​អឺរ៉ុប ចំពេល​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក​។ អាមេរិក​និង​អ៊ីរ៉ង់​ប៊ិះ​នឹង​ជ្រុលជ្រួស​ចូលក្នុង​ជម្លោះ​ធ្ងន់ធ្ងរ​នៅ​ដើម​ខែម​ករានេះ បន្ទាប់ពី​អាមេរិក​សម្លាប់​មេទ័ព​របស់​អ៊ីរ៉ង់​ម្នាក់ ហើយ​អ៊ីរ៉ង់​បាន​សងសឹក​វិញ តាមរយៈ​ការបាញ់​មី​ស៊ី​ល​លើ​មូលដ្ឋានទ័ព​អាមេរិក នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។ យ៉ាងណាក៏ដោយ ប្រទេស​ទាំង​ពីរបាន​ដកថយ​ម្នាក់​មួយ​ជំ​ហ៊ាន ដើម្បី​បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​។​

​ប៉ុន្តែ អ៊ីរ៉ង់​នៅតែ​ចិញ្ចឹមចិត្ត​ខឹង​អាមេរិក ដោយ​បណ្តេញ​កងទ័ព​អាមេរិក ឲ្យ​ចាកចេញ​ពី​តំបន់​មជ្ឈឹម​បូ​ព៌ា តែ​អាមេរិក​បញ្ជាក់​ហើយ​ថា មិន​ដក​កងទ័ព​ចេញ​នៅពេល​នេះឡើយ​។ រីឯ​អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប លោក​Peter Stano បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ក្រុមមន្ត្រី​បានដឹង​អំពី​ការគំរាមកំហែង​នេះ ប៉ុន្តែ​សហគមន៍​អឺរ៉ុប​មិនមាន​ផែនការ ដកទ័ព​ចេញពី​ប្រទេស​អ៊ីរ៉ាក់​ទេ​។ នៅពេល​ភាព​តានតឹង​នៅ​តំបន់​មជ្ឈឹម​បូព៌ា​កើនឡើង បាន​ជំរុញ​ឲ្យ​តំណាង​ប្រទេស​មួយចំនួន ធ្វើ​ទស្សនកិច្ច​ដោយ​ឥត​ព្រាងទុក ដើម្បី​ត្រួតពិនិត្យ​មូលដ្ឋានទ័ព​របស់គេ​ដែល​មាននៅ​ទីនោះ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាឡឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer បានធ្វើ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទៅកាន់​មូលដ្ឋានទ័ព Azraq​នៅ​ហ្ស៊កដានី​។ រីឯ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីតាលី​លោក Lorenzo Guerini បាន​ប្រាប់​សមាជិកសភា​ថា រដ្ឋាភិបាល​របស់លោក មាន​ផែនការ​បង្កើន​កម្រិត​ក​ង​ទ័ព​របស់​ទីក្រុង​រ៉ូម នៅ​ច្រក​សមុទ្រ​Hormuz ដែលជា​ផ្លូវទឹក​មួយ​សម្រាប់​នាវា​ដឹក​ប្រេង​ឆ្លងកាត់​។​

​គួរ​ជម្រាបជូន​ថា កងកម្លាំង​អឺរ៉ុប​ត្រូវបាន​ដាក់ពង្រាយ​នៅក្បែរៗ​កងទ័ព​អាមេរិក នៅ​ប្រទេស​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គានី​ស្ថាន​។ បារាំង​រក្សា​មូលដ្ឋាន​កងទ័ពជើងទឹក នៅ​អា​ប៊ូ​ដា​ប៊ី​រដ្ឋធានី​នៃ​ប្រទេស​អារ៉ាប់​រួម ខណៈ​អង់គ្លេស​បាន​បើក​មូលដ្ឋាន​នៅ​បា​រ៉ែ​ន​។ អាឡឺម៉ង់​មាន​មូលដ្ឋាន​ទ័ព Azraq នៅ​ហ្ស៊កដានី ដែល​បម្រើការ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ ISIS និង​មានបំណង​បន្ត​ការបណ្តុះបណ្តាល​ដល់​កង​ទ័ព​អ៊ីរ៉ាក់​៕

ព័ត៌មានផ្សេងទៀត