ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពអាកាសធាតុក្នុងរដូវប្រាំង និងដើមរដូវវស្សាក្នុងឆ្នាំនេះ

13-01-2020 4:55 pm 172
  ស្តាប់
ស្តាប់ជាសំឡេង

 បន្ទាប់ពីបានធ្វើការតាមដាននិងព្យាករណ៍ លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញអំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២០ ដូចខាងក្រោម ៖

១-បាតុភូតសកល ៖យោងតាមការព្យាករ ស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថានារដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២០នេះ កម្ពុជាទទួលរងឥទ្ធិពលពបាតុភូតអែនសូ ពោលគឺជាបាតុភូតមួយ ដែលស្ថិតនៅចន្លោះបាតុភូត El Nino និង La Nina ស្ថានភាពអាកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២០ នេះមានលក្ខណៈប្រសើរជាង រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០១៩ កន្លងទៅ ។

២- រដូវប្រាំង ៖សីតុណ្ហភាព នៅក្នុងខែមករា : បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាស្ថិតនៅក្នុងរង្វង់២០-២៣ºC និងអតិបរមាស្ថិតក្នុងរង្វង់ ៣០-៣២ ºC តំបន់ទំនាប កណ្តាល សីតុណ្ហភាអប្បបរមាស្ថិតនៅក្នុងរង្វង់២៤-២៦ ºC និងអតិបរមាស្ថិតក្នុងរង្វង់ ៣៣-៣៥ ºC ដោយឡែកសម្រាប់តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២៤-២៦ºCនិងអតិបរមាស្ថិតក្នុងរង្វង់ ៣១-៣៣ ºC ។

ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់ចាប់ពីខែកុម្ភៈ ដល់ចុងខែមីនា ដោយ សីតុណ្ហ- ភាពអតិបរមាមធ្យមអាចកើនឡើងដល់ ៣៤ ºC ទន្ទឹមនោះនៅចុងខែមីនា ក៏អាចចាប់ផ្តើមមានភ្លៀងកក់ខែខ្លះៗនៅតំបន់មាតសមុទ្រ និងតំបន់ទំនាបកណ្តាល ។កម្រិតសីតុណ្ហភាពនឹងកើនឡើងខ្ពស់ នៅខែមេសា : ធាតុអាកាសនឹងមានសភាពក្តៅ ប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ ។

ទន្ទឹមនោះក្នុងខែមេសា អាចមានភ្លៀងកក់ខែ គួរសម តែបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក៏មានច្រើនផងដែរ ។ ៣- ដើមរដូវវស្សា ៖រដូវវស្សាឆ្នាំ ២០២០ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ២ នៃខែឧសភា នៅដើមរដូវស្សារបាយទឹកភ្លៀង អាចមានកម្រិតពីមធ្យមទៅបង្គួរ ។

៤- កូនរដូវប្រាំង ៖កូនរដូវប្រាំង អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី ២ នៃខែកក្កដា ។ ជាមួយគ្នានេះក្រសួងក៏បានក្រើនរំលឹក ដល់ពលរដ្ឋបើទោះបីនៅក្នុងខែមេសា និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនជាឆ្នាំ ២០១៩ តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការ ភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ៕

 

ព័ត៌មានផ្សេងទៀត