អ៊ីរ៉ង់​ចាប់ខ្លួន​អ្នក​ថត​បង្ហោះ​វីដេអូ​បង្ហាញ​ពី​យន្តហោះ​អ៊ុយ​ក្រែន​ត្រូវបាញ់​ទម្លាក់ដោយ​មី​ស៊ីល​

15-01-2020 2:23 pm 744
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់​រាយការណ៍​ថា ក្រុម​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​បាន​ចាប់ឃុំខ្លួន​មនុស្ស​ម្នាក់ ដែល​បង្ហោះ​វីដេអូ​នៃ​ការបាញ់​ទម្លាក់​យន្តហោះ ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែន​ប្រភេទ​Boeing737-800 កាលពី​ថ្ងៃទី​៨​ខែ​កមក​រា​ឆ្នាំ​២០២០​។ អ្នក​ដែល​ត្រូវបាន​ចាប់ឃុំខ្លួននឹង​ប្រឈម​​ការចោទប្រកាន់​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​។ ប៉ុន្តែ​អ្នកកាសែត​អ៊ីរ៉ង់​ម្នាក់​នៅ​ទីក្រុង​ឡុង​ដ៍ និង​ជា​អ្នក​បង្ហោះ​វីដេអូ​ដំបូង​គេ បាន​អះអាងថា អ៊ីរ៉ង់​ចាប់ខ្លួន​មនុស្ស​ខុស​ហើយ និង​ថា​មនុស្ស​ពិតប្រាកដ​ដែល​បានធ្វើ​រឿងនេះ គឺមាន​សុវត្ថិភាព​។ អ្នកកាសែត​ម្នាក់នេះ បាន​ទទូច​ឲ្យ​អ៊ីរ៉ង់​ដោះលែង​មនុស្ស​ដែល​គេ​បាន​ចាប់ខ្លួន​នោះ ហើយ​ដាក់​សញ្ញា​សួរ​ទៅ​អ៊ីរ៉ង់​ថា ហេតុអ្វី​ត្រូ​ចាប់ខ្លួន​ពួកគេ​?

​ក្រៅពី​ប្រកាសថា បាន​ចាប់ឃុំខ្លួន​អ្នក​ថត​និង​បង្ហោះ​វីដេអូ អ្នកនាំពាក្យ​តុលាការ​អ៊ីរ៉ង់​លោក Gholamhossein Esmaili បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​ឃុំខ្លួន​ជុំវិញ​ការធ្លាក់​យន្តហោះ​នេះ​។ លោក Gholamhossein Esmaili បាន​បន្ថែមថា​មនុស្ស​ប្រហែល ៣០ នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​“ ចូលរួម​ក្នុង​ការប្រមូលផ្តុំ​ខុសច្បាប់​”​។ ជា​ការប្រមូលផ្តុំ​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​អ៊ីរ៉ង់ ក្រោយ​យោធា​អ៊ីរ៉ង់​សារភាពថា បាន​បាញ់​ទម្លាក់​យន្តហោះ Boeing737-800​ដោយ​ច្រឡំ​។​

​កាសែត New York Times បាន​និយាយថា រូបភាព​កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុ​យក្រែន ត្រូវបាន​បាញ់​ដោយ​មី​ស៊ី​ល​ចំនួន​២​គ្រាប់ ក្រោយ​ហោះ​ចាកចេញ​ពី​ទី​ក្រុងតេអេ​រ៉ង់​បានរយៈ​ពេលខ្លី​។ មួយ​គ្រាប់​ដំបូង ធ្វើឲ្យ​យន្តហោះ​គាំង​លែង​ដំណើរការ និង​២០​វិនាទី​ក្រោយមក មី​ស៊ី​ល​ទី​២ បាន​ហោះ​ទៅបុក​កម្ទេច​យន្តហោះ​មួយគ្រឿង​នោះ បណ្តាលឲ្យ​ធ្លាក់ ហើយ​មនុស្ស​នៅក្នុង​យន្តហោះ​ចំនួន​១៧៦​នាក់ ភាគច្រើន​ជា​ជនជាតិ​អ៊ីរ៉ង់​បាន​ស្លាប់បាត់​បង់ជីវិត​៕

 ពាក្យគន្លឹះ  អ៊ីរ៉ង់យន្តហោះBoeing737

ព័ត៌មានផ្សេងទៀត