បណ្ដឹង​​ទម្លាក់​​លោក​ត្រាំ​​ទំនង​​ចាប់ផ្ដើម​សប្ដាហ៍​ក្រោយ​​បន្ទាប់ពី​​ស្ងប់​​ភាព​តានតឹង​​ជាមួយ​អ៊ីរ៉ង់​

15-01-2020 3:49 pm 333

​រឿងរ៉ាវ​ក្ដីក្ដាំ​របស់លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ដែល​ត្រូវបាន​គណបក្ស​ប្រជាធិបតេយ្យ​ប្ដឹង​ទម្លាក់​ចេញពី​តំណែង ក្រោយ​ត្រូវបាន​រដ្ឋសភា​អនុម័ត​លើ​បណ្ដឹង​នេះ​កាលពី​ចុងឆ្នាំ​២០១៩ ព្រឹទ្ធសភា​នៅ​ពុំទាន់​បានចាប់ផ្ដើម​សវនាការ​បន្ដ​ជំនុំជម្រះ​នោះទេ​។ រដ្ឋសភា​អាមេរិក​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បានសម្រេច​អនុម័ត​បណ្ដឹង​ចោទប្រកាន់​ពីរ​ករណី​ប្រឆាំង​លោក​ត្រាំ ទីមួយ​ការរំលោភ​អំណាច និង​ទី​ពីរ​ការរារាំង​ដំណើរកា​រ​របស់​សភា​។ 

​គួបផ្សំ​នឹង​ស្ថានការណ៍​ក្ដៅ​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី​០៣​ខែ​មករា ករណី​បណ្ដឹង​ប្រឆាំង​លោក​ត្រាំ​ក៏ត្រូវ​រាំងស្ទះ​បណ្ដោះអាសន្ន​។ ប៉ុន្ដែ​យ៉ាងណាមិញ​ករណីនេះ​មិនជា​ជាប់គាំង​យូរ​នោះទេ​អា​ចាប់ផ្ដើម​ឆាប់ៗ បើសិន​រដ្ឋសភា​បញ្ជូន​បណ្ដឹង​ចោទប្រកាន់​លោក​ត្រាំ​ទៅ​ព្រឹទ្ធសភា​ក្នុង​សប្ដាហ៍​នេះ​។ មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​អាមេរិក​លោក​Mitch McConnell​បាន​និយាយ​នៅ​ថ្ងៃ​១៤​មករា​ថា បើ​ករណី​ចោទប្រកាន់​ត្រូវ​រដ្ឋសភា​បញ្ជូនទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​១៥​មករា​នេះ ការជំនុំជម្រះ​ក្ដី​អាច​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២១​មករា​។ 

​មុន​ចាប់ផ្ដើម​សវនាការ​នៅ​ព្រឹទ្ធសភា​ត្រូវមាន​ប្រធាន​ដឹកនាំ​ដំណើរការ​ជំនុំជម្រះ​ក្ដី​ជាមុនសិន គឺ​លោក​John Roberts​ប្រធាន​តុលាការ​កំពូល​នឹង​ស្បថ​ធ្វើជា​ប្រធាន​ដឹកនាំ​សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឬ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ខណៈ​សមាជិក​ព្រឹទ្ធសភា​នឹង​ដើរតួ​ជា​ចៅក្រម​និង​គណៈវិនិច្ឆ័យ​។  សវនាការ​កាត់ក្ដី​លោក​ត្រាំ​ទំនង​ត្រូវ​ប្រើពេល​ច្រើន​សប្ដាហ៍ ប៉ុន្ដែ​គណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹម​អាចមាន​ការបោះឆ្នោត​បឋម​នៅ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា លោក​ដូណាល់ ត្រាំ​អាច​ត្រូវ​ទម្លាក់​ចេញពី​តំណែង​បាន​លុះត្រាតែ​ការបោះឆ្នោត​នៅ​ព្រឹទ្ធសភា​ទទួលបាន​សំឡេងគាំទ្រ​ពីរភាគបី​នៃ​១០០​អាសនៈ​។ ប៉ុន្ដែ​ត្រូវបាន​គេ​មើលឃើញថា​មានសង្ឃឹម​តិចតួច​ណាស់ ដែល​បណ្ដឹង​ទម្លាក់​លោក​ត្រាំ​អាច​ឆ្លង​ផុត​ព្រឹទ្ធសភា ព្រោះ​ព្រឹទ្ធសភា​មាន​គណបក្ស​សាធារណរដ្ឋ​ដល់​ទៅ​៥៣​អាសនៈ ពោល​គឺជា​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​។ បើ​ចង់បាន​សំឡេង​ពីរភាគបី​ដើម្បី​ទម្លាក់​លោក​ត្រាំ លុះត្រាតែ​កើត​បាតុភូត​ចម្លែក​មាន​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​គាំទ្រ​ឲ្យ​ទម្លាក់​លោកត្រាំ​ដែរ​។ លទ្ធភាព​ទៅ​មិន​រួច​នេះហើយ​ជា​អ្វីដែល​អ្នកឃ្លាំមើល​ស្ថានការណ៍​អះអាងថា ជា​មូលហេតុ​ធ្វើឲ្យ​លោកត្រាំ​មិន​អើពើ​នឹង​បណ្ដឹង​៕

ព័ត៌មានផ្សេងទៀត