លោក​សម រង្ស៊ី៖ បក្សប្រឆាំង​ណាដែល​លេចធ្លោ​នឹង​មាន​វាសនា​ដូចបក្សសង្គ្រោះ​ជាតិ​​​

15-01-2020 11:49 am 1138

​លោក​សម រង្ស៊ី បាន​ផ្ញើ​សារ​នយោបាយ ដោយ​លើកឡើង​ថា ការចោទប្រកាន់​លោក​កឹម សុខា ពី​បទ​ក្បត់ជាតិ គ្រាន់តែ​ជា​លេស​ដើម្បី​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ​។ ហើយ​នៅ​ថ្ងៃ​ណា​មួយ មាន​គណបក្ស​ប្រឆាំង​ដែល​លេចធ្លោ ដូច​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​រក​វិធី​ដើម្បី​កម្ចាត់​ចោល​ដូច​គ្នា​។ ដោយៈ​សៅ វិសាល​

​លោក​សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស បាន​ផ្ញើ​សារ​នយោបាយ​ជា​ថ្មី ចំ​ថ្ងៃ​ដែល​តុលាការ​បាន​បើកសវនាការ​កាត់ទោស លោក​កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស នា​ថ្ងៃ​ទី​១៥ ខែ​មករា​នេះ​។​

​តាមរយៈ​វីដេអូ ប្រមាណ​១០​នាទី បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក លោក​សម រង្ស៊ី បាន​ចោទប្រកាន់​មកលើ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា​ការបើក​សវនាការ​កាត់ទោស​លោក​កឹម សុខា នា​ថ្ងៃនេះ គ្រាន់តែ​ជា​ឆាក​ល្ខោន និង​ជា​លេស ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​លោក​កឹម សុខា មានទោស ក្នុង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ​។ បើ​លោក​កឹម សុខា គ្មាន​ទោស ការចាប់​ឃុំខ្លួន​លោក​កឹម សុខា ក៏​ខុស ហើយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ខុស​ដែរ​។​

​លោក​សម រង្ស៊ី បន្ថែមថា នៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​មាន​គណបក្សប្រឆាំង​ណាមួយ ទទួលបាន​ប្រជាប្រិយភាព​ខ្លាំង ដូច​អតីត​គណបក​សង្គ្រោះ​ជាតិ ពេលនោះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​រក​វិធី​ដើម្បី​កម្ចាត់​គណបក្ស​នោះ ដូចគ្នា​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សំឡេង

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ប្រាប់​វិទ្យុ​វាយោ​ថា ជុំវិញ​ការបើក​សវនាកា​រលោក​កឹម សុខា គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ជ្រែ​ត​ជ្រែក​ក្នុង​កិច្ចការងារ​យុត្តិធម៌​នេះ​ឡើយ​។ ដោយ​ឡែក ការលើកឡើង​របស់​លោក​សម រង្ស៊ី គ្រាន់តែ​ចង់ឲ្យ​រដ្ឋាភិបាល បង្ហាញ​ពី​សញ្ញា​ណាមួយ ថា​រដ្ឋាភិបាល​មាន​អំណាច​លើ​ប្រព័ន្ធ​តុលាការ​តែប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​រូប​នេះ មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ប្រជាប្រិយភាព​របស់​គ​ណ​បក្សនយោបាយ គឺ​អាស្រ័យ​ទៅលើ​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត​ជា​អ្នកគាំទ្រ ហើយ​គ្មាន​នរណា​អាច​ទៅ​រំលាយ​គណបក្សនយោបាយ​មួយ ដែល​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​នោះឡើយ​។​

សំឡេង​

​គួរបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទៅ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ដោយ​ចោទថា គណបក្ស​នេះ បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​៕

ព័ត៌មានផ្សេងទៀត