មេបក្សយុវជនកម្ពុជាស្នើសុំចូលរួមស្ដាប់សវនាការសំណុំរឿងលោកកឹមសុខា

13-01-2020 6:14 pm 379

គណបក្សយុវជនកម្ពុជា បានសរសេរលិខិតទៅកាន់លោកតាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យមន្ត្រីរបស់ខ្លួនចូលរួមស្ដាប់ក្នុងការបើកសវនាការជាសាធារណៈ ជំនុំជម្រះលើសំណុំរឿងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២០នេះ។ សូមជម្រាប ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងអំពីបើកសវនាការលើសំណុំរឿងរបស់លោកកឹម សុខា អតីតប្រធានគណបក្សប្រឆាំង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលាដំបូងរាជធានីភ្នំពេញ នៅសាលាសវនាការទី១។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដោយហេតុថាសាលសវនាការនេះ អាចទទួលសាធារណជនចូលរួមស្ដាប់ បានត្រឹមចំនួនប្រមាណជាង៣០នាក់តែប៉ុណ្ណោះ ហើយដើម្បីឲ្យដំណើរការសវនាការប្រព្រឹត្តទៅបានរលូន ធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ សាធារណជនដែលមានបំណងចូលរួមស្ដាប់សវនការនេះ សូមទាក់ទងជាមួយលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះឈ្មោះ និងទទួលយកប័ណ្ណចូលរួមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

លិខិតរបស់គណបក្សយុវជនកម្ពុជា បានសរសេរថា សូមលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រតិភូគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ចំនួន២រូប ចូលរួមស្ដាប់ក្នុងការបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ៤៧៧៧ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះកឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ជាប់ចោទពីបទ”សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលាដំបូងរាជធានីភ្នំពេញ។

លិខិតដដែលបានបញ្ជាក់ថា ក្នុងន័យនេះប្រតិភូគណបក្សយុវជនកម្ពុជា ស្នើចុះឈ្មោះដើម្បីទទួលប័ណ្ណចូលរួមស្ដាប់ ក្នុងការបើកសវនការជាសាធារណៈ នៅសាលាដំបូងរាជធានីភ្នំពេញចំនួន២រូប រួមមាន៖លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ លោកយឹម សេងយាន អគ្គលេខាធិការរងគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោ​បល់៕ 

ព័ត៌មានផ្សេងទៀត