លោក​មូន ជែ​អ៊ីន៖កូរ៉េខាងជើង​នៅតែ​បើកទ្វារ​សម្រាប់​ការចរចា​ជាមួយ​អាមេរិក​

14-01-2020 11:28 am 348
  ស្តាប់
លោកមូន ជែអ៊ីននៅខាងស្តាំចាប់ដៃលោកគីម ជុងអ៊ុននៅចំពោះមុខលោកដូណាល់ ត្រាំនៅក្នុងជំនួបកាលពីពេលកន្លងទៅ
ស្តាប់ជាសំឡេង

​តម្រុយ​នៃ​ការចរចា បាន​កើតឡើង​ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ផ្ញើ​សំបុត្រ​ជូនពរ​ថ្ងៃ​ខួបកំណើត​របស់លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង​។ លិខិត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ផ្ញើ​ទៅកាន់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន គឺជា​សញ្ញា​ល្អ​ដែល​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់លោក​ក្នុង​ការចរចា​។ នេះ​បើតាម​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅឯ​វិមាន​ប្រធានាធិបតី​Blue House​នា​ថ្ងៃ​អង្គារ​។​

​ក្រោយមក កូរ៉េខាងជើង​បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា បានទទួល​លិខិត​ជូនពរ​របស់លោក​ត្រាំ ហើយ​លោក​គីម​នៅតែ​ពេញចិត្ត​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​លោក​ត្រាំ​។ តែ​យ៉ាងណា លោក​មិន​យក​អារម្មណ៍​ផ្ទាល់ខ្លួន លាយឡំ​ជាមួយ​រឿង​ជាតិ​ឡើយ​។ កូរ៉េខាងជើង​បានបញ្ជាក់​យ៉ាងច្បាស់​ថា ទ្វារ​នៃ​ការសន្ទនា មិន​ត្រូវបាន​បិទ​ទេ ដោយ​ពួកគេ​នឹង​ត្រឡប់​មករក​កិច្ចពិភាក្សា នៅពេលដែល​ការទាមទារ​របស់​ពួកគេ​ត្រូវបាន​ទទួលយក​។ 

​លោក​មូនដែល​ខ្នះខ្នែងត​ភ្ជាប់​ទំនាក់ទំនង​អាមេរិក​-​កូរ៉េ​និយាយថា ការចរចា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ឥឡូវនេះ​មិន​សកម្ម​ទេ ប៉ុន្តែ​មេដឹកនាំ​ទាំងពីរ គឺ​ប្រធានាធិបតី​ត្រាំ​និង​ប្រធានាធិបតី​គីម បន្ត​ទុកចិត្ត​គ្នា​ទៅវិញទៅមក និង​បន្ត​ការខិតខំ​របស់​ពួកគេ​។ យោងទៅតាម​ការអះអាង​បន្ថែម​ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក Robert O’Brien និយាយថា​សហរដ្ឋអាមេរិក នៅតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​ការចរចា​ឡើងវិញ​។​

​គួរ​ជម្រាបជូន​ថា ការចរចា​រវាង​អាមេរិក​និង​កូរ៉េខាងជើង ពាក់ព័ន្ធ​នឹង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​បាន​ជាប់គាំង បន្ទាប់ពី​លោក​ត្រាំ​និង​លោក​គីម ជួបចរចា​ទល់មុខ​គ្នា​២​ដង ដោយនៅ​សិង្ហ​បុរី​ម្តង​និង​នៅ​វៀតណាម​ម្តងទៀត តែ​គ្មាន​លទ្ធផល​។ កូរ៉េខាងជើង​ទាមទារ​ឲ្យ​អាមេរិក បន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ តែ​លោក​ត្រាំ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា នឹងមិន​ធ្វើ​សម្បទាន​អ្វី​ជា​ថ្នូរ​នឹង​ការចរចា​ជាមួយ​កូរ៉េខាងជើង​ឡើយ ពោល​ទណ្ឌកម្ម​នៅតែ​បន្ត​រហូត លុះ​ឃើញ​ផ្ទាល់​ភ្នែក​ថា ទីក្រុង​ព្យុងយ៉ាង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​៕

ព័ត៌មានផ្សេងទៀត