​ក្រសួង​ដែនដី​ចេញ​សេចក្តីណែនាំ​ដល់​គ្រប់​ការដ្ឋាន​សំណង់​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​

14-01-2020 1:15 pm 190
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ​ចំនួន​ពីរ​លើក​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​រួចមក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​សេចក្តីណែនាំ​មួយ ដោយ​ហាម​ដាច់ខាត​ការ​ស្នាក់នៅ​ក្នុង​អគារ​ដែល​កំពុងតែ​សាងសង់ ទោះបីជា​លក្ខណៈ​បណ្តោះអាសន្ន​ក៏ដោយ និង​ហាម​ដាច់ខាត​អ្នក​ដែល​គ្មាន​ភារកិច្ច​ចូល​ក្នុង​ការដ្ឋាន​សំណង់​។​

​នៅ​ក្នុង​សេចក្តីណែនាំ ក៏​បានឲ្យ​ដឹង​បន្ថែមថា ក្រសួង​គឺ​ហាម​ដាច់ខាត​រាល់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ ជួសជុល ឬ​រុះរើ និង​សំណង់​ដែល​គ្មាន​អាជ្ញា​បណ្ណ ក៏ដូចជា​សំណង់​ដែល​ដំណើរការ​សាងសង់ ឬ​រុះរើ​ដោយ​គ្មាន​វិស្វករ  តែបើ​មាន​ការ​ល្មើស​ទៅ​នឹង​បម្រាម​ខាងលើនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចេញ​លិខិត​ផ្អាក​ការសាងសង់​ជា​បន្ទាន់ ហើយ​ក្នុង​ករណី​ការសាងសង់​នៅតែ​បន្ត នោះ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ត្រូវ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​។​

​ជាមួយគ្នានេះដែរ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​នៃ​ការដ្ឋាន​សំណង់ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គោលការណ៍​និង​វិធានការ​ដូចជា​៖​រាល់​គម្រោង​ប្លង់​ស្ថាបត្យកម្ម គម្រោង​ប្លង់​រុះរើ​គម្រោង​ប្លង់​គ្រឿង​ផ្គុំ​សំណង់ គម្រោង​ប្លង់​បច្ចេកទេស ត្រូវ​សិក្សា និង​ចុះហត្ថលេខា​ដោយ​រូបវ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់ ឬ​អ្នក​មាន​វិជ្ជាជីវៈ​ជា​ស្ថាបត្យក​រ ជា​វិស្វករ  និង​នាយក​បច្ចេកទេស ព្រមទាំង​បោះត្រា របស់​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ ដែល​មាន​អាជ្ញា​បណ្ណ ឬ​វិញ្ញាបនបត្រ​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​ចំពោះ​ការរៀបចំ​ការដ្ឋាន ក្រសួង​រៀបចំ​ដែនដី បាន​បញ្ជាក់បន្ថែម​ថា មន្ត្រី​ត្រួតពិនិត្យ​សំណង់​ត្រូវ​ចុះ​វាស់វែង និង​បោះបង្គោល​ព្រំ​កំណត់​ទីតាំង​ដែល​ត្រូវ​សាងសង់ ស្រប​តាម​គម្រោង​ប្លង់ ហើយ​ការដ្ឋាន​សំណង់​ត្រូវ​មាន​ផ្ទាំង​ព័ត៌មាន​ពី​គម្រោង​សាង​សាង់ ឈ្មោះ​ក្រុមហ៊ុន​សាងសង់ ឈ្មោះ​មេក្រុម​ជាង ម្ចាស់​សំណង់ វិស្វករ​ប្រចាំ​ការដ្ឋាន លេខ​ទូរស័ព្ទ​ទំនាក់ទំនង លិខិតអនុញ្ញាត និង​ត្រូវ​យកចិត្តទុកដាក់​តាម​វិធាន​សុវត្ថិភាព​។​
​ដោយឡែក​ចំពោះ​ដំណើរការ​ការដ្ឋាន​សំណង់​វិញ​គឺ ក្រុមហ៊ុន​ត្រូវតែ​មាន អាជ្ញា​បណ្ណ​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី  ក្រុម​ជាងសំណង់​ដែល​មាន​វិញ្ញាបនបត្រ​ផ្តល់​ដោយ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ហើយ​គ្រប់​ការដ្ឋាន​សំណង់ ត្រូវតែ​មាន​សៀវភៅ​តាមដាន​ការសាងសង់ មិនតែប៉ុណ្ណោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់​មន្ត្រី​ឲ្យ​ត្រួតពិនិត្យ​សំណង់ ជាង​នេះ​ទៀត​ក្រុមហ៊ុន​សាងសង់​ឬ​វិស្វករ​ប្រចាំ​ការដ្ឋាន ត្រូវ​ជូនដំណឹង​មក​មន្ត្រី​ត្រូតពិនិត្យ​សំណង់​ផងដែរ​។​

​ចំណែក​ការងារ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ចំពោះ​គម្រោង​ប្លង់ គ្រឿង​ផ្គុំ​សំណង់ ត្រូវមាន​ការត្រួតពិនិត្យ​និង​បញ្ជាក់​អនុលោមភាព​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់ ដែល​អនុវត្ត​ដោយ​អ្នកត្រួតពិនិត្យ ហើយ​ត្រូវ​អនុវត្ត​ដាច់ខាត​លើ​គម្រោង​ផ្នែក​គ្រឹះ ជើងតាង សសរ ធ្នឹម កម្រាល​ខណ្ឌ និង​ជញ្ជាំងទ្រ​ទម្ងន់ ក្នុងករណី​ពិនិត្យឃើញ​ការងារ​សាងសង់​មិន​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​សំណង់ អ្នកត្រួតពិនិត្យ និង​បញ្ជាក់​សំណង់ ត្រូវ​ជូនដំណឹង​ជា​បន្ទាន់​ទៅ​មន្ត្រី​ត្រួតពិនិត្យ​សំណង់​ដើម្បី​ចាត់​វិធានការ​សមស្រប​៕

 ពាក្យគន្លឹះ  ក្រសួងដែនដី

ព័ត៌មានផ្សេងទៀត