ក្រសួង​កសិកម្ម​ណែនាំ​វិធានការ​៧​ចំណុច​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​

16-01-2020 3:34 pm 423

​នៅ​ក្នុង​សេចក្ដីណែនាំ​មួយ​របស់​ក្រសួង​កសិកម្ម ក្រសួង​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៧​ចំណុច ដើម្បី​ទប់ស្កាត់​និង​ការពារ​ភ្លើង​ឆេះ​ព្រៃ​។ ក្នុងនោះ​ក៏​មាន​ការដាក់ទោសទណ្ឌ​ដល់​ជន​ប្រព្រឹត្ដ​ល្មើស គឺ​ជន​បង្ក​ឲ្យមាន​ភ្លើង​ឆេះ​ព្រៃ​ផងដែរ រួម​ទាំង​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត​។​(​ដោយ ម៉ៅ សុភ័ក្ត្រា​)

​ដោយ​កត់​កត់សម្គាល់ឃើញ​ថា​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ ដែល​បង្ក​អោយមាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​​ការបាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក និង​បាន​បង្ក​វិនាសកម្ម ក៏ដូចជា​ការខាតបង់​យ៉ាង​ធ្ងន់​ដល់​សង្គម សេដ្ឋកិច្ច​ជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិ និង បរិស្ថាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ស្តីពី វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវប្រាំង​។​

​សេចក្ដីណែនាំ​ចុះ​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២០ បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រដ្ឋបាល​មូលដ្ឋាន និង​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ​និង​សហគមន៍​កសិកម្ម​ផងដែរ ដើម្បី​អនុវត្តន៍​ផែនការ​៧​ចំណុច​។ ផែនកា​រទាំង​៧​ចំណុច​មាន​៖

១-​ទប់ស្កាត់​ការប្រើ​ភ្លើង​ដើម្បី​យក​ឃ្មុំ ការដុត​ស្ទាក់​ចាប់​សត្វ និង​ការដុត​វាលស្មៅ​ដើម្បី​យក​ល្បាស់​ធ្វើ​ចំ​
​ណី​សត្វពាហនៈ​។​

២-​ទប់ស្កាត់​ការកាប់​ឆ្ការ ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃ​ដី​ដំណាំ​កសិកម្ម ឬ ក្នុង​គោលបំណង​ផ្សេងទៀត​ដែល​ជា​សកម្មភាព​ល្មើស​និង​ច្បាប់​។​

៣-​ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់​ព្រៃឈើ ឬ​សកម្មភាព​
​ស្រប​ច្បាប់​ផ្សេង​ទៀត សូម​ជូនដំណឹង​ដល់​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ខេត្ត​។​

៤-​ការរុករក​អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេង​ទៀត​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ ត្រូវ​ណែនាំ​អោយ​ពន្លត់ភ្លើង​អោយ​រលត់​មុន​និង​ចាកចេញ​។​

៥-​ក្នុងករណី​មាន​ភ្លើង​ឆេះ​ព្រៃ គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត​ត្រូវ​ប្រញាប់​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​និង​ពន្លត់ភ្លើង​អោយមាន​ប្រសិទ្ធភាព​។​

៦-​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី​-​ខេត្ត មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​រុករាន ដុត​ព្រៃ ដែល​អាណាធិបតេយ្យ​ផ្ទុយ​និង​ច្បាប់​។​

៧-​ត្រូវ​សហការ​ជាមួយ​អជ្ញាធរ​ដែនដី​ក្នុង​ការហាមឃាត់ ការចូល​ប្រើប្រាស់​ដី​ព្រៃឈើ​ដែល​ទើប​ឆេះ​រួច ​ដើម្បី​ទុក​លទ្ធភាព​អោយ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​ឬ​បង្ក​អោយ​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​មួយ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​មួយ ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ ឬ​ពី​៥​ទៅ​១០​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត