រដ្ឋាភិបាល​បង្កើត​យន្ត​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នៅតាម​ក្រសួង​-​ស្ថាប័ន​

15-01-2020 10:21 am 139

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយ​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​សារាចរ​ថ្មី​មួយ ស្តីពី​ការបង្កើត​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅក្នុង​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ទាំងអស់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​សម្របសម្រួល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​។

​ក្នុង​សារាចរ​របស់​រាជរដ្ឋាភិបាល​បានបញ្ជាក់​ថា កន្លងមក​រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា ក្រសួង ស្ថាប័ន​មួយចំនួន​បាន​បង្កើត​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅក្នុង​ក្រសួង ស្ថាប័ន​របស់​ខ្លួន​រួច​ហើយ ក៏​ប៉ុន្តែ​នៅ​មាន​ក្រសួង ស្ថាប័ន​មួយចំនួន​ទៀត​មិន ទាន់​បាន​បង្កើត​យន្តការ​នេះ​នៅឡើយ​ទេ​។​
​អនុលោម​តាម​មាត្រា​៨​នៃ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​សម្របសម្រួល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ រាជរដ្ឋាភិបាល សូម​ដាក់​ចេញ​នូវ​វិធានការ​ដូចខាងក្រោម​៖
១.​គ្រប់​ក្រសួង ស្ថាប័ន​ត្រូវ​បង្កើត​ឱ្យមាន​លេខាធិការដ្ឋាន គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ជា​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅក្នុង​ក្រសួង ស្ថាប័ន​របស់​ខ្លួន ដើម្បី​បំពេញ​មុខងារ​ជា​សេនាធិការ​ផ្ទាល់​ដល់​រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​ដែល​ជា​អនុប្រធាន ឬ​ជា​សមាជិក​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លើ​
​ការងារ​ដឹកនាំ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុង​វិស័យ​ជំនាញ​របស់​ខ្លួន ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​
២.​គ្រប់​ក្រសួង ស្ថាប័ន​ត្រូវ​ចាត់​ឱ្យ​មាន​មន្ត្រី​បង្គោល ដើម្បី​សម្របសម្រួល និង​ធ្វើ​ការប្រាស្រ័យ​ទាក់ទង ជា​ប្រចាំ​ជា​មួយ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕

ព័ត៌មានផ្សេងទៀត