ក្រុម​សាស្ត្រាចារ្យ​និង​និស្សិត​អាមេរិក​​មក​សិក្សា​ពី​វិស័យ​ការងារ​នៅ​កម្ពុជា​​

16-01-2020 11:44 am 197

នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អនុញ្ញាតឲ្យ​ក្រុម​សាស្ត្រាចារ្យ និង​និស្សិត​មកពី​សាកលវិទ្យាល័យ Cornell និង​សាកលវិទ្យាល័យ​រដ្ឋ​ញូវយ៉ក​-Buffalo State​សហរដ្ឋអាមេរិក ចូលជួប​សំដែង​ការគួរសម ដើម្បី​ស្វែងយល់​ពី​តួនាទី​ភារ​:​កិច្ច និង​បទពិសោធន៍​របស់​ក្រសួង​ការងារ ដែល​រួមចំណែក​ដោះស្រាយ​បញ្ហា​នានា​កម្មករនិយោជិត បង្កើត​ឱកាស​ការងារ ផ្តល់​កិច្ច​គាំពារ​ព្រមទាំង​បណ្តុះបណ្តាល​កម្លាំង ពលកម្ម​ជំនាញ​ឆ្លើយតប ចំពោះ​តម្រូវការ​ទីផ្សារការងារ​ពិសេស​ការបង្កើន​ធនធានមនុស្ស​ដែលមាន​ជំនាញ​ខ្ពស់ ។​

​ជាមួយគ្នា​នោះ លោក​អ៊ិត សំហេង បាន​ចែករំលែក​បទពិសោធន៍ មួយចំនួន​ដែល​ក្រសួង​ធ្លាប់​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​ប្រើប្រាស់​យន្តការ​ត្រីភាគី និង​កិច្ចសន្ទនា​សង្គម ក្នុង​ការដោះស្រាយ​បញ្ហា ដូចជា ការដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា ការដោះស្រាយ​វិវាទ​ការងារ​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករនិយោជិត ការដោះស្រាយ​នូវ​បញ្ហា​កូដកម្ម បាតុកម្ម ។​

​លោក​ថា ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ​កន្លងមក និង​ការបន្ត​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី ២០១៩-២០២៣ ក្រោម​ពាក្យស្លោក “​សហគ្រាស​គ្រឹះស្ថាន​មួយ​ជា សហគមន៍​សុខសាន្ត​មួយ​របស់ កម្មករនិយោជិត​ដែល​ពោរពេញ ដោយ​សមត្ថភាព ផលិតភាព ឥរិយាបថ​ការងារ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​”​។​

​លោក​បន្តថា ដោយសារ​គោលនយោបាយ ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​ជា​គោលនយោបាយ ពាណិជ្ជកម្ម​អន្តរជាតិ ផ្សាភ្ជាប់​និង​បទដ្ឋាន​ការងារ​អន្តរជាតិ បាន​ជម្រុញ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា បន្ត​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង ការដោះស្រាយ​បាន​នូវ​ការផ្តល់​ឱកាស​ការងារ​ដល់​កម្មករនិយោជិត ធានាបាន​នូវ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​កិច្ច​គាំពារ​សង្គម​៕

ព័ត៌មានផ្សេងទៀត