លោក​ត្រាំ​ព្រមាន​អ៊ីរ៉ង់​កុំឲ្យ​សម្លាប់អ្នក​តវ៉ា តែ​ទ្វារ​ចរចា​នៅ​បើក​ស្វាគមន៍​អ៊ីរ៉ង់​

13-01-2020 4:58 pm 446

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​អ៊ីរ៉ង់​កាលពី​ថ្ងៃអាទិត្យ កុំឲ្យ​ប្រើប្រាស់​វិធានការ​បង្ក្រាប ដោយ​ការសម្លាប់​ក្រុមបាតុករ ដែល​បាន​ក្រោក​ឡើង​តវ៉ា​ប្រឆាំងនឹង​របប​នេះ ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល សម្លាប់​មនុស្ស​ទាំងអស់ នៅក្នុង​យន្តហោះ​ចំនួន​១៧៦​នាក់ ភាគច្រើន​ជា​ប្រជាជន​អ៊ីរ៉ង់​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ ដោយ​ផ្ញើ​ទៅកាន់​មេដឹកនាំ​អ៊ីរ៉ង់ ថា​ពិភពលោក ជាពិសេស​អាមេរិក​តែម្តង កំពុង​ឃ្លាំមើល​សកម្មភាព​អ៊ីរ៉ង់​យ៉ាង​ហ្មត់ចត់​បំផុត​។​

​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​នេះដែរ មាន​ការចុះផ្សាយ​លើ​បណ្តាញ​សង្គម​កាលពី​ព្រលប់​ថ្ងៃអាទិត្យ​ថា មាន​ការបាញ់ប្រហា​រលើ​ក្រុមបាតុករ ហើយ​វីដេអូ​ដែល​មិនទាន់​អាច​ផ្ទៀង​ផ្ទាល់​បាន​នោះ ក៏​បង្ហាញ​ពី​ថ្លុកឈាម​ផងដែរ​។ ប៉ុន្តែ​ប្រធាន​ប៉ូលិស​នៅក្នុង​ទី​ក្រុងតេអេ​រ៉ង់ លោក​Hossein Rahimi បាន​បដិសេធ​នៅក្នុង​សេចក្តីថ្លែងការណ៍ នា​ថ្ងៃ​ចន្ទ​នេះ​ថា ប៉ូលិស​នៅក្នុង​ទីក្រុង​មិនបាន​បើក​ការបាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​ទេ​។ លោក​អះអាងថា ប៉ូលិស​ទាំងអស់​ត្រូវបាន​បញ្ជា​ឲ្យ​រក្សា​ការអត់ធ្មត់​ខ្ពស់បំផុត ចំពោះ​ចលនា​តវ៉ា​នេះ​។​

​ជាមួយនឹង​ការព្រមាន​របស់លោក​ត្រា លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​Mark Esper​ឯណេះ​វិញ បាន​ថ្លែងថា ទ្វារ​ចរចា​នៅតែ​បើកចំហ​រង់ចាំ​អ៊ីរ៉ង់​។ លោក Esper​បញ្ជាក់ថា អាមេរិក​មាន​ឆន្ទៈ​សន្ទនា​ជាមួយ​អ៊ីរ៉ង់ ដោយ​គ្មាន​ការកំណត់​លក្ខខណ្ឌ​មុន​ឡើយ ដែលជា​មធ្យោបាយ​ចរចា​មួយ ឆ្ពោះទៅមុខ​និង​ធ្វើឲ្យ​អ៊ីរ៉ង់​ក្លាយជា​ប្រទេស​កាន់​តែសាម​ញ្ញ​។ រីឯ​អ៊ីរ៉ង់ មិនទាន់​ឆ្លើយតប​បែបណា​នៅឡើយ​ទេ តែ​អ៊ីរ៉ង់​ទំនងជា​គ្មាន​ចំណាប់អារម្មណ៍​ទៅលើ​រឿង​នេះឡើយ ដ្បិត​មិនទាន់​បាត់​ខឹង​អាមេរិក ដែល​បានសម្លាប់​មេទ័ព​របស់ខ្លួន​កាលពីពេល​ថ្មីៗ​។ ម្យ៉ាង កន្លងមក​អាមេរិក​ធ្លាប់​ហៅ​អ៊ីរ៉ង់​ដើម្បី​ពិភាក្សា​ដែរ តែ​អ៊ីរ៉ង់​ម្តង​ធ្វើ​ព្រងើយ ម្តង​ប្រកែក និង​ម្តង​ទាមទារ​លក្ខខណ្ឌ​ខ្លះ​មុន​ផ្តើម​ការចរចា​។​

​អាមេរិក​និង​អ៊ីរ៉ង់​បាន​ជួប​ភាព​តានតឹង​នឹង​គ្នា ចាប់តាំងពី​លោក​ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១៨ ហើយ​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច សង្កត់​លើ​អ៊ីរ៉ង់​បន្តបន្ទាប់ ដែល​នៅតែមាន​សុពលភាព​មកទល់​បច្ចុប្បន្ន​។ ទំនាក់ទំនង​ប្រទេស​ទាំងពីរ បាន​ធ្លាក់​ក្នុង​សភាព​កាន់តែ​អាក្រក់​ទៅៗ នៅពេល​លោក​ត្រាំ​បញ្ជា​ឲ្យ​យោធា​អាមេរិក ផ្តាច់ជីវិត​លោក Qasem Soleimani មេទ័ព​ដ៏​លេចធ្លោ​របស់​អ៊ីរ៉ង់ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​សប្តាហ៍​មុន​។ ជាការ​សងសឹក​អ៊ីរ៉ង់ បាន​បាញ់​មី​ស៊ី​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​វិញ មុន​នាំគ្នា​ដកថយ​ម្នាក់​មួយ​ជំ​ហ៊ាន ដើម្បី​បន្ថយ​ភាព​តានតឹង​។ អំឡុងពេល​ស្ថិតក្នុង​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​អាមេរិក ទា​ហ៊ាន​អ៊ីរ៉ង់​ដែល​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ បែរជា​ធ្លោយ​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល​របស់​អ៊ុយ​ក្រែន​មួយគ្រឿង ដែល​ធ្វើឲ្យ​អ៊ីរ៉ង់​រង​សម្ពាធ​ទណ្ឌកម្មប​ន្ថែ​ម​ពី​អាមេរិក​ផង និង​រង​នូវ​សម្ពាធ​នៃ​តវ៉ា​ពី​ប្រជាជន​ខ្លួនឯង ប្រឆាំងនឹង​ការបាញ់​ទម្លាក់​យន្តហោះ ដែល​អ៊ីរ៉ង់​អះ​អា​ថា ជា​កំហុស​អ​ចេតនា​៕

ព័ត៌មានផ្សេងទៀត