លោកហ៊ុនសែនប្រាប់មន្ត្រីរបស់លោកថាកុំចាត់ទុកអ្នកព័ត៌មានជាសត្រូវ

15-01-2020 10:25 am 107

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានប្រាប់ទៅដល់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កុំចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ ដោយត្រូវចាត់ទុកអ្នកសារព័ត៌មានជាគូរ មិនអាចខ្វះបានសម្រាប់ការងាររបស់ខ្លួន។ ការថ្លែងប្រាប់នេះ បានធ្វើឡើងក្នុងជំនួបជាអ្នកសារព័ត៌មានជិត៦ពាន់នាក់ ដែលជាជំនួបលើកទី៤រវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាននាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។ លោកហ៊ុន សែន បានថ្លែងក្នុងពិធីនេះថា” សូមអស់លោកកុំខ្លាចអ្នកសារព័ត៌មាន ហើយកុំចាត់ទុកអ្នកព័ត៌មានជាសត្រូវ សូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូ ដែលមិនអាចខ្វះបានសម្រាប់ការងាររបស់អស់លោក”។

ជាមួយគ្នានេះលោកហ៊ុន សែន ក៏បានស្នើដល់ស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានយន្តការច្បាស់លាស់មួយ សម្រាប់ការងារព័ត៌មានដូចជា៖ត្រូវមានអ្នកនាំពាក្យ,គេហទំព័រ,ឬទំព័រហ្វេសប៊ុកជាដើម ដែលជារឿងៗរូបលោកបានរំលឹកបញ្ហា ទៅដល់មន្ត្រីនៅតាមក្រសួង-ស្ថាប័ននានារបស់រដ្ឋ។ បន្ថែមពីលើនេះប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ក៏បានដាក់ចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីតាមក្រសួងនានា និងអភិបាលរាជធានី-ខេត្តត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ ក្នុងស្ថាប័នរបស់ខ្លួនលើការងារបញ្ចេញព័ត៌មាន។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់ដដែលនេះ លោកហ៊ុនសែន ក៏បានជូនពាក្យស្លោកមួយដល់អ្នកសារព័ត៌មានកម្ពុជាគឺ”អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”ដែលពាក្យស្លោកនេះ សម្រាប់ឲ្យអ្នកសារព័ត៌មានពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន ក៏ដូចជាជៀសវាងទទួលរងបណ្ដឹងណាមួយ ដោយសារការផ្សាយព័ត៌មានរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានស្នើដល់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ត្រូវបំពេញតួនាទីជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាជន និងពីប្រជាជនមករដ្ឋាភិបាលវិញ ទាំងផ្នែកគោលនយោ បាយ ទាំងការអនុវត្ត។ ម្យ៉ាងទៀតលោកហ៊ុន សែន ក៏បានស្នើដល់ឲ្យអ្នកសារព័ត៌មានប្រើ ប្រាស់នូវវិជ្ជាជីវៈរបស់ខ្លួនចូលរួមកាន់តែច្រើន ក្នុងចូលរួមការប្រយុទ្ធនឹងភាពអសកម្ម អំពើពុករលួយ និងអយុត្តិធម៌ក្នុងសង្គមផងដែរ៕ 

 

ព័ត៌មានផ្សេងទៀត