លោក​ហ៊ុន សែន​ ប្រាប់​សមាជិកសភា​​ជប៉ុន​​ពី​តម្រូវការ​ទឹក​ស្អាត​​ខណៈ​រាជធានី​​ភ្នំពេញ​កាន់តែ​រីក​ធំ​​

16-01-2020 3:02 pm 208

​លោក​យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ (YAMAMOTO KOZO) សមាជិកសភា​ជប៉ុន បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលដៅ​ពីរ គឺ​ទី​១ សិក្សា​ពី​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ និង​ការអភិវឌ្ឍន​ប្លុក​ឆេង​នៅ​កម្ពុជា ។​ទី​២ សិក្សា​អំពី​បញ្ហា​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ​។ 

​ក្នុងជំនួប​ជាមួយ លោក​យ៉ាម៉ា​ម៉ូ​តុ កូ​ហ្សូ ថ្ងៃទី​១៦ មករា នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្វាគមន៍​ការ​មក​ធ្វើ​ការសិក្សា​ទៅលើ​ការប្រើប្រាស់​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ និង​ប្លុក​ឆេង (Blockchain) ដើម្បីឱ្យ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នេះ ឲ្យមាន​ដំណើរការល្អប្រ​សើរ និង​សុក្រឹត្យភាព​នៅ​កម្ពុជា​។ 

​ដោយឡែក បញ្ហា​ទឹកស្អាត លោក​ហ៊ុន សែន ប្រាប់​ភាគី​ជប៉ុន​ថា កម្ពុជា​គឺ​ត្រូវ​ការពង្រីក​ស្ថានីយ​ទឹកស្អាត​ឲ្យបាន​ច្រើន​ថែមទៀត ដោយសារតែ​រាជធានី​ភ្នំពេញ​កាន់តែ​រីកធំឡើង​ជា​លំដាប់​ពី ៣០០​គីឡូម៉ែត្រ​ការ៉េ រហូត​ទៅដល់​ប្រមាណ​ជាង​៦០០​គីឡូម៉ែត្រ​ការ៉េ ហើយ​ការអភិវឌ្ឍ​ផ្ទះសម្បែង​មាន​ការរីកលូតលាស់ និង​ឆាប់រហ័ស​ផងដែរ​។ 

​ប៉ុន្តែ​លោក​ហ៊ុន សែន បានបញ្ជាក់​ភាគី​ជប៉ុន​ថា ការងារ​ពីរ​ដែល​ត្រូវធ្វើ​នោះ​គឺ ១)​ត្រូវ​ពង្រីក​នូវ​សមត្ថភាព​ការផ្គត់ផ្គង់​ទឹកស្អាត ឲ្យដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ និង ២)​គឺ​ធ្វើយ៉ាងណា​ពង្រីក​បណ្ដាញ​ចែកចាយ​ទៅកាន់​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​ថែមទៀត​៕ 

 ពាក្យគន្លឹះ  លោកហ៊ុនសែនទឹកស្អាត

ព័ត៌មានផ្សេងទៀត