ចិន​-​អាមេរិក​ចុះហត្ថលេខា​ផ្លូវការ​ដំណាក់កាល​ទី​១​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​

16-01-2020 11:53 am 626

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក លីវ ហេ (Liu He)  កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ជា​ផ្លូវកា​រហើយ ក្នុង​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​លើ​ពិភពលោក ដែល​បាន​ចាប់ផ្តើម​កើតមានឡើង​រយៈពេល​ជិត​២​ឆ្នាំ​កន្លងមកនេះ​។​

​ពិធី​ចុះហត្ថលេខា​ដ៏​ធំ​នេះ​ធ្វើឡើង​នៅក្នុង​សេត​វិមាន សហរដ្ឋអាមេរិក ដោយ​លោក​ត្រាំ បាន​ហៅ​ថា ជា​កិច្ចព្រមព្រៀង​ដ៏​មាន​សារៈសំខាន់ ។ កិច្ចព្រមព្រៀង​នេះ ក៏​ជា​ទុន​មួយ​យ៉ាង​សំខាន់​របស់​លោក​ដូណាល់ ត្រាំ ខណៈ​កំពុង​រង​នូវ​ការស៊ើបអង្កេត​ពី​រដ្ឋ​សភា​អាមេរិក ពាក់ព័ន្ធ​រឿងរ៉ាវ​មួយចំនួន ក្នុងនោះ​មាន​ករណី​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ និង​ការប្រើ​អំណាច​បង្ខំ​ឲ្យ​អ៊ុ​យក្រែ​ន​ស៊ើបអង្កេត​លើ​គូ​ប្រជែង​នយោបាយ​លោក ចូ បាយ​ដិន ហើយក៏​ជា​ទុន​មួយ​សម្រាប់​ការប្រកួតប្រជែង​បោះឆ្នោត​ប្រធានាធិបតី​នៅពេល​ខាងមុខ​នេះ​ផងដែរ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ពន្ធ​ពីរភាគបី​លើ​ទំនិញ​រាប់រយ​លាន​ដុល្លារ ដែល​អាមេរិក​បាន​កំណត់​ទៅ​លើ​ទំនិញ​ចិន​នាំ​ចូល​ទៅ​អាមេរិក​ប្រហែល​៥០០​ពាន់​លាន​ដុល្លារ​នោះ​គឺ​នៅតែ​អនុវត្ត​ដូច​មុន​ដដែល​។​
​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី​មួយ​នេះ ប្រទេស​ចិន​បាន​ប្តេជ្ញាចិត្ត​បង្កើន​ការ​នាំចូល​ពី​អាមេរិក​យ៉ាងតិច ២០០​ពាន់​លាន​ដុល្លារ​លើស​ពី​ឆ្នាំ​២០១៧ ក្នុង​នោះ​ចិន​បង្កើន​លើ​ការ​នាំចូល​ផលិតផល​កសិកម្ម​ចំនួន ៣២​ពាន់​លាន​ដុល្លារ​, គ្រឿង​បរិក្ខារ​ផ្សេងៗ ៧៨​ពាន់​លាន​ដុល្លារ​, ថាមពល​៥២​ពាន់​លាន​ដុល្លារ និង​ផ្នែក​សេវាកម្ម​៣៨​ពាន់​លាន​ដុល្លារ​។ លើសពី​នេះ​ចិន​បាន​យល់ព្រម​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ផលិតផល​ក្លែងក្លាយ​របស់ខ្លួន​ថែម​ទៀត​។ រីឯ​ភាគី​ខាង​អាមេរិក​វិញ​សន្យាថា​នឹង​រក្សា​ពន្ធ​២៥% លើ​ទំនិញ​ទាំងអស់​របស់​ចិន​ដែល​មាន​តម្លៃ​រហូត​ដ​ល់​៣៦០​ពាន់​លាន​ដុល្លារ ស្របពេល​ដែល​ចិន​បាន​កំណត់​នូវ​ការនាំ​ចូល​ផលិតផល​អាមេរិក​តម្លៃ​១០០​ពាន់​លាន​ដុល្លារ​។ ការ​កំណត់​លើ​ការនាំ​ចូល​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​រក្សា​បាន​នូវ​តម្លៃ​ទំនិញ​ដ៏​សមរម្យ​នៅលើ​ទីផ្សារ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​ត្រាំ បាន​ថ្លែងថា « ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​យើង​បាន​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ជា​មួយ​ប្រទេស​ចិន ហើយ​យើង​ធានា​ជូន​នូវ​ភាពយុត្តិធម៌​សម្រាប់​ពាណិជ្ជកម្ម ឲ្យ​ស្មើភាព​គ្នា​ទៅវិញទៅមក ហើយ​យើង​រួម​គ្នា​កែ​កំហុស​ពី​អតីតកាល »​។​

​សូម​ជម្រាប​ជូន​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ដែល​ស្ទើរតែ​រក​ច្រក​បន្ធូរ​មិនបាន​នេះ ដែល​ទើប​ត្រូវបាន​ដោះស្រាយ​ជំហាន​ដំបូង​ថ្មីៗ​នេះ បាន​ជំរុញ​ឲ្យ​ទី​ផ្សារភាគហ៊ុន​ទូទាំង​ពិភពលោក​មាន​ភាពល្អប្រសើ​រ​ឡើង​វិញ​ផង​ដែរ​៕​

ព័ត៌មានផ្សេងទៀត