ឧបករណ៍​ពិសោធន៍​ការដាំ​ទឹក​សម្រាប់​សិស្ស​អនុវិទ្យាល័យ​

14-01-2020 2:14 pm 205

​ការអប់រំ​ពិតជា​មាន​សារៈសំខាន់ សម្រាប់​ការអភិវឌ្ឍ​ក្នុង​ប្រទេស​នីមួយៗ ឲ្យមាន​ភាព​រីកចម្រើន​។ ការអប់រំ​ដែល​មាន​គុណភាព អាស្រ័យ​ទៅលើ​ការរៀន​ទាំង​ទ្រឹស្ដី​ផ្សារភ្ជាប់ និង​ការ​អនុត្ត​ន៍​អនុវត្ត​ផ្ទាល់​។ 
​សម្រាប់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​សាលារៀន​ជាច្រើន សិស្ស​សិក្សា​បានត្រឹមតែ​ទ្រឹស្តី ដោយ​មិនសូវ​មាន​ការដាក់​ឲ្យ​អនុវត្ត​ផ្ទាល់​នោះឡើយ​។ មូលហេតុ​បែប​នេះ ទើប​និស្សិត​មួយក្រុម​មាន​សមាជិក​២​នាក់ សិក្សា​ផ្នែក​វិស្វកម្ម​អគ្គីសនី & អេឡិកត្រូនិច នៃ​សកល​វិទ្យាល័យន័​រតុន បាន​បង្កើត​ឧបករណ៍​ពិសោធន៍​សម្រាប់​សិស្ស​ថ្នាក់​ទី​៧​។​

​និស្សិត ហា​ច ផា​នុង អ្នកបង្កើត​ឧបករណ៍​ពិសោធន៍​នេះ បានឲ្យដឹងថា ឧបករណ៍​នេះ មានឈ្មោះ « ឧបករណ៍​ពិសោធន៍​ការដាំ​ទឹក​សម្រាប់​សិស្ស​អនុវិទ្យាល័យ​»​។ បង្កើតឡើង ដើម្បី​សម្រួល​ទៅដល់​ការបង្រៀន របស់​លោកគ្រូ អ្នកគ្រូ និង​សិស្ស​ឲ្យបាន​ធ្វើ​ការពិសោធន៍​ដោយផ្ទាល់ បន្ទាប់​ពី​សិក្សា​ទ្រឹស្ដី​រួច​។​

​ការបង្កើត​ឧបករណ៍​ពិសោធន៍​ការ​ដាំទឹក​នេះ ធ្លាប់​ត្រូវបាន​យក​ទៅ​ប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ ដោយ​ទទួលបាន​មេដាយ និង​ប័ណ្ណ​សរសើរ​យ៉ាងច្រើន​ផងដែរ​។ អ្វី​ដែល​ពិសេស​គម្រោង​នៃ​ការបង្កើត​ឧបករណ៍​ពិសោធន៍​ការដាំ​ទឹក​សម្រាប់​សិស្ស​អនុវិទ្យាល័យ​នេះ ធ្លាប់បាន​ទទួល​មេ​ដា​សមាស ក្នុង​ព្រឹត្តិការណ៍ EUROINVENT នា​ប្រទេស រ៉ូ​ម៉ានា ដែល​មាន​ប្រទេស​ចូលរួម​ចំនួន ៤១​ប្រទេស​។​

​ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សកល​វិទ្យាល័យន័​រតុន​រូបនេះ បានបញ្ជាក់​ថា ក្នុង​ការបង្កើត​ឧបករណ៍​ពិសោធន៍​នេះ ក្រុម​ខ្លួន​បាន​ប្រើ​ពេល​រហូត​ដល់​កន្លះ​ឆ្នាំ ទើប​អាច​សម្រេចបាន​។ ហើយ​ឧបករណ៍​នេះ បង្កើតឡើង​មិនមែន​សម្រាប់​លក់ដូរ នៅលើ​ទីផ្សារ​នោះទេ​។ តែ​សម្រាប់​ផ្តល់ជូន​ដល់​សាលារៀន​ដែល​នៅ​ដាច់ស្រយាល ដើម្បី​បាន​សិស្ស​បាន​សិក្សា និង​ស្វែងយល់​ពី​ការអនុវត្ត​ផ្ទាល់ ប្រសិនបើ​មាន​ក្រសួង ឬ​អង្គការ​ណាមួយ ផ្តល់​ជា​កញ្ចប់​ថវិកា​ឧបត្ថម្ភ​សម្រាប់​ការបង្កើត​ឧបករណ៍​នេះ​។​

​គួរបញ្ជាក់​ថា ឧបករណ៍​ពិសោធន៍​ការដាំ​ទឹក​សម្រាប់​ថ្នាក់​អនុវិទ្យាល័យ គឺជា​ឧបករណ៍​សម្រាប់​ឲ្យ​សិស្ស​ដែល​សិក្សា មុខវិជ្ជា​វិទ្យាសាស្ត្រ បាន​យល់ដឹង​កាន់តែច្បាស់ ពី​ទ្រឹស្តី​នៃ​ការ​ដាំទឹក និង​ការយក​ឧបករណ៍​ទៅ​ពិសោធន៍ ថា​តើ​មាន​លក្ខណៈ​ពិត​ដូច​ទៅ​នឹង​ទ្រឹស្តី ឬក៏​លម្អៀង​ក្នុង​កម្រិត​ណាមួយ​។ យ៉ាងណាមិញ យើង​រំពឹងថា ឧបករណ៍​ពិសោធន៍​នឹង​ទទួលបាន​ការគាំទ្រ ពី​ស្ថាប័ន​អប់រំ សម្រាប់​ផ្តល់​ជា​កញ្ចប់​ថវិកា​ក្នុង​ការបង្កើត​កាន់តែច្រើន​នៅ​ថ្ងៃ​អនាគត​៕ 

ព័ត៌មានផ្សេងទៀត