ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​ធ្វើឲ្យ​នាយករដ្ឋមន្ត្រី​ធ្លាក់​សម្លេង​គាំទ្រ​យ៉ាង​ខ្លាំង​

13-01-2020 4:01 pm 362

​បើ​យោង​ទៅ​តាម​ការ​ស្ទាបស្ទង់​មតិ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា​នេះ បង្ហាញ​ថា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​Scott Morrison បាន​ធ្លាក់ចុះ​ប្រជាប្រិយ និង​ការគាំទ្រ​យ៉ាងខ្លាំង បន្ទាប់ពី​លោក​មិន​អាច​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ Victoria និង​រដ្ឋ New South Wales បាន​។ ការស្ទង់មតិ​នេះ ត្រូវ​បាន​ឲ្យឈ្មោះ​ថា « Newspoll » បង្ហាញ​ថា​ប្រជាជន​អូស្ត្រាលី​ប្រមាណ ៥៩% មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​លោក Morrison  ស្របពេល​ដែល​ប្រជាជន​ត្រឹមតែ ៣៧%​ប៉ុណ្ណោះ​ដែល​ពេញចិត្ត​នឹង​នាយក​រដ្ឋមន្ត្រី​អភិរក្សនិយម​រូបនេះ​។ 

​ការស្ទង់មតិ​នេះ​បាន​បង្ហាញ​ផង​ដែរ​ថា គណបក្ស​អភិរក្សនិយម​របស់លោក Morrison បាន​ធ្លាក់​សម្លេងគាំទ្រ​ក្រោម​គូប្រជែង​ដែល​ជា​គណបក្សប្រឆាំង​ហើយ​។ ដោយ​ពី​មុន​គណបក្ស​លោក​ធ្លាប់​តែ​ឈ្នះ​លើ​ការបោះឆ្នោត​ក្នុង​លទ្ធផល ៥១ ទល់នឹង ៤៩​សម្លេង​ដែល​ជួយ​ឲ្យ​លោក​ក្លាយជា​នាយក​រដ្ឋមន្ត្រី​មកដល់​សព្វថ្ងៃ​។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​លទ្ធផល​សម្រាប់​អាណត្តិ​បន្ទាប់​នឹង​ដឹង​ច្បាស់​នៅ​ក្នុង​ការបោះឆ្នោត​អំឡុង​ឆ្នាំ​២០២២​ខាងមុខ​។​

​គួរបញ្ជាក់​ថា លោក​Morrison ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​កម្សោយ​នៃ​ការដឹកនាំ​របស់​លោក ដោយ​មិន​អាច​ដោះស្រាយ​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន រហូត​ទុក​ឲ្យ​អូសបន្លាយ​អស់​រយៈពេល​រាប់​ខែ​។ ម្យ៉ាងវិញទៀត​ស្របពេល​ភ្លើង​កំពុង​វាយលុក​លើ​ព្រៃឈើ​ក្នុងប្រទេស បើ​ជា​លោក​Morrison ចំណាយពេល​ដំណើរ​កម្សាន្ត​របស់​ខ្លួន​នៅ​កោះ​ហា​វ៉ៃ​ទៅវិញ​។ លុះ​ក្រោយ​ពី​ទទួលដំណឹង​ថា​ភ្លើង​ឆេះ​ព្រៃ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ទើប​នាយក​រដ្ឋមន្ត្រី​រូបនេះ​បាន​ចុះ​ទៅដល់​តំបន់​រងគ្រោះ ដើម្បី​ពិនិត្យមើល​ការខូចខាត និង​ជនរងគ្រោះ តែ​បែរជា​ត្រូវ​ភ្នាក់ងារ​សង្គ្រោះ និង​ពន្លត់ភ្លើង​ម្នាក់​បដិសេធ​មិន​ព្រម​ចាប់ដៃ​ជាមួយ​លោក​ថែម​ទៀត​។​

​សូម​ជម្រាប​ជូន​ថា ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​ដែល​អូសបន្លាយ​តាំងពី​ឆ្នាំ​២០១៩ រហូតដល់​ឆ្នាំ​២០២០​នេះដែរ បាន​សម្លាប់​មនុស្ស​ប្រមាណ ២៧​នាក់ និង​ឆាបឆេះ​ព្រៃ​ទំហំ​ស្ទើរតែ​ស្មើ​ប្រទេស​កូរ៉េខាងត្បូង​មួយ​ទៅ​ហើយ​។ លើសពី​នេះ​វា​បាន​បង្ក​ជា​ផ្សែង​ពុល​ហ៊ុម​ព័ន្ធ​ទីក្រុង​ស៊ីដនី​ទាំងមូល​៕​

ព័ត៌មានផ្សេងទៀត