លោក ស ថេតឱ្យកម្លាំងក្រោមឱវាទមិនត្រូវព្រងើយចំពោះបញ្ហាកកស្ទះចរាចរណ៍

14-01-2020 12:14 pm 264
  ស្តាប់
ស្តាប់ជាសំឡេង

លោកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំរុញឱ្យកងកម្លាំងនគរបាលត្រូវសហការគ្នាចេញទៅតាមគោលដៅដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅប្រកបមុខរបរនិងទៅធ្វើការងារឱ្យបានឆាប់រហ័ស និងជាពិសេស ចៀសវាងរងការរិះគន់ពីប្រជាពលរដ្ឋមកលើនគរបាល។ 

ការថ្លែងរបស់លោកបែបនេះគឺធ្វើឡើងនៅក្នុងពិធីប្រមូលផ្តុំកម្លាំងនគរបាលរាជធានីភ្នំពេញគោរពទង់ជាតិកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ដែលមានកម្លាំងនគរបាលជិត៦០០នាក់បានចូលរួមនៅ។ជាមួយគ្នានេះដែរ លោកក៏បានរំលឹកដល់កម្លាំងនគរបាលក្រោមឱវាទសារជាថ្មី មិនត្រូវព្រងើយនិងការងារដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍នោះឡើយ។

លោកស ថេត បានបញ្ជាក់បន្ថែមថា ដើម្បីដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍គឺត្រូវដាក់ពង្រាយកម្លាំងនៅតាមគោលដៅជាប្រចាំ និងប្រើប្រាស់កម្លាំងចល័ត ដើម្បីចេញប្រតិបត្តិការសម្រួលដោះស្រាយការកកស្ទះចរារណ៍នៅក្នុងរាជធានីភ្នំពញ គ្រាដែលគេមើលឃើញថា បញ្ហាចរាចរណ៍នៅក្នុងក្រុង មានភាពមមាញឹក ដែលនេះជាបញ្ហាប្រឈម និងបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅប្រកបមុខរបរ និងបំពេញកិច្ចការងារ។

លោកអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា ចំពោះបញ្ហាចរាចរណ៍ កម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ជួយសហការគ្នា ដោយនៅតាមគោលដៅមិនត្រូវឱ្យដាច់កម្លាំងឈរជើងនោះឡើយ។ គោលដៅមួយចំនួនដែលមើលឃើញថា មានកម្លាំងជួយសម្រួលដោះស្រាយចរាចរណ៍រួចហើយ ប៉ុន្តែកម្លាំងមិនទាន់គ្រប់គ្រាន់ក្នុងការឆ្លើយតបគឺ ត្រូវមានកម្លាំងឈរជើងយ៉ាងហោចណាស់ក៏មាន ៤នាក់ឡើងទៅដែរ។

សូមបញ្ជាក់ថា បញ្ហាចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កំពុងមានភាពមមាញឹកនាំឱ្យមានការកកស្ទះ គ្រា ដែលរបាយការណ៍បានបង្ហាញឱ្យដឹងថា នៅរាជធានិភ្នំពេញពេលបច្ចុប្បន្នមានប្រជាជនរស់នៅអចិន្ត្រៃយ៍និងធ្វើដំណើរចេញចូលប្រមាណ៣លាននាក់ និងមិនតែប៉ុណ្ណោះក៏ត្រូវគេមើលឃើញថា ចំនួនយានយន្តក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

បើតាមរបាយការណ៍មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ យានយន្តក្នុងរាជធានីភ្នំពេញ មាន៥០,៨១៤៣គ្រឿង និងទោចក្រយានយន្ត៩៦,៦៣២២គ្រឿង៕ 

 ពាក្យគន្លឹះ  លោកសថេតចរាចរណ៍

ព័ត៌មានផ្សេងទៀត